ភ្នំពេញៈ បង្ក​ការភ្ញាក់ផ្អើល​ទាំង​មជ្ឈដ្ឋាន​មហាជន និង​សង្គម​សិល្បៈ​ខ្លាំង​តែម្តង​ជាមួយ​នឹង​ទិដ្ឋភាព​ពិធី​រៀប​មង្គលការ​តារាចម្រៀង​ស្រី​កំពូល​នៅ​ទ្រនំ​ហង្សមាស​ម្នាក់​ទៀត​គឺ​កញ្ញា សុខ សីឡាលីន បែរ​ជា​ទៅ​រៀប​មង្គលការ​ស្ងាត់ៗ​កាលពី​ថ្ងៃទី​ ២១ ខែ​ឧសភា ឆ្នាំ​ ២០១៩ កន្លង​មក​ថ្មី​នេះ​ដោយ​គ្មាន​វត្តមាន​ក្រុម​អ្នកសិល្បៈ​ចូលរួម​ឲ្យ​ភ្លូកទឹក​ភ្លូកដី​ដូចជា​ពិធី​មង្គលការ​របស់​មិត្ត​រួម​ទ្រនំ​តារាចម្រៀង​ស្រី ឱក សុគន្ធកញ្ញា នោះ​ឡើយ​។

ជាមួយ​នឹង​បណ្តុំ​រូបថត​រៀប​មង្គលការ​កាលពី​រសៀល​ថ្ងៃ​ទី​ ២១ ខែ​ឧសភា ឆ្នាំ​ ២០១៩ របស់​តារាចម្រៀង​ស្រី​ជ្រក​ទ្រនំ​ផលិតកម្ម​ហង្សមាស សុខ សីឡាលីន ជាមួយ​នឹង​កូនកំលោះ​រូបសង្ហា​វ័យក្មេង​ជាង​នាង​ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​តារាសម្តែង​ស្រី​កញ្ញា ពៅ លីដា មាន​ឈ្មោះ ពៅ ពិសិដ្ឋ បាន​រៀបការ​ស្ងាត់ៗ គឺ​ពិតជា​បាន​ធ្វើឲ្យ​មហាជន​ភាគច្រើន​ផ្ទុះ​នូវ​ការហួសចិត្ត និង​សង្ស័យ​ពី​ភាពខុស​ប្រក្រតី​នេះ​ផង​ដែរ​។

តែ​រឿង​ដែល​សង្ស័យ​ថា​កញ្ញា សុខ សីឡាលីន បាន​រៀបការ​ជាមួយ​លោក ពៅ ពិសិដ្ឋ នោះ​មិនមែន​ជា​ការពិត​ទេ គឺ​វា​គ្រាន់តែ​ជា​ការថត​នូវ​ឈុត​ខ្លះ​សម្រាប់ MV បទចម្រៀង​ចេញ​ថ្មី​របស់​កញ្ញា​តែ​ប៉ុណ្ណោះ​។

សូម្បីតែ​សាមីខ្លួន​ក៏​មាន​ការភ្ញាក់ផ្អើល​ផង​ដែរ​ខណៈ​ខាង​អ្នកដឹកនាំ​ការសម្តែង​បាន​លេង​ស្ទីល​ថត​ថ្មី​ដូច​មែនទែន​នោះ កញ្ញា សុខ សីឡាលីន ក៏​បាន​ទម្លាយ​អាថ៌កំបាំង​នូវ​ការរៀប​មង្គលការ​ស្ងាត់ៗ​ជាមួយ​នឹង​លោក ពៅ ពិសិដ្ឋ ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ ថា​៖ «​ជាដំបូង​នាងខ្ញុំ សូម​ឆ្លៀត​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រិយមិត្ត​ទាំងអស់​ដែល​ស្រឡាញ់​គាំទ្រ​នាង​ខ្ញុំ​រហូត​មក និង​ជាពិសេស​ដែល​តាមដាន​រឿង​ថ្មីៗ​របស់​នាង​ខ្ញុំ​គឺ​ព័ត៌មាន​រឿង​រៀបការ​នេះ​តែ​ម្តង ហើយ​នាង​ខ្ញុំ​ក៏​ធ្វើការ​បកស្រាយ​រឿង​នេះ​ជូន​បងប្អូន​ផងដែរ​ថា តាមពិត​ទៅ​មង្គលការ​នេះ​មិនមែន​ជា​ពិធី​រៀបការ​ពិតប្រាកដ​ទេ​។ គ្រាន់តែ​ជា​ការថត​សម្រាប់​បទចម្រៀង MV ថ្មី មាន​ចំណងជើង​ថា​៖ «​ថ្ងៃ​ការ​កូន​ក្រមុំ​សុំ​ច្រៀង​មួយ​បទ​» របស់​នាង​ខ្ញុំ​ប៉ុណ្ណោះ ខណៈ​បទ​នេះ​ក៏​បាន​ថត​សំឡេង Audio រួចរាល់​ហើយ​ដែរ​»​។

កញ្ញា សុខ សីឡាលីន ដែល​ជា​បេក្ខភាព​ម្នាក់​ចំណោម​ក្នុង​ក្រុម​គណៈកម្មការ​ទាំង ៤ នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X Factor Cambodia រដូវកាល​ទី​ ១ នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ហង្សមាស​បន្ត​ថា​៖ «​គំនិត​ថត MV នេះ​គឺ​ដឹកនាំ​សម្តែង​ពី​លោក កៅ សីហា ដោយសារ​លោក​ចង់​ប្រើ​ឈុត​ឆាក​សម្តែង​ដូចជា​ការពិត​ក្នុង​បទចម្រៀង​នាង​ខ្ញុំ​នោះឯង ហើយ​តួប្រុស​ដែល​ជា​កូនកំលោះ​នោះ គាត់​ផ្តល់​ជម្រើស​ឲ្យ​ខ្ញុំ អ៊ីចឹង​ហើយ​នាង​ខ្ញុំ​ក៏​សម្រេច​ជ្រើស​លោក ពៅ ពិសិដ្ឋ ជា​តារា​វ័យក្មេង​នោះ​»៕