ភ្នំពេញៈ ជាកុមារមួយរូបដែលបានឆ្លងកាត់ការប្រកួតប្រជែងនៅក្នុងកម្មវិធីសរសេររឿងខ្លី ការគូរគំនូរ និងការប្រឡងគណិតវិទ្យាទាំងក្របខ័ណ្ឌជាតិ និងអន្តរជាតិព្រមទាំងធ្លាប់ទទួលបានមេដាយជាច្រើនប្រភេទផងនោះនៅឆ្នាំ ២០១៩ នេះ កុមារា ផាត អេលីតកតណា ក៏បានដណ្តើមនូវជោគជ័យថ្មីមួយទៀតគឺមេដាយមាសគណិតវិទ្យាពិភពលោកក្នុងកម្មវិធី WMI (World Mathematic Invitation) វគ្គជម្រុះនៅកម្ពុជា។
ផាត អេលីត កតណា អាយុ ១៣ ឆ្នាំបង្ហាញពីអារម្មណ៍ថា៖ «ខ្ញុំសប្បាយចិត្ត សម្រាប់ការប្រកួតខ្ញុំតែងតែគិតថា ខ្ញុំអាចធ្វើបានតែបើធ្វើអត់បាន ក៏អត់អ្វីទេ ព្រោះវាជាបទពិសោធ។ ទៅថ្ងៃអនាគត យើងអាចធ្វើម្តងទៀត»។
សិស្សឆ្នើមពហុជំនាញ ផាត អេលីត កតណា ប្រសូតក្នុងឆ្នាំ ២០០៦ នៅរាជធានីភ្នំពេញជាកូនច្បង និងមានប្អូនស្រីម្នាក់មានឪពុកឈ្មោះ ផាត ផាលីត ជាទីប្រឹក្សាអភិវឌ្ឍន៍កសិកម្មនៅអង្គការក្រៅរដ្ឋាភិបាល និងអ្នកម្តាយឈ្មោះ ហៀង ស្រីនាង ជាមេផ្ទះ។
ឪពុករបស់សិស្សពូកែខាងលើនេះលោក ផាត ផាលីត បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា៖ «ជាទូទៅ គណិតវិទ្យា គាត់មានទម្រង់ល្អ គាត់រៀនបានល្អ គាត់ប្រឡងបានមេដាយមាស និងមេដាយប្រាក់។ តែគាត់មិនដែលធ្លាក់ទេ គាត់មានភាពជឿជាក់លើខ្លួនឯង ថាគាត់អាចដោះស្រាយបានទាំងគណិតវិទ្យាភាសាខ្មែរ និងភាសាអង់គ្លេស»។
ឪពុករបស់សិស្សពូកែរូបនេះបានរំឭកថា កំណើតកូនប្រុសដំបូងលោកបានចាប់ផ្តើមអានសៀវភៅទាក់ទងការអភិវឌ្ឍ លូតលាស់របស់កុមារចាប់ពីអាយុ 0 ឆ្នាំ ដល់ ៣ ឆ្នាំរួមមានទាំងកត្តារាងកាយ ខួរក្បាល របបអាហារ និងការលេងរបស់កុមារ។
លោក ផាលីត បញ្ជាក់ថា៖ «កាលនោះខ្ញុំអង្កេតឃើញថា កូនប្រុសខ្ញុំចូលចិត្តលេងផ្គុំរូប សង់រូប និងគូររូបណាស់ ហើយគេផ្គុំលឿនណាស់ និងមានការចងចាំរហ័ស»។
ក្រោយពីដឹងពីចំណង់ចំណូលចិត្តនៃការលេងរបស់កូនលោកបានទិញសម្ភារក្មេងៗទាំងនោះឲ្យកូនប្រុសលេងកាន់តែច្រើន ដើម្បីបង្កើនចំណេះដឹងដល់កូន។
នៅឆ្នាំ ២០០៩ កុមារា ផាត អេលីតកតណា អាយុ ៣ ឆ្នាំបានចូលរៀននៅសាលាមត្តេយ្យមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ ការចូលរៀននេះដោយសារឪពុកដឹងថា ការសិក្សានៅអាយុ ៣ ដល់ ៦ ឆ្នាំពិតជាមានសារៈសំខាន់ ព្រោះនេះគឺជាមូលដ្ឋានគ្រឹះរបស់កុមារ និងជារូបមន្តនៃការសិក្សាបន្ទាប់ពីកុមារមានកំណើត។
លោក ផាលីត ឲ្យដឹងថា៖ «ពេលនោះខ្ញុំសង្កេតឃើញគេរីកចម្រើន ហើយខ្ញុំនៅប្រើរូបភាព និងតូរ្យតន្ត្រីខ្លះឲ្យគេលេង ហើយមុនចូលគេង ខ្ញុំតែងតែអានសៀវភៅឲ្យគេស្តាប់ព្រោះយើងដឹងថា ការនិទានរឿងជួយឲ្យគេលូតលាស់ និងការគិតបានល្អ»។
នៅឆ្នាំ ២០១២ អេលីតកតណា បានចូលរៀនថ្នាក់ទី ១ នៅសាលា Westline ដោយចូលចិត្តសរសេរ និងគូររូប។ នៅថ្នាក់ទី ២ កុមារារូបនេះបានចូលរួមប្រកួតប្រជែង សរសេររឿងខ្លីមានចំណងជើង «Cat and dog make friends» ទទួលបានចំណាត់ថ្នាក់លេខ ២ ប្រចាំសាលា។
មិនត្រឹមតែបានប្រកួតប្រជែងស្នាដៃក្នុងសាលាប៉ុណ្ណោះទេនៅឆ្នាំ ២០១៤ កតណា បានចូលរួមការប្រឡងគំនូរទូទាំងប្រទេស (Global art awards) ទទួលបានពានរង្វាន់ «Best of the Best» ទៀត។ ចំណែកនៅឆ្នាំ ២០១៥ កុមារារូបនេះទទួលបានពានរង្វាន់ ២ គឺ «Consolation awards» និង «Champion awards»។ ៣ ឆ្នាំមុន កតណា ទទួលបានពានរង្វាន់គំនូរមួយទៀត គឺ «5th runner-up»។
ឆ្នាំ ២០១៥ កុមារា អេលីតកតណា ប្រឡងជាប់អាហារូបករណ៍ ១០០ ភាគរយបន្តការសិក្សាថ្នាក់ទី ៤ របស់សាលា Kent Ridge International School ដែលជាឱកាសមួយអាចឲ្យកុមារវៃឆ្លាតរូបនេះអាចបន្តការសិក្សាទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងក្របខ័ណ្ឌអន្តរជាតិរបស់សិង្ហបុរី។
ឪពុកកុមារា កតណា បានបន្ដថា៖ «យើងប្រាប់កូនថា បើកូនជឿជាក់ កូនមានការច្នៃប្រឌិត កូនអាចប្រឡងបាន។ ឯរឿងធ្លាក់ ឬជាប់គ្រាន់តែជារឿងមួយធម្មតាទេ។ ពេលនោះខ្ញុំក៏មិនស្មានថាគេអាចទទួលបានអាហារូបករណ៍ ១០០ ភាគរយដែរ។ យើងមានអារម្មណ៍សប្បាយណាស់ តែក៏ព្រួយបារម្ភដែរ ព្រោះនេះជាការសិក្សាថ្នាក់អន្តរជាតិ និងមិនដឹងថាគាត់នឹងត្រូវជួបការលំបាកអ្វីខ្លះ»។
ទោះផ្លាស់មកសិក្សានៅសាលាថ្មី កុមារា កតណា ក៏មិនបានបោះបង់នូវជំនាញគូរគំនូររបស់ខ្លួនឡើយដោយនៅឆ្នាំ ២០១៥ គេចូលរួមប្រកួតគូរគំនូរទូទាំងប្រទេស TOYOTA dream car contest ដោយទទួលបានចំណាត់ថ្នាក់លេខ ១ (Automatic car rainbow) និងនៅឆ្នាំ ២០១៦ កតណា ចូលរួមប្រកួតបន្តដោយទទួលបានចំណាត់ថ្នាក់លេខ ១ ដដែល គឺ (recycling car)។ លុះដល់ឆ្នាំ ២០១៧ កតណា ទទួលចំណាត់ថា្នក់លេខ ២ (Photosynthesis Car)។
សិស្សពូកែ អាយុ ១៣ ឆ្នាំរូបនេះបញ្ជាក់ថា៖ «សម្រាប់គំនូរ ខ្ញុំយល់ពីខ្លួនឯង។ ពេលមានការប្រឡង ខ្ញុំអង្គុយគិតដោយប្រើគំនិតខ្ញុំ គំនិតថ្មីដោយបង្ហាញគំនិតនេះទៅកាន់ពិភពលោក។ អ៊ីចឹងខ្ញុំដាក់វាតាមគំនូរ និងការសរសេរ»។
នៅសាលាថ្មី ការសិក្សាផ្តោតលើផ្នែកសំខាន់ៗ ៣ រួមមាន ភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រ។
នៅឆ្នាំ ២០១៦ ពេលកំពុងសិក្សាថ្នាក់ទី ៤ អេលីតកតណា បានប្រឡងជាប់គណិតវិទ្យាដំបូងក្នុងកម្មវិធី Suken (Japanese Mathematic)។ ចំណែកនៅឆ្នាំ ២០១៧ កតណា បានចូលរួមប្រឡង គណិតវិទ្យា ក្នុងកម្មវិធី Sasmo (Singapore and Asian Olympaid) ដោយទទួលបានមេដាយមាសចំណោមប្រទេសចំនួន ១៧ ដែលបានចូលរួមប្រកួតប្រជែង។ នៅឆ្នាំដដែល កុមាររូបនេះបានប្រឡងជាប់គណិតវិទ្យាក្នុងកម្មវិធី Suken ដដែលជាលើកទី ២ និងទទួលបានមេដាយប្រាក់ក្នុងកម្មវិធី AMO (American mathematic olympiad) និងឈ្នះមេដាយសំរឹទ្ធក្នុងកម្មវិធី IJMO ( International Junior Math Olympaid )។
ចំណែកនៅឆ្នាំ ២០១៨ កតណា បានប្រឡងជាប់នៅក្នុងកម្មវិធី Suken ជាលើកទី ៣ បន្តទៀត និងបានបន្តយកមេដាយមាសថ្មីមួយទៀតក្នុងកម្មវិធី AMO និងមេដាយសំរឹទ្ធរបស់ Sasmo។ ថ្មីៗនេះ កតណា ទទួលបានមេដាយមាសពិភពលោកក្នុងកម្មវិធី WMI (World mathematic invitation)។
ជាមួយគ្នានេះក្មេងប្រុសរូបនេះក៏បានបង្រៀនគណិតវិទ្យា និងការគូររូបទៅប្អូនស្រី ផាត អេលីតកនីកា រហូតប្អូនរបស់ខ្លួនទទួលបានពានរង្វាន់ President Akio Toyoda Award ពីប្រទេសជប៉ុនផងដែរ។
កុមារវ័យ ១៣ ឆ្នាំរូបនេះបង្ហាញថាពេលរៀន រូបគេសប្បាយចិត្តណាស់ ពីព្រោះអាចសន្ទនាជាមួយលោកគ្រូ អ្នកគ្រូទទួលបានគំនិតថ្មីៗមានមិត្តភក្តិជាច្រើនមានទំនាក់ទំនងល្អ និងមានសកម្មភាពជាច្រើនទៀត។
គេយល់ថាការសិក្សាអាចជួយមនុស្សបានច្រើននាពេលអនាគត ដូចនេះមនុស្សគួរតែរៀនសូត្រឲ្យបានច្រើន។ ម្យ៉ាងទៀតមនុស្សម្នាក់ៗត្រូវតែរកជំនាញរបស់ខ្លួន និងអ្វីដែលខ្លួនចូលចិត្ត ព្រោះថាមនុស្សលើលោកមានសមត្ថភាព និងជំនាញខុសៗមិនអាចប្រៀបធៀបគ្នាទេ។
កុមារា អេលីតកតណា ប្រាប់ពីគោលបំណងថា៖ «ទៅថ្ងៃអនាគតចង់ធ្វើជាវិស្វករ ព្រោះខ្ញុំចូលចិត្តផ្នែកវិទ្យាសាស្ត្រ និងគូរគំនូរហើយការប្រកួតខ្ញុំបន្ដចូលរួមទៅតាមអ្វីដែលចូលចិត្ត»៕
វីដេអូ៖