ភ្នំពេញៈ ក្រោយពីដូរទ្រនំចាស់ សាន់ដេ មកទ្រនំថ្មីមិនបានប៉ុន្មានឆ្នាំផង តារាចម្រៀង និងសម្តែងស្រី រាងស្រលូន សម្ផស្សកាន់តែផូរផង់ អ្នកមេម៉ាយវ័យក្មេង សុខ ស្រីនាង កំពុងតែមានរាសីឡើងក្រឺតៗដោយត្រូវផលិតកម្មហង្សមាសផ្តល់កាដូលើកទឹកចិត្តជាហូរហែ មានឱកាសជាតួឯកកុន និងចុងក្រោយនេះក្លាយជាគណៈកម្មការនៃកម្មវិធីប្រឡងចម្រៀងថ្មីរបស់កុមារ។
អាចនិយាយបានថា តារាច្រៀងស្រី អតីតជ្រកទ្រនំសាន់ដេ អ្នកនាង សុខ ស្រីនាង ពិតជាមានលក្ខណសម្បត្តិមិនអន់ឡើយ ទើបត្រូវបានខាងផលិតកម្មហង្សមាសសម្រេចចិត្តជ្រើសយកនាងមកធ្វើជាគណៈកម្មការផ្តល់ពិន្ទុនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកថ្មីសន្លាង និងជាការចាប់ផ្តើមរដូវកាលទី ១ តែម្តងសម្រាប់កម្ពុជាគឺ Cambodian Idol Junior ខណៈគណៈកម្មការ ២ រូបទៀតគឺតារាចម្រៀងជើងចាស់ហង្សមាសលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ។
កម្មវិធីប្រឡងចម្រៀងរបស់កុមារនៃយុគសម័យថ្មីក្នុងប្រទេសកម្ពុជាមានឈ្មោះថា Cambodian Idol Junior រដូវកាលទី ១ នេះ ចាប់ផ្ដើមលក់ពាក្យចូលប្រឡងហើយសម្រាប់កុមារជាបេក្ខជនចូលប្រកួតគឺមានអាយុចាប់ពី ៧ ឆ្នាំ រហូតវ័យ ១៧ ឆ្នាំរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស។
ក្រៅពីសម្តែងនូវអារម្មណ៍សប្បាយរីករាយខ្លាំងទៅនឹងការទទួលបាននូវទំនុកចិត្តពីផលិតកម្មហង្សមាសសម្រេចចិត្តប្រគល់ភារកិច្ចជាគណៈកម្មការមួយនៃ Cambodian Idol Junior រដូវកាលទី ១ នោះ សុខ ស្រីនាង ក៏បង្ហើបប្រាប់ពីលក្ខខណ្ឌខ្លះៗដែលបានឆ្លងកាត់នូវដំណាក់កាលច្រើនផងដែរទើបបានតំណែងជាគណៈកម្មការនេះ។
អ្នកមេម៉ាយវ័យក្មេង តែសម្រស់ស្រស់សោភា ក្រមុំសុំខ្មាស់អ្នកនាង សុខ ស្រីនាង ប្រាប់ថា៖ «ឆ្លងកាត់ដំណាក់កាលច្រើន ទើបនាងខ្ញុំទទួលបានការសម្រេចចិត្តយល់ស្របពីក្រុមហ៊ុន មានទាំងនៅក្នុងប្រទេស និងដៃគូនៅក្រៅប្រទេសចំពោះកម្មវិធីនេះដែរនឹងត្រូវចាប់ផ្តើមដំណើរបេសកកម្មរបស់ខ្លួននៅដើមខែសីហានេះហើយ។ ទោះយ៉ាងណានាងខ្ញុំនឹងខិតខំឲ្យបានល្អសម្រាប់ការទុកចិត្ត និងភារកិច្ចមួយនេះ ហើយមិនឲ្យក្រុមហ៊ុនខកបំណងឡើយ ទោះបីវាជាបទពិសោធថ្មីសម្រាប់ខ្ញុំក្នុងកម្មវិធីលំដាប់ពិភពលោកនេះក៏ដោយចុះ»។
ក្រៅពីពូកែរក្សារូបរាងឲ្យមានសម្រស់មិនធ្លាក់ចុះ សុខ ស្រីនាង ក៏បានវិវឌ្ឍខ្លួនពីការច្រៀងបទមនោសញ្ចេតនា ងាកមកច្រៀងបទញាក់ និងលេងក្បាច់រាំគួរឲ្យកត់សម្គាល់ផងដែរ ចាប់តាំងពីឈានមកចូលសមាជិកផលិតកម្មហង្សមាសនោះ។
ចំណែកឯហង្សមាសវិញក៏ជួយរុញឲ្យអ្នកមេម៉ាយរូបស្រស់នេះ ថែមមួយកម្រិតទៀតតាមរយៈការផ្តល់តំណែងជាតួឯកក្នុងកុន ២ រឿងជាប់គ្នាគឺរឿងភាគមានចំណងជើងថា «រាជិនីភូមិគ្រឹះ» និងកុនរឿង «ខ្ញុំមានញាណលើស»៕