ភ្នំពេញ៖ តារា​សម្តែង​ស្រី​វ័យ​ក្មេង​ទើប​តែ​ទទួល​បាន​ឱកាស​ចូល​សម្តែង​ក្នុង​ភាពយន្ត​ដុំ​ខ្នាត​ធំ​លើក​ដំបូង​ យុវតី​ ហុល សាមេនតា បាន​ទាក់​ចិត្ត​អ្នក​ទស្សនា​ជា​ច្រើន​តាមរយៈ​សមត្ថភាព​សម្តែង​អារម្មណ៍​មនោសញ្ចេតនា​ជា​តួ​កម្សត់​ សម្រក់​ទឹក​ភ្នែក​។

ខ្សែ​ភាពយន្ត​ដំបូង​ដែល​កុមារី​រូប​នេះ​បាន​សម្តែង ​គឺ​រឿង​​នាឡិកា​ដាស់​វិញ្ញាណ​ ​របស់​ផលិតកម្ម​ LD Picture បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ ដោយសារ​នាង​បាន​សម្តែង​​ជា​តួអង្គ​សំខាន់​ដែល​​ត្រូវ​ម្តាយ​ចុង​វាយ​ធ្វើ​បាប​ពិតៗ នឹង​មាន​ដាក់​មនោសញ្ចេតនា​​ខ្ពស់ ដែល​មាន​សមត្ថភាព​មិន​ចាញ់​តារា​រៀម​ច្បង​។

កុមារី​ សាមេនតា វ័យ​ ១២ ឆ្នាំ ទើប​តែ​​រៀន​ថ្នាក់​ទី​ ៧ ជា​តារា​សម្តែង​ពន្លក​ក្រោយ​ បាន​ផ្តល់​បទ​សម្ភាស​មក​កាន់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា​៖​ «​រឿង​នេះ​(នាឡិកា​ដាស់​វិញ្ញាណ) គឺ​ជា​រឿង​ដំបូង​ដែល​​ខ្ញុំ​បាន​សម្តែង​។ នៅ​ពេល​ដែល​ផលិតកម្ម​​ LD Picture បាន​ប្រកាស​ជ្រើស​យក​អ្នក​សម្តែង​វ័យ​ក្មេង​ ប៉ា​របស់​ខ្ញុំ ​(លោក​ ណា សៀត ហៅ ជីមមី ស្តាន់) បាន​នាំ​ខ្ញុំ​ទៅ​ធ្វើ​តេស្ត​ ហើយ​ក៏​បាន​ជាប់​»។

គួរ​បញ្ជាក់​ដែរ​ តារា​ស្រី​ដែល​មាន​វ័យ​ទើប​តែ​ ១២ ឆ្នាំ ពូកែ​ខាង​​លេង​ទឹក​មុខ​កម្សត់​ ហុល សាមេនតា ជា​កូន​ស្រី​បង្កើត​របស់​តារា​សម្តែង​ប្រុស​លោក​ ណា​ សៀត ហៅ​ ជីមមី ស្តាន់ ដែល​ទើប​តែ​បោះ​ជំហាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​បាន​រយៈពេល​ ៣ ឆ្នាំ ដោយ​សម្តែង​បាន​ប្រហែល​ជាង​ ៣០ រឿង​ ភាគ​ច្រើន​ត្រូវ​បាន​អ្នក​ដឹកនាំ​ជ្រើស​យក​ធ្វើ​ជា​តួ​ឃាតករ​ផង​ដែរ​។

យុវតី សាមេនតា បាន​បង្ហាញ​ពី​តិចនិក​នៃ​ការ​សម្តែង​ឈុត​សម្រក់​ទឹក​ភ្នែក​ដែរ​ថា​៖​ «​មុន​ពេល​ចូល​ថត​​ខ្ញុំ​ព្យាយាម​ប្រមូល​អារម្មណ៍​កម្សត់ៗ គិត​រឿង​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ចេញ​ទឹក​ភ្នែក​ អ៊ីចឹង​នៅ​ពេល​ដែល​ចូល​ថត​មែន​ទែន​ យើង​ព្យាយាម​ដាក់​អារម្មណ៍​ឲ្យ​ខ្លាំង​ជាង​នេះ​ និង​ស្រែក​យំ​ឲ្យ​ខ្លាំងៗ​ ទឹក​ភ្នែក​ក៏​ហូរ​មក​ហើយ​»។

ក្រៅ​ពី​ការងារ​នៅ​ក្នុង​វិស័យ​សិល្បៈ​​អាជីព​ជា​អ្នក​សម្តែង​ ហុល សាមេនតា​ ក៏​មាន​បំណង​ចង់​ក្លាយ​ទៅ​ជា​អ្នក​រាំ​អាជីព​មួយ​រូប​ដែរ ដែល​សព្វ​ថ្ងៃ​កុមារី​រូប​នេះ​ ឆ្លៀត​ក្នុង​ការ​ហាត់​សម​ជាមួយ​មិត្តភក្តិ​ពេល​ម៉ោង​សម្រាក​ពី​ការ​សិក្សា​ ដោយ​បញ្ជាក់​ថា​ មិន​ទាន់​មាន​ពេល​ចូល​សាលា​បង្រៀន​រាំ​នោះ​​ទេ​។

ទន្ទឹម​នឹង​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ក្នុង​កុន​ដំបូង ​ដែល​បាន​សម្តែង​ទទួល​​បាន​ការ​គាំទ្រ​ពី​អ្នក​ទស្សនា​ និង​មាន​ការ​សរសើរ​មិន​ដាច់​ពី​មាត់​​ កុមារី​ ហុល សាមេនតា ក៏​បាន​បង្ហើប​ពី​អារម្មណ៍​ស្តាយ​ការ​សិក្សា​ដូច្នេះ​ដែរ​ថា​៖​ «​ពេល​ជាប់​ការ​ធ្វើ​តេស្ត​ហើយ​ខ្ញុំ​ត្រូវ​ទៅ​សម្តែង​រយៈពេល​ ១ ខែ អ៊ីចឹង​ខ្ញុំ​មិន​បាន​ទៅ​រៀន​អស់​​​ពេល​ ១ ខែ​ពេញ​ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ថា​ ផ្អាក​ទទួល​ការ​ថត​សិន​ រហូត​ដល់​ខ្ញុំ​រៀន​ចប់​ទើប​ទទួល​វិញ។ ពេល​នេះ​ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​ការ​សិក្សា​សិន ព្រោះ​ថា​ ខ្ញុំ​ក៏​​ត្រូវ​រៀន​ភាសា​ចិន​ផង​ដែរ​​​»៕