ក្រុងសៀមរាបៈ បណ្តុំ​រូបថត និង​សំឡេង​របស់​សិល្បការិនី​ទម្រង់​បុរាណ​ខ្មែរ​ចំនួន ១៨ រូប​នឹង​ត្រូវយក​ដាក់តាំង​បង្ហាញ​ចែកជូន​សាធារណជន​បាន​ទស្សនា ស្តាប់ និង​ស្វែងយល់​ពី​ប្រវត្តិ និង​​លក្ខខណ្ឌ​បច្ចុប្បន្ន​របស់​ពួកគាត់​ជាមួយ​នឹង​អាជីព​សិល្បៈ​។

ពិព័រណ៍​នេះ​ត្រូវ​បាន​សិល្បការិនី​ទាំង​ ២ ដាក់​ប្រធានបទ​រួម​ថា «​សូរស្ត្រី​» ដែល​មាន​ន័យ​ចង់បង្ហាញ​ពី​ស្ថានភាព និង​បញ្ហា​នានា​របស់​សិល្បការិនី​ខ្មែរ ៣ ជំនាន់​ដោយ​រៀបរាប់​ទាំង​ចំណុច​ល្អ ផល​លំបាក និង​កត្តា​ប្រឈម​របស់​ពួកគាត់​ដែល​មាន​វ័យ​ចន្លោះ​ពី​ ២០-២១ ឆ្នាំ​រហូត​ដល់​វ័យ ជិត ៩០ ឆ្នាំ និង​មាន​របរ​ជា​អ្នកសិល្បៈ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​នៃ​ប្រទេស​កម្ពុជា​។

ស្ត្រី​ដែល​បាន​ប្រកប​អាជីព​ជា​សិល្បការិនី​កូតទ្រ​។ រូបថត នាក់ សុផល

កញ្ញា នាក់ សុផល ជា​អ្នក​ថតរូប​អាជីព ​មាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ ​បាន​ប្រកបរបរ​ជា​អ្នក​ថតរូប​តាំងពី​ឆ្នាំ​ ២០១០ និង​ជា​អតីត​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​ប្រាប់​ពី​គោលបំណង រៀបចំ​ពិព័រណ៍​នេះ​ថា​៖​ «​ខ្ញុំ​គឺជា​ស្ត្រី​ម្នាក់​បាន​ចាប់​របរ​ជា​អ្នក​ថតរូប​តាំងពី​ឆ្នាំ​ ២០១០ មក ដូចជា មនុស្ស​ប្រុស ហើយ​ក៏​មាន​ពិសោធន៍​សម្រាប់​អាជីព​ខ្លួន​។ តែ​ខ្ញុំ​មិនដឹង​ពី​ស្ថានភាព អ្នកសិល្បៈ​បុរាណ និង​សហសម័យ​នោះ​ទេ ពិសេស​គឺ​សិល្បការិនី​»​។

ស្ត្រី​ខ្មែរ​ដែល​ចាប់​អាជីព​ជា​អ្នក​ថតរូប​វ័យ ៣០ ​ឆ្នាំ​រូបនេះ​បន្ត​ថា​៖ «​គំនិត​ស្រាវជ្រាវ​ចង់ដឹង​ពី​ស្ថានភាព​សិល្បការិនី​ខ្មែរ​ទម្រង់​សិល្បៈ​បុរាណ​នេះ កើតឡើង​កាលពី ៥ ខែ​មុន ខណៈ​ខ្ញុំ​បាន​ប្រើ​ពេល​ចុង​សប្តាហ៍​ចំនួន ២ ​ខែ​ចុះ​ទៅ​ថត និង​សម្ភាស​ផ្ទាល់​ជាមួយ​សិល្បការិនី​ខ្មែរ​ចំនួន ១៨ ​រូប​ដែល​ជា​អ្នកសិល្បៈ​បុរាណ ។ ខ្ញុំ​បាន​កំណត់​ស្រាវជ្រាវ ទិន្នន័យ​ពួកគាត់​ជា​ក្រុម​អ្នកសិល្បៈ​ចំនួន ៣ ជំនាន់ ។ ពួកគាត់​មាន​វ័យ​ចន្លោះ​ពី​ ២០-២១ ឆ្នាំ​រហូត​ដល់​ជិត ៩០ ​ឆ្នាំ​រស់នៅ​តាម​បណ្តា​ខេត្ត-ក្រុង នានា​ដូចជា ក្រង​ភ្នំពេញ ខេត្ត​កណ្តាល សៀមរាប ខេត្ត​កោះកុង ខេត្ត​ឧត្តរមានជ័យ កំពង់ធំ និង​ខេត្ត​ស្វាយរៀង​ជាដើម ។

ក្រុម​សិល្បការិនី របាំ​សហសម័យ ​New Cambodian Artists (NCA)។ រូបថត នាក់ សុផល

ដោយ​ចង់​ចូលរួម​ការផ្សព្វផ្សាយ​ផ្នែក​វប្បធម៌ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​សិល្បការិនី បុរាណ​ទាំង ៣ ជំនាន់​ដែល​មិន​សូវ​ត្រូវបាន​គេ​ស្គាល់ និង​ចាប់អារម្មណ៍​នោះ ទើប​អ្នក​ថត​ នាក់ សុផល សហការ​បង្កើត​គម្រោង​តាំងពិព័រណ៍ «​សូរស្ត្រី​» ជាមួយ​នឹង​ស្ត្រី​អាមេរិក​កញ្ញា អេមីលី ហូវី និង​អ្នក​សម្របសម្រួលយ៉ាង​ល្អ​ពី​​កញ្ញា តុលា ផង​ដែរ​។ ពិព័រណ៍​នេះ​នឹង​ចាប់ផ្តើម​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​ ២៣ ខែ​សីហា និង​បន្ត​ដល់​ថ្ងៃទី​ ២១ ខែ​តុលា ឆ្នាំ​ ២០១៩ នៅ​វិចិត្រសាល Mirage Contemporary Art Space ក្នុង​ខេត្ត​​សៀមរាប​។

កញ្ញា នាក់ សុផល សង្ឃឹម​ថា​៖ «​ក្រោយពី​បាន​ចូលរួម​ទស្សនា និង​ស្តាប់​នូវ​រឿងរ៉ាវ​របស់​សិល្បការិនី​ខ្មែរ​ទាំង ១៨ រូប​ទៅ ខ្ញុំ​រំពឹង​ថា​អ្នក​ទស្សនា​គ្រប់​ស្រទាប់​នឹង​បាន​យល់​ពី​ស្ថានភាព​ពួកគាត់ ហើយ​រួមគ្នា​គាំទ្រ​។ ខ្ញុំសង្ឃឹមថាសិល្បៈខ្មែទាំងបុរាណ និង សម័យ នឹងមានការគាំទ្រកាន់តែច្រើនឡើងបើយើងមានឱកាសសិក្សាស្វែងយល់បន្ថែមតាមរយៈការផ្សព្វផ្សាយនានា​» ៕​

លោកស្រីព្រឹទ្ធាចារ្យ ឯម ធាយ ទេវនាដនិម្មិត ក្នុងអាយុ ៨៦ វស្សា។ រូប នាក់ សុផល

សិល្បការិនីជើង​ចាស់ យឹម ចន្ទី។ រូប នាក់ សុផល