ភ្នំពេញៈ ក្នុង​ឯកសណ្ឋាន​ពណ៌​លឿង ដៃ​អាវ​ម្ខាង​មាន​ទង់ជាតិ​កម្ពុជា និង​ម្ខាង​ទៀត​រូប​ទង់ជាតិ​ជប៉ុន កុមារា​កុមារី​បាន​បង្ហាញ​កាយវិការ​រវៀសរវៃ​ចាប់​កាន់​ក្ដារ​ក្បួន​គិត​លេខ និង​ស្ដាប់​ការណែនាំ​ពី​អ្នកគ្រូ​និយាយ​ភាសា​ជប៉ុន​យ៉ាង​យក​ចិត្ត​ទុកដាក់​នៅ​សាលារៀន​កម្រិត​ស្ដង់ដា​ដែល​ល្បី​បង្រៀន​សិស្ស​មិន​គិត​ថ្លៃ​។

នេះ​ជា​សកម្មភាព​សិក្សា​នៅ​សាលា CIESF Leaders Academy ហៅ​កាត់​ថា CLA ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ២០១៦ ដោយ​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា ស៊ីសេហ្វ (CIESF) ជា​អង្គការ​របស់​ជប៉ុន​ក្នុង​គោលបំណង​បណ្តុះបណ្តាល​កុមារ​ឲ្យ​មាន​ភាពរឹងមាំ និង​ឆ្លាតវៃ​អាច​ក្លាយ​ជា​អ្នកដឹកនាំ​ ១ ​រូប​នៅ​ថ្ងៃ​អនាគត​។

សាលា​មាន​អគារ ២ ខ្នង​មាន​បន្ទប់​រៀន​ចំនួន ១៥ ចាប់ពី​ថ្នាក់​មតេ្តយ្យ​សិក្សា​ដល់​អនុវិទ្យាល័យ​ដែល​បច្ចុប្បន្ន​មាន​គ្រូ​ជនជាតិ​ជប៉ុន ២ នាក់ និង​ជំនួយ​ការបង្រៀន និង​មើលថែ​សិស្ស​ចំនួន ៨៥ នាក់​ដោយ​ក្នុង​នោះ​ភាគច្រើន​ជា​កុមារា​។

លោកនាយក​សាលា CLA គីយ៉ូមី​។ ហេង ជីវ័ន

លោក គីយ៉ូមី ដូអ៊ី (Kiyomi Doi) វ័យ ៥៩ ​ឆ្នាំ​ជា​នាយក​សាលា​ភាព​ជា​អ្នកដឹកនាំ CLA បាន​រៀបរាប់​មក​ភ្នំពេញ ប៉ុស្តិ៍ ជា​ភាសា​ជប៉ុន​ដោយ​មាន​លោក ស៊ុន រតនៈ ជា​អ្នក​បកប្រែ​ថា​៖ «​កាលពី ១២ ឆ្នាំ​មុន​អ្នក​គ្រប់គ្រង​ធំ​នៃ​មូលនិធិ CIESF ដែល​មាន​ឈ្មោះ​ថា អូគូបូ ហ៊ីដេអូ (OKUBO Hideo) គាត់​បាន​មក​លេង​លើក​ដំបូង​ជាមួយ​មិត្តភក្តិ​ធម្មតា​ដោយ​មិន​បាន​ដឹង​ពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​យ៉ាង​ណា​នោះ​ទេ​»​។

នាយក​សាលា​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖ «​ប៉ុន្តែ​នៅពេល​ដែល​គាត់​បាន​ឃើញ​ថា កម្ពុជា​មិន​ទាន់​មាន​ការអភិវឌ្ឍ​ខ្លាំង និង​ការអប់រំ​នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​គាត់​ក៏​បាន​គិត​ថា តើ​ខ្ញុំ​អាច​ជួយ​ប្រទេស​នេះ​យ៉ាង​ម៉េច​កើត ដើម្បី​ឲ្យ​ប្រទេស​នេះ​រីកចម្រើន​ដូច​ប្រទេស​ដទៃ​ដែរ​។ អ៊ីចឹង​ហើយ​គាត់​ក៏​បាន​គិត​ទៀត​ថា មាន​តែ​វិស័យ​អប់រំ​តែ​ប៉ុណ្ណោះ ដែល​អាច​ជួយ​ដល់​ប្រជាជន​កម្ពុជា​បាន​»​។

ចំពោះ​ការដាក់​ពាក្យ​ចូល​រៀន​ជំហាន​ទី​ ១ អាណាព្យាបាល​សិស្ស​ត្រូវ​មាន​រូបថត​កុមារ រូបថត​សមាជិក​គ្រួសារ​ទាំង​មូល សៀវភៅ​គ្រួសារ សំបុត្រ​កំណើត​កុមារ និង​សៀវភៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​របស់​កុមារ​ភ្ជាប់​នឹង​លិខិត​ដាក់​ពាក្យ​ដែល​ខាង​សាលា​នឹង​ធ្វើការ​ចែក​ជូន​នៅពេល​ធ្វើ​បទបង្ហាញ​អំពី​ការសិក្សា​នៅ​ថ្ងៃ​ទី​ ១៥-១៧ ខែ​កក្កដា​ខាង​មុខ​នេះ​។

ជំហាន​ទី​ ២ អាណាព្យាបាល​សិស្ស​ត្រូវ​ធ្វើការ​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​នៅក្នុង​សាលា​ផ្ទាល់​អំពី​គោលបំណង​ក្នុង​ការមាន​ចំណាប់​អារម្មណ៍​ឲ្យ​កូន​មក​ទទួល​ការអប់រំ​នៅ​សាលាបង្រៀន​ភាសា​ជប៉ុន​។

សិស្ស​ចាប់​កាន់​ក្ដារ​គិត​លេខ និង​ស្ដាប់​ការណែនាំ​ជា​ភាសា​ជប៉ុន​។ ហេង ជីវ័ន

ជំហាន​ចុងក្រោយ​សាលា​នឹង​ពិនិត្យ​មើល​ទីតាំង​ផ្ទះ​របស់​សិស្ស និង​ការងារ​សមាជិក​ក្នុង​គ្រួសារ ថា​មាន​សមាជិក​ណា​មួយ​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​អង្គការ​ជប៉ុន ឬ​ធ្លាប់​បាន​រៀន​នៅ​សាលា​ជប៉ុន​ពី​មុន​មក​ដែល​ជា​អាទិភាព​ក្នុង​ការដាក់ពាក្យ​ចូល​រៀន​។

អាណាព្យាបាល​សិស្ស​ត្រូវ​បាន​ស្នើសុំ​ជា​វិភាគទាន​ចំនួន ៤០ ​ដុល្លារ​ចំពោះ​សិស្ស​ម្នាក់​ក្នុង ១ ​ខែ​ទុក​សម្រាប់​ចំណាយ​ទៅ​លើ​អាហារសម្រន់ ផ្លែឈើ ទឹកដោះគោ និង​អាហារសម្រន់​។ ការចំណាយ​ទៅ​លើ​ឯកសណ្ឋាន​សិស្ស សាលា​ជា​អ្នក​ផ្តល់​ជូន​រួម​ជាមួយ​សម្ភារ​សិក្សា​ទាំងអស់ និង​មាន​ដំណើរ​កម្សាន្ត​តាម​សួន​ផ្សេងៗ​ក្នុង​ ១ ​ឆ្នាំ​ម្តង​។

លោក កឹម វិសេស វ័យ ៤៧ ឆ្នាំ​ជា​អាណាព្យាបាល​សិស្ស​មាន​លំនៅ​សង្កាត់​ភ្នំពេញ​ថ្មី​បាន​ថ្លែង​មក ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​កូន​ខ្ញុំ​បាន​រៀន​នៅ​ទី​នេះ​បាន ៣ ​ឆ្នាំ​មក​ហើយ​តាំងពី​សាលា​ចាស់​នៅ​ទួលគោក ព្រោះ​សាលា​ទើប​តែ​ប្តូរ​មក​ទីតាំង​ថ្មី​នេះ​។ ខ្ញុំ​យល់​ថា​សាលា​នេះ​មាន​ការអប់រំ​ល្អ កូន​ខ្ញុំ​រាង​ប្លែក​ច្រើន​ព្រោះ​ថា ក្មេង​នៅ​ពេល​បាន​ទទួល​ការអប់រំ​តាំងពី​អាយុ ២ ​ឆ្នាំ​អ៊ីចឹង ក្មេង​ចេះ​ធ្វើ​អ្វីៗ​ដោយ​ខ្លួនឯង​បាន​ហើយ​គេ​ចេះ​ស្តាប់​ប៉ាម៉ាក់ និង​បងៗ​គេ​គឺ​គេ​ស្តាប់​ទាំងអស់​»​។

ក្រៅពី​មុខវិជ្ជា​សិក្សា​ទូទៅ​ក៏​មាន​ការបង្រៀន​កីឡា និង​តន្ត្រី​ដែរ​។ ហេង ជីវ័ន

កម្មវិធី​សិក្សា​នៅ​សាលា CLA មាន​ភាសា​ខ្មែរ ប្រវត្តិសាស្ត្រ សិក្សា សង្គម វិទ្យាសាស្ត្រ គណិតវិទ្យា កីឡា តន្ត្រី ដោយ​ស្រប​តាម​កម្មវិធីសិក្សា​ប្រទេស​ ជប៉ុន​។ សិស្ស​មត្តេយ្យ​សិក្សា​រហូត​ដល់​ថ្នាក់​ទី​​ ២ ផ្តោត​ទៅ​លើ​តែ​ភាសា​ខ្មែរ និង​ជប៉ុន​តែ​ប៉ុណ្ណោះ​ដោយ​ភាសា​អង់គ្លេស​នឹង​បញ្ចូល​នៅ​ថ្នាក់​ទី ៣​។

លោក​នាយក​សាលា គីយ៉ូមី ដូអ៊ី បាន​បន្ថែម​ទៀត​ថា​៖ «​សិស្ស​ដែល​រៀន​ចប់​ទី​ ៩ ហើយ​អាច​បន្ត​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​កម្ពុជា​បាន ហើយ​បើ​សិន​ជា​សិស្ស​នោះ​មាន​សមត្ថភាព រៀន​ពូកែ​ក៏​អាច​ទៅ​រៀន​បន្ត​នៅ​ប្រទេស​ជប៉ុន​បាន​នៅ​ថ្នាក់​បរិញ្ញាបត្រ​»​។

បច្ចុប្បន្ន​នេះ​សាលា CLA មិន​ទាន់​មាន​គម្រោង​ពង្រីក​សាខា​បន្ថែម​ទៀត​ទេ​នៅ​កម្ពុជា ប៉ុន្តែ​នឹង​មាន​គម្រោង​បង្កើត​សាលា​នៅ​ប្រទេស​ផ្សេង​ទៀត​ក្រោយពី​ពង្រឹង​ការអប់រំ​នៅ​សាលា​សាខា​ដំបូង​ឲ្យ​មាន​លំនឹង​សិន​៕

បច្ចុប្បន្ន​សាលា​មាន​អគារ ២ ​ខ្នង និង​មាន​ចំនួន ​១៥ បន្ទប់​សិក្សា​។ហេង ជីវ័ន

វីដេអូ