ក្រុងសិង្ហបុរី: អណ្ដើក​ទឹក និង​អណ្ដើក​គោក​រួមទាំង​អម្បូរ​កម្រ​ជិត​ផុត​ពូជ​នានា ប្រឈម​នឹង​ជោគវាសនា​ស្រពេចស្រពិល​ក្រោយពី​ដែន​ជម្រក​នៅ​ទឹកដី​សិង្ហបុរី​របស់​ពួកវា ដែល​គ្រង​កំណត់ត្រា​ឯតទគ្គកម្ម​ហ្គីនណេស​ពិភពលោក​ត្រូវ​បាន​បង្ខំ​ផ្លាស់ប្ដូរ​លំនៅ​ដោយសារ​គម្រោង​អភិវឌ្ឍ​ឡើងវិញ​របស់​រដ្ឋាភិបាល​។

នៅ​រជ្ជកាល​រុងរឿង​របស់​ពួកវា អណ្ដើក​ទាំងនោះ​មាន​ចំនួន​ប្រមាណ ១ ពាន់​ក្បាល​រស់នៅ​ក្នុង​សារមន្ទីរ​ The Live Turtle and Tortoise Museum ដែល​បើក​សម្ពោធ​ក្នុង​ឆ្នាំ​ ២០០១ នៅ​តំបន់​ទេសចរណ៍​ពេញនិយម Chinese Gardens​។

ខណៈ​នៅលើ​អនឡាញ​មាន​មតិ​រិះគន់​ជាច្រើន​ជុំវិញ​ការចិញ្ចឹម​សត្វ​ល្មូន​ទាំងនោះ​ក្នុង​ស្ថានភាព​បែបនេះ​ក្រុម​អាជ្ញាធរ​បាន​សម្រេចចិត្ដ​អភិវឌ្ឍ​លើ​ទីតាំង​នេះ​ឡើង​វិញ និង​ជម្លៀស​ហ្វូង​សត្វ​ទាំងនោះ​ចេញ​ដែល​ធ្វើឲ្យ​ម្ចាស់​របស់​ពួកវា​ឈ្មោះ ខូននី តាន់ ស្វះស្វែង​រក​ថវិកា និង​ទីតាំង​ថ្មី​។

អ្នកស្រី តាន់ និង​សត្វ​អណ្ដើក​នៅ​សារមន្ទីរ​បន្សល់​ពី​ឪពុក​អ្នកស្រី​។ រូបថត AFP

អ្នកស្រី តាន់ ដែល​ឪពុក​របស់​អ្នកស្រី​បាន​បង្កើត​សារមន្ទីរ​នេះ​ពី​ដំបូង រហូត​ដល់​បាន​គ្រង​កំណត់ត្រា​ពិភពលោក​ចំពោះ​ការប្រមែប្រមូល​វត្ថុ​ស្ដីពី​ពពួក​អណ្ដើក​ច្រើន​បំផុត​បាន​និយាយថា​៖ «​ខ្ញុំ​បាន​ពលិកម្ម​ច្រើន​ចំពោះ​កិច្ចការ​នេះ ហើយ​វា​ក៏​ពិបាក​ខ្លាំង​ណាស់​ដែរ​។ ការចំណាយ​បង់ថ្លៃ​ប្រាក់​សិក្សា​សាកលវិទ្យាល័យ​របស់​កូនប្រុស​ខ្ញុំ​ត្រូវ​បង្វែរ​មក​ប្រើ​ក្នុង​ការថែទាំ​សារមន្ទីរ​នេះ​»​។

អ្នកស្រី​បាន​ចំណាយ​ប្រាក់ ២៥ ម៉ឺន​ដុល្លារ​សិង្ហបុរី (១៨៥០០០ ដុល្លារ​) លើ​ទីតាំង​ថ្មី តែ​សម្រាប់​ធានា​កិច្ចសន្យា​ត្រឹម​រយៈពេល ២ ​ឆ្នាំ ខណៈ​មូលនិធិ​ទ្រទ្រង់​សារមន្ទីរ​កាន់តែ​ខើច​ខ្លី​។ នេះ​ជា​ស្ថានភាព​បង្ក​ក្ដីបារម្ភ​យ៉ាងខ្លាំង​អំពី​អនាគត​វែងឆ្ងាយ​របស់​ហ្វូង​អណ្ដើក​ទាំងនោះ​។

អ្នកស្រី តាន់ ពិបាក​នឹង​រុញច្រាន​សារមន្ទីរ​អណ្ដើក​នេះ​ឲ្យ​បន្ដ​ដើរទៅ​មុខ ទោះបី​ជា​ស្វះស្វែងរក​ជំនួយ​ពី​លោក​នាយករដ្ឋមន្ដ្រី លី សៀនឡុង លើ​បណ្ដាញ​សង្គម​។

ការប្រមែប្រមូល​សត្វ​ទាំងនេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ក្រុមគ្រួសារ​ត្រកូល តាន់ ជាង ៤០ ឆ្នាំ​។ សត្វល្មូន​ជាច្រើន​ជា​សត្វ​ចិញ្ចឹម​ដែល​ត្រូវ​បាន​សង្គ្រោះ​ក្រោយពី​ម្ចាស់​ពួកវា​បោះបង់ចោល​៕ HR