ព្រះសីហនុ៖ «សាលា​រៀន​ជា​​ឧបករណ៍ និង​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ឲ្យ​​ជីវិត​ប្រសើរ​ឡើង ហើយ​ការ​អប់រំ​អាស្រ័យ​​លើ​ចិត្ត​បេះដូង​»។ នេះ​ជា​សម្ដី​លោក​ឪពុក​​សាសនា​កាតូលិក ចន បូស្កូ ជា​អ្នក​ផ្ដល់​ការ​អប់រំ និង​អ្នក​និពន្ធ​ជនជាតិ​អ៊ីតាលី​​នា​សតវត្សរ៍ទី ១៩។ ទស្សនៈ​របស់​លោក​ត្រូវ​បាន​បន្ត​​​ប្រណិប័តន៍​នៅ​តាម​បណ្ដា​សាលា ដុន បូស្កូ ជុំវិញ​ពិភព​លោក រួម​ទាំង​សាលា​បច្ចេកទេស ​ដុន បូស្កូ​ ខេត្ត​ព្រះសីហនុ​ផង​ដែរ។

ស្ថិត​លើ​ផ្ទៃ​ដី​ទំហំ​ ៨ ហិកតា​ និង​មាន​ ១៣ អគារ​ សាលា ​ដុន បូស្កូ នៅ​ទឹកដី​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា មាន​ថ្នាក់​រៀន រោង​ជាង​អនុវត្តន៍ ​តារាង​បាល់ទាត់ ​បាល់​​ទះ បាល់​បោះ​សម្រាប់​ការ​លេង​កីឡា​កម្សាន្ត​ និង​មាន​ការ​ប្រកួត​គ្នា​រវាង​សិស្ស​​​រួមមាន​​ទាំង​សណ្ឋាគារ​មួយ​​ជា​ទី​ផ្តល់​ចំណេះ​ដឹង​ដល់​​យុវជន យុវតី​សិក្សា​ផ្នែក​នោះ​ផង​ដែរ។

នាយក​នៃ​សាលា​បច្ចេកទេស ​ដុន ​បូស្កូ​ ខេត្ត​ព្រះសីហនុ​ ដែល​ជា​អតីត​សិស្ស​ផ្នែក​ទំនាក់​ទំនង​សង្គម​ នៃ​សាលា​បច្ចេកទេស ​ដុន​ បូស្កូ​ ​លោក​ អ៊ូច សំបូរ បាន​ប្រាប់​ ​ភ្នំពេញ​ ប៉ុស្តិ៍​ ថា៖​ «​សាលា​បច្ចេកទេស ​ដុន​ បូ​ស្កូ ​ខេត្ត​កំពង់​សោម​បាន​ដំណើរការ​អស់​រយៈពេល​ ២០ ឆ្នាំ​ហើយ។ សម្រាប់​នៅ​កម្ពុជា​សាលា​បច្ចេកទេស ​ដុន ​បូស្កូ​ មាន​នៅ​ទីក្រុង​ភ្នំពេញ​ ខេត្ត​កែប​ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយ​មានជ័យ​ក្នុង​ក្រុង​ប៉ោយប៉ែត​ រួម​ទាំង​មាន​ ១៣១ ប្រទេស​នៅ​លើ​ពិភព​លោក​»​។

លោក​​បាន​បន្ថែម​ទៀត​ថា​៖ ​«​លោក​ពុក ដុន​ បូស្កូ ឬ​ ចន បូស្កូ ​ដែល​ជា​ជនជាតិ​អ៊ីតាលី​ បាន​បង្កើត​សាលា ​ដុន ​បូស្កូ ​នេះ​ឡើង​ ដោយសារ​គាត់​ចង់​ជួយ​យុវជន​យុវនារី​ក្រីក្រ​ឲ្យ​មាន​ចំណេះ​ដឹង​ និង​ជំនាញ​ពិត​ប្រាកដ​មួយ​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ជំនាញ​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​សង្គម​ ជា​ពិសេស​ជួយ​ដល់​គ្រួសារ​ពួក​គេ​ផង​ដែរ​»​។

លោក សំបូរ នាយក​សាលាបច្ចេកទេស ដុន បូស្កូ ខេត្ត​ព្រះសីហនុ​​។ រូបថត សហ​ការី

ការ​ដាក់​ពាក្យ​ចូល​សិក្សា​បេក្ខជន​ត្រូវ​​ឆ្លង​កាត់​ការ​ពិនិត្យ​ពាក្យ និង​​​សម្ភាស​​​រវាង​សិស្ស​ អាណា​ព្យាបាល ​ជាមួយ​គណៈ​គ្រប់គ្រង​សាលា​។ សិស្ស​ក៏​ត្រូវ​ឆ្លង​កាត់​​តេស្ត​លើ​​​​វិញ្ញាសា​មាន​ ៤ មុខ​ ដូច​ជា​ ភាសា​អង់គ្លេស គណិត​វិទ្យា​ វប្បធម៌​ទូទៅ និង​គំនូរ​ល្បង​ប្រាជ្ញា​។

សិស្ស​ដែល​ត្រូវ​បាន​ជ្រើសរើស អាច​​​សម្រេច​ចិត្ត​​​ស្នាក់​នៅ​ខាង​ក្នុង​សាលា​ និង​ខាង​ក្រៅ​សាលា​ ជាមួយ​អត្ថប្រយោជន៍​ដូច​គ្នា​។ សិស្ស​ស្នាក់​ខាង​ក្នុង​សាលា​ទទួល​បាន​អាហារ ​៣ ​ពេល និង​ដំណើរ​កម្សាន្ត ​១ ឆ្នាំ​ម្ដង​ ឬ ​២ ដង​។ សិស្ស​​​​មិន​ត្រូវ​ចេញ​​ពី​បរិវេណ​សាលា​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​គណៈ​គ្រប់គ្រង​សាលា ​មិន​ត្រូវ​​ពាក់​គ្រឿង​អលង្ការ​ ឬ​យក​ទូរស័ព្ទ​ចូល​ក្នុង​បរិវេណ​សាលា​ឡើយ។ សិស្ស​ក៏​ត្រូវ​គោរព​ពេលវេលា​ក្នុង​ការ​ចូល​ព្រះវិហារ​​ថ្វាយ​បង្គំ​ព្រះ​ កាល​វិភាគ​​​រៀន​ជុំ​គ្នា​ វេន​សម្អាត​ជា​ក្រុម​ និង​ការ​ទទួល​ខុស​ត្រូវ​ការងារ​ក្រុម​ផង​ដែរ​​។

សាលា​បច្ចេកទេស ​ដុន ​បូស្កូ បាន​ផ្តល់​​ការ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ជាប់​ ឬ​ធ្លាក់​មធ្យម​សិក្សា​ទុតិយភូមិ ​រយៈពេល​ ២ ឆ្នាំ​​ ដែល​បាន​ផ្តល់​ចំណេះ​ដឹង​​ទៅ​លើ​​​ជំនាញ​អគ្គិសនី ផ្នែក​យន្តសាស្រ្ត​រថយន្ត ផ្នែក​យន្តសាស្ត្រ​ទូទៅ ផ្នែក​លេខាធិការ​ និង​សណ្ឋាគារ។

ក្រៅពីសិក្សាទ្រឹស្ដី សិស្ស​ចុះអនុវត្ត​ធ្វើកិច្ចការ​ដោយ​ផ្ទាល់​​។ រូបថត សហ​ការី

បច្ចុប្បន្ន​សាលា​មាន​សិស្ស​សរុប​ចំនួន​ ៣៣៧ នាក់ ​ទាំង​និស្សិត​ឆ្នាំ​ទី ​១ ​ក្នុង​ឯកសណ្ឋាន​ពណ៌​ផ្កាឈូក ​និង​ឆ្នាំ​ទី ​២ ស្លៀក​ពណ៌​ផ្ទៃមេឃ ដោយ​សិក្សា​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​ ដែល​ម៉ោង​សិក្សា​ចាប់​ពី​ ៧:៣០ នាទី​​​ព្រឹក ​ដល់ ៤:៣០ ​​នាទី​ល្ងាច​​​។

តាមរយៈ​ជំនួយ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​លើ​ពិភព​លោក​មាន​​​ ​សហរដ្ឋ​​អាមេរិក​ អាល្លឺម៉ង់ ហូឡង់ អ៊ីតាលី អូស្ត្រាលី និង​ហុងកុង សាលា​បច្ចេកទេស ​ដុន​ បូស្កូ បាន​ដំណើរការ​រយៈពេល​ ២០ ឆ្នាំ ដោយ​បណ្តុះបណ្តាល​សិស្ស​បាន​ ១៨ ជំនាន់​ ​​ចំនួន​ ៥ ៦៥១ នាក់​មក​ហើយ​។

នាយក​សាលា​ ដែល​ធ្លាប់​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​ក្នុង​សាលា​បច្ចេកទេស ​ដុន ​បូស្កូ រយៈពេល​​ ៤ ឆ្នាំ និង​ជា​នាយក​រង​សាលា​ ២ ​ឆ្នាំ ទើប​ឡើង​តំណែង​ជា​នាយក​សាលា​បាន​ ៤ ឆ្នាំ​ នេះ​បាន​រៀបរាប់​ដូច្នេះ​ដែរ​ថា​៖​ «​សាលា​យើង ​គឺ​ជា​សាលា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ អ៊ីចឹង​ពី​មុន​មក ​គឺ​យើង​ផ្តល់​ការ​សិក្សា​ដល់​សិស្សានុសិស្ស​ដោយ​ឥត​គិត​ថ្លៃ​ បន្ទាប់​មក​ដោយសារ​យើង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​មាន​ការ​ផ្តាច់​ជំនួយ​ពី​ម្ចាស់​ជំនួយ​ខ្លះ​ អ៊ីចឹង​យើង​ក៏​សុំ​ឲ្យ​សិស្ស​បង់​ជា​វិភាគទាន​ក្នុង​ ១ ឆ្នាំ ២០០ ដុល្លារ​ ហើយ​យើង​ក៏​បាន​ផ្តល់​ជា​ឯកសណ្ឋាន​ ខោអាវ​រោង​ជាង​ ស្រោម​ជើង និង​ស្បែក​ជើង​ផង​ដែរ​»​។

ក្នុង​ចំណោម​សិស្ស​បញ្ចប់​ការ​សិក្សា ​​ពី​សាលា ​៩៥ ភាគរយ ​ទទួល​បាន​ការងារ​ ៣ ភាគរយ ​ជ្រើសរើស​ការ​សិក្សា​បន្ត​ទៀត​ និង​ ២ ភាគរយ ​បាន​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​។

សិស្ស​ជំនាញ​ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច​​។ រូបថត សហ​ការី

លោក អ៊ូច សំបូរ បាន​បញ្ជាក់​ថា៖ «សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ ខាង​សាលា​ក៏​បាន​ស្វែងរក​ស្ថាប័ន​ណា​មួយ​ ដើម្បី​ឲ្យ​និស្សិត​បាន​ចូល​បម្រើ​ការងារ​ផង​ដែរ ហើយ​ម្ចាស់​ស្ថាប័ន​នីមួយៗ​តែងតែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​និស្សិត​ដែល​បាន​ចេញ​ពី​សាលា​បច្ចេកទេស ​ដុន ​បូស្កូ យើង​ជា​និច្ច​»​។

ទន្ទឹម​នឹង​ភាព​ជោគជ័យ​នៃ​ការ​បញ្ចប់​សិក្សា​របស់​និស្សិត​ទទួល​បាន​ការងារ​ជា​ច្រើន​ជំនាន់​ក៏​ពិត​មែន​ក៏​សាលា​បច្ចេកទេស ​ដុន​ បូស្កូ​ បាន​ជួប​ផល​លំបាក​ជា​ច្រើន​ ដោយ​នាយក​សាលា​លោក​ អ៊ូច សំបូរ​ បាន​រៀប​រាប់​ឲ្យ​ដឹង​​ថា​៖​ «​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​យើង​មាន​ការ​ផ្តាច់​ជំនួយ​ខ្លះៗ​ពី​បណ្តា​សប្បុរសជន​នៅ​លើ​ពិភព​លោក​ ហើយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​សាលា​ក៏​ជួប​បញ្ហា​ទឹក​ជំនន់​លិច​ ២ ដង ដែល​ទទួល​រង​ការ​ខូចខាត​ឧបករណ៍​សម្ភារ​សម្រាប់​សិក្សា​សរុប​ទាំង​អស់​ចូល​ ៥០ ម៉ឺន​ដុល្លារ»​៕