ភ្នំពេញៈ សិល្បករ​របាំ​សហសម័យ ដែល​បានមកពី​អង្គការ​អេពិកអាត ហើយ​ពីមុន​ធ្លាប់មាន​ភាព​ស្រពាប់​ស្រពោន​ក្នុង​ចិន្តា​ ព្រោះ​តែម​ពិការភាព និង​ហាក់ដូចជា​អស់​ក្តីសង្ឃឹម​ក្នុង​ជីវិត​នោះ ខណៈ​ពេល​បច្ចុប្បន្ននេះ លោក​មិន​ត្រឹម​ទទួល​បាន​ពន្លឺជីវិត​ស្រស់ថ្លា​សម្រាប់​ជីវិត ដោយសារ​សិល្បៈ​ប៉ុណ្ណោះ​ទេ ថែម​ត្រូវ​អង្គការ​សិល្បៈ​ខ្មែរអមតៈ ជ្រើសរើស​ឲ្យ​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​នៃ​កម្មវិធី «​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​» ទៀតផង​នឹង​ត្រូវ​ធ្វើឡើង​រយៈពេល​ ១០ ​ថ្ងៃ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ខាងមុខ​នេះ​។

គឹម សុជាតិ ពេល​លោក​សម្តែង​របាំ​នៅលើ​រទេះរុញ​។ រូបថត អង្គការ CLA

គឹម សុជាតិ គឺជា​សិល្បករ​មកពី​អង្គការ​អេពិកអាត ហើយ​គាត់​បានធ្វើការ​ក្នុង​វិស័យសិល្បៈ​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ការងារ​របស់គាត់​ក៏​បាន​ក្លាយ​ទៅជា​ចំណែក​មួយ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ជីវិតគាត់​។ តោះ​នាំគ្នា​ស្វែងយល់​បន្ថែម​នូវ​ចំណាប់អារម្មណ៍​របស់គាត់​អំពី​សារៈសំខាន់ និង​គុណ​តម្លៃ​នៃ​សិល្បៈ​សម្រាប់​យើង​ម្នាក់ៗ​។ លោក គឹម សុជាតិ បាន​បង្ហើរ​សារ​តាម​បណ្តាញ​សង្គម​ថា​៖ «​នេះ​ជា​ឱកាស​មួយ​ដ៏ធំធេង​សម្រាប់​ខ្ញុំ នៅក្នុង​ការទទួល​បាន​ការ​ជ្រើសរើស​មួយ​នេះ​!​សង្ឃឹមថា​នឹង​ទទួលបាន​ភាពសប្បាយ​រីករាយ​ទាំងអស់​គ្នា​ជាមួយ​ក្រុម​សិល្បករ ពេល​ប្រារព្ធ​ពិធី​ខាងមុខ​។ មហោស្រព​នេះ​នឹង​នាំមក​ជូន​ដល់​សាធារណជន​ទាំងចាស់​ក្មេង​នូវ​គំនិតល្អៗ​ជាច្រើន​ពី​វប្បធម៌​ខ្មែរ ព្រម​ទាំង​មាន​កម្មវិធី​ប្លែកៗ ដូចជា​មានការ​ជួបជុំ​សិល្បករ ឱកាស​ធ្វើការ​ជាមួយគ្នា និង​ការបញ្ចេញ​គំនិត​យើង​រៀងៗ​ខ្លួន​ទៀតផង​»​។

គឹម សុជាតិ ជា​សិស្ស​ជាប់​អាហារូបករណ៍​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ​។ រូបថត អង្គការ CLA

ដោយឡែក​ចំពោះ​ការជ្រើសរើស​សិល្បករ គឹម សុជាតិ គឺជា​ជនពិការ​ម្នាក់​ដែល​បាន​ប្រើ​សិល្បៈ​ជា​ឱសថ​ព្យាបាល​ចិត្ត​ឲ្យ​ជាសះស្បើយ​ពី​ជំងឺ​បាក់​ទឹកចិត្ត និង​អស់សង្ឃឹម​ក្នុង​ជីវិត ក្រោយពី​ក្លាយជា​សិល្បករ​របាំ​សហសម័យ​នៅឯ​អង្គការ​អេពិកអាត នោះ​ក៏​ត្រូវ​បាន​លោក គាត សុគីម ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បង្ហើប​ឲ្យ​ដឹងថា​៖ «​ដោយសារ សុជាតិ គាត់​ជា​ជនពិការ​ម្នាក់​ធ្លាប់​បាក់​ទឹកចិត្ត​ដោយសារ​ការរើសអើង​ក្នុងសង្គម​ ព្រោះ​តែ​ភាព​ពិការ​របសគាត់ ហើយ​ក្រោយពី​គាត់​បាន​រៀនសូត្រ​ជំនាញ​សិល្បៈ​នៅ​អង្គការ​អេពិកអាត មក​នោះ គាត់​ក៏​ទទួល​បាន​ភាពភ្លឺស្វាង​នៅលើ​វិថី​សិល្បៈ ហើយ​ក៏​បាន​ធ្វើឲ្យ​ជីវិត​ប្រែជា​ស្រស់ស្រាយ និង​ទទួល​បានការ​រាប់អាន​ក៏ដូចជា​ការផ្តល់​តម្លៃ​ដល់​រូបគាត់​ទៀតផង​នាពេលនេះ​»​។

លោក គាត សុគីម បន្តថា​៖ «​ឃើញ​គាត់​មាន​បទពិសោធ​ឆ្លងកាត់​ភាពលំបាក​នានា​ក្នុងសង្គម និង​ប្រើ​ជំនាញ​សិល្បៈ​ជួយ​ឲ្យ​ជីវិត​ខ្លួន​ទទួលបាន​ពន្លឺ​ភ្លឺស្វាង ខណៈ​គាត់​ក៏​កំពុងតែ​ជា​សិស្ស​អាហារូបករណ៍​របស់​អង្គការ​ខាង​ផ្នែក​រៀន​ជំនាញ​ភាសា​អង់គ្លេស​នោះ យើង​ក៏បាន​សម្រេច​ជ្រើសរើស​គាត់​ជា​ទូត​សុច្ឆន្ទៈ​មួយរូប​នៃ​កម្មវិធី​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​ខាងមុខ​នេះដែរ​»​។

កម្មវិធី​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​នេះ គឺជា​មោទនភាព​មួយ​សម្រាប់​វិស័យ​សិល្បៈ និង​វប្បធម៌​ឆ្នាំ​ ២០១៩ និង​ជា​ខួប ៤០ ​ឆ្នាំ​ដែល​កម្ពុជា​បាន​រួចផុត​ពី​របប​ខ្មែរក្រហម និង​ជា​ខួប ២០ ​ឆ្នាំ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ធ្វើ​ការងារ​ជួយ​សិល្បៈ និង​វប្បធម៌​៕