ភ្នំពេញៈ កាលពី​ចុង​ឆ្នាំ​ ២០១៧ តារាចម្រៀង​ប្រុស​ដ៏ល្បី​ត្រកូល​ខេមរៈ គឺ​លោក ខេមរៈ សិរីមន្ត ធ្លាប់​បាន​លេចចេញ​ដំណឹង​ស្រពេចស្រពិល​ថា អាច​នឹង​ក្លាយ​ជា​សមាជិក​ថ្មី​ម្នាក់​នៃ​ក្រុម​គណៈកម្មការ​ផ្តល់​ពិន្ទុ​របស់​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol រដូវកាល​ទី ៣ ម្តង​ហើយ តែ​លើក​នេះ​ចេញ​រឿង​ពិត​ក្នុង​កម្មវិធី X Factor Cambodia រដូវកាល​ទី ១ វិញ​ជាមួយ​នឹង​ក្រុម​តារាចម្រៀង​ជើងចាស់​ហង្សមាស ៣ ​រូប​ផ្សេង​ទៀត​។

បើ​តាម​សេចក្តី​ប្រកាស​ក្នុង​គេហទំព័រ​ផ្លូវការ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​កំពូល​ដែល​ល្បី​ទូទាំង​ពិភពលោក X Factor Cambodia បាន​បង្ហាញ​សមាជិក​ទាំង​ ៤ រូប គឺជា​គណៈកម្មការ​របស់​ខ្លួន​ជា​តារាចម្រៀង​ប្រុស​ស្រី​ជើងចាស់​ហង្សមាស ៣ រូប​រួមមាន​លោក ណុប បាយ៉ារិទ្ធ កញ្ញា ឱក សុគន្ធកញ្ញា និង​កញ្ញា សុខ សីឡាលីន ខណៈ​លោក ខេមរៈ សិរីមន្ត គឺជា​តារា​របស់​ហង្សមាស​រលក​ក្រោយ​នោះ​។

ទោះបី​ជា​លោក ខេមរៈ សិរីមន្ត គឺជា​តារាចម្រៀង​រលក​ក្រោយ​របស់​ហង្ស​មាស​ពិតមែន តែ​បើ​និយាយ​ពី​បទពិសោធ​ដើរ​លើ​វិថី​សិល្បៈ​វិញ​លោក​មាន​ការឆ្លងកាត់​ច្រើន​ជាង ១០ ​ឆ្នាំ​មក​ហើយ ដូច្នេះ​ការប្រគល់​នូវ​តំណែង​ជា​គណៈកម្មការ​នៃ​កម្មវិធី X Factor Cambodia រដូវកាល​ដំបូង​នេះ​ក៏​ស័ក្តិសម​នឹង​កិត្តិសព្ទ​របស់​តារា​ប្រុស​រូប​នេះ​ដែរ​។

លោក ខេមរៈ សិរីមន្ត បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ពី​ហេតុផល​ដែល​ផលិតកម្ម​ហង្សមាស​សម្រេច​ដាក់​ជា​សមាជិក​នៃ​ក្រុម​គណៈកម្មការ​នេះ​ដែរ​ថា​៖ «​តាមពិត​ទៅ​រូបខ្ញុំ​បាន​ដឹង​ពី​ការរៀបចំ​តាំងពី​មុន​ពេល​ខ្ញុំ​ចូល​មក​ផលិតកម្ម​ហង្សមាស​មក​ម្ល៉េះ​។ ដោយសារ​ពេល​នោះ​ខាង​ផលិតកម្ម​ក៏​បង្ហើប​ប្រាប់​ខ្ញុំ​ដែរ​ថា នឹង​រៀបចំ​កន្លែង​មួយ​ជា​គណៈកម្មការ​នៃ​កម្មវិធី​លំដាប់​ពិភពលោក​ដែល​ថ្មី​សន្លាង​របស់​ទូរទស្សន៍​ហង្សមាស​»​។

តារាចម្រៀង​ប្រុស​ដ៏ល្បី​លំដាប់​កំពូល​កាល​នៅ​ទ្រនំ​ចាស់​សាន់ដេ ប្រមាណ ១០ ​ឆ្នាំ​ទើប​សម្រេច​មក​ជ្រកកោន​ទ្រនំ​ថ្មី​ផលិតកម្ម​ហង្សមាស​ដោយសារ​ទឹកដម​សំនៀង​សំឡេង​ធ្ងន់​មាន​ឈ្មោះ​ពិត ខេម ប៊ុនថៃ ឬ​ឈ្មោះ​ហៅ​ក្នុង​សិល្បៈ ខេមរៈ សិរីមន្ត បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ «​ចំពោះ​មូលហេតុ​អ្វី នាំឲ្យ​ផលិតកម្ម​សម្រេច​ជ្រើស​រូបខ្ញុំ​នោះ ក៏​ខ្ញុំ​មិន​បាន​ដឹង​ច្បាស់​ដែរ ដោយសារ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការរក្សា​នូវ​ភាព​សម្ងាត់​សម្រាប់​ទុក​បង្ហាញ ឬ​បង្ហើប​នាពេល​ក្រោយ​ដើម្បី​ឲ្យ​មាន​ភាពភ្ញាក់ផ្អើល​ដល់​មហាជន​ផង​ដែរ​។ សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ គិត​ថា ខ្លួនឯង​មាន​បទពិសោធ​ផ្នែក​នេះ​ក៏​ច្រើន​គួរសម​គឺ​មាន​ជាង ១០ ឆ្នាំ​ហើយ​មក​ដែរ​។ ដូច្នេះ​សម្រាប់​វិថី​មួយ​នេះ ខ្ញុំ​ជឿ​ថា​ខ្លួនឯង​ពិតជា​អាច​មាន​អ្វីៗ​ដើម្បី​ចែករំលែក​ដល់​បេក្ខជន​ចូលរួម​ប្រកួត​នៃ​កម្មវិធី X Factor Cambodia រដូវកាល​ដំបូង​នេះ​បាន​ទៅ​តាម​ភាព​ជាក់ស្តែង​ផងដែរ​»​។

គួរ​បញ្ជាក់​ដែរ​ថា​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X Factor Cambodia ទំនង​ចាប់ផ្តើម​ផ្សាយ​យុទ្ធនាការ​របស់​ខ្លួន​នៅក្នុង​ខែ​ឧសភា​ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​ហើយ​ដោយ​មាន​ការប្រកាស​ជា​ផ្លូវការ​តាម​គេហទំព័រ​របស់​ខ្លួន​ក្រោយពី​ធ្លាប់បាន​លេចឮ​ជា​លើក​ដំបូង​ម្តង​មក​ហើយ​កាលពី​ជិត ២ ​ឆ្នាំ​មុន​នោះ​៕