ក្រុង​ស្ដុក​ខូ​លម៍: ឈី​ស​ញាត់​ដង្កូវ ទឹក​កែវភ្នែក​សត្វ​ចៀម សត្វ​រពីង​រោម​ខ្មៅ និង​ស្រា​កណ្ដុរ «សារមន្ទីរ​ម្ហូប​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម» បង្ហាញ​ពី​ដំណើរ​ទំនង ដែល​មុខម្ហូប​នេះ​មាន​ឱជា​រស​ឆ្ងាញ់​សម្រាប់​បុគ្គល​ខ្លះ តែ​វា​ក៏​គួរ​ឲ្យ​រអើម​ចំពោះ​អ្នក​ខ្លះ​ទៀត​ដែរ។

ជាមួយ​ការតាំង​បង្ហាញ​រយៈពេល ៣ ខែ​នៅ​ទីសត្តឃាត​ចាស់​មួយ​ក្នុង​ទីក្រុង​ចំណាស់​ម៉ាល់ម៉ូ របស់​ប្រទេស​ស៊ុយអែត ពិព័រណ៍​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សាមូអែល វេស (Samuel West) ជា​អ្នក​មាន​បទពិសោធ​រៀប​ចំ ពិព័រណ៍​ប្លែកៗ​ដូចជា «សារមន្ទីរ​នៃ​ការ​បរាជ័យ» កាល​ពី​ពេល​កន្លង​មក។

តាមរយៈ​ពិព័រណ៍​ម្ហូបអាហារ​ដ៏​រអើម​នេះ លោក​បាន​សន្យាថា​នឹង​ផ្ដល់​ភាព​រំជើបរំជួល​ដល់​អ្នក​ទស្សនា ដោយ​សារមន្ទីរ​ក៏មាន​ត្រៀម​ថង់​សម្រាប់​អ្នក​ទប់​អាការ​ក្អួត​ផង​ដែរ។

អ្នកខ្លះ​ញ៉ាំ​រពីង​​ឆ្ងាញ់ ឯ​ខ្លះទៀតថា​ វា​ជា​ម្ហូប​​គួរឲ្យ​រអើម​​។ AFP

នាយក​សារមន្ទីរ Andreas Ahrens បាន​និយាយថា៖ «ការ​ខ្ពើមរអើម​រមែង​ជា​ប្រធាន​បទ​រសើប ពី​ព្រោះ​វា​ជា​អ្វី ដែល​យើង​ជួប​ប្រទះ។ វា​ជា​ការ​អប់រំ​មួយ​បែប។ បើ​យើង​ជួប​បទពិសោធ​ញឹក​ញយ ឬក៏​យើង​ធ្លាប់​ញ៉ាំ​របស់​នោះ​តាំង​ពី​តូច នោះ​យើង​លែង​ខ្ទើម​វា​ទៀត​ហើយ តែ​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់ គេ​ច្បាស់​ជា​មិន​អាច​ទ្រាំ​បាន​ឡើយ»។

មុខម្ហូប​ជាច្រើន​ត្រូវបាន​រៀបចំឡើងថ្មីៗ ហើយ​ភ្ញៀវ​ត្រូវបាន​លើក​ទឹក​ចិ​ត្ដ​ឲ្យ​ភ្លក្ស​លេង បុគ្គលិក​សារមន្ទីរ​នឹង​ជួយ​ជំរុញ​ដោយ​ធានា​ថា គ្មាន​នរណា​ម្នាក់​ចាក​ចេញ​ដោយ​មិន​បាន​ភ្លក្ស​នោះ​ទេ។

លោក អាដាម អេ​លី​សុន កម្មករ​រោងចក្រ​អាយុ ២៤ ឆ្នាំ បាន​សារភាពថា៖ «នោះ​ជា​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ថា ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន។ ជាទូទៅ ខ្ញុំ​រើស​ចំណី​ណាស់។ ខ្ញុំ​ទទួល​ទាន​តិច​បំផុត តែ​នៅ​ទីនេះ ខ្ញុំ​ត្រូវ​ភ្លក្ស​គ្រប់​មុខ ហើយ​ខ្ញុំ​មិន​ខ្ជាក់​ចោល​ឡើយ»។

ស្រា​ត្រាំ​កូន​​កណ្ដុរ ដែល​​ធ្វើឲ្យ​អ្នក​ទស្សនា​ខ្លាច​រអើម។ AFP

យ៉ាងណាមិញ មុខម្ហូប​ខ្លះ ដូចជា ស៊ុប​អណ្ដើក និង​ស៊ុប​ប្រចៀវ ខ​ក្បាល​ចៀម និង​ស្រា​កូន​កណ្ដុរ នៅ​តែ​មិន​សូវ​មាន​អ្នក​ហ៊ាន​ភ្លក្ស​ឡើយ។

អាហារ​ដែល​នៅ​ថ្មីស្រស់ៗ ដូចជា ឈី​ស ត្រូវបាន​រក្សាទុក​ក្នុង​ទូទឹកកក​ពី ៣ ទៅ ៤ ថ្ងៃ​មុន​ពេល​បោះ​ចោល រពីង​រោម​ខ្មៅ​នៅ​លើ​ចាន និង​កំប៉ុង​ត្រាំ​ឈាម និង​គ្រាប់​ភ្នែក​សត្វ​បើក​ក្រឡោត​គួរ​ឲ្យ​ខ្លាច។

ពេល​ពិព័រណ៍​នេះ​ចប់​នៅ​ថ្ងៃទី ២៧ ខែមករា នៅ​ស៊ុយអែត ទាំង Ahrens និង West រំពឹង​ថា នឹង​បន្ដ​ទៅ​រៀបចំ​ព្រឹត្ដិការណ៍​នេះ​នៅ​តាម​បណ្ដា​ទីក្រុង​នានា​ក្នុង​តំបន់​អឺរ៉ុប និង​ជុំវិញ​ពិភពលោក៕