ភ្នំពេញៈ ខណៈតារាចម្រៀង និងសិល្បករ-សិល្បការិនី មានវ័យស្របាលគ្នារកឃើញម្ចាស់បេះដូងពិត ហើយក៏ចូលរោងជ័យតាមប្រពៃណីជាបន្តបន្ទាប់នោះ សុខៗ ស្រាប់តែ តារាចម្រៀងស្រីសាច់សខ្ចី កំពុងតែឆក់ភាពល្បីខ្លាំងនៃទ្រនំហង្សមាស កញ្ញា សួស វីហ្សា ចេញសារទម្លាយពីជម្រៅចិត្តពិតរឿងខ្លួនជិតជួបគូជីវិត ទោះបីពុំទាន់សមតាមក្តីបំណងទាំងស្រុងនៅឡើយក្តី។
តារាចម្រៀងស្រី ដែលទាញបានប្រជាប្រិយភាព ហក់ឡើងខ្លាំងពីអ្នកគាំទ្រ ដោយចេញបទចម្រៀងថ្មីៗ និងស្ទីលតែងខ្លួនបែបច្នៃប្រឌិតប្លែកភ្នែកមានរូបសម្ផស្សសាច់សខ្ចី ជ្រកនៅទ្រនំហង្សមាស កញ្ញា សួស វីហ្សា ដែលទើបតែស្ងប់រលកព័ត៌មានចចាមអារ៉ាមរឿងអាស្រូវចោទប្រកាន់ថា នាងមានស្នេហ៍ជាមួយថ្នាក់ដឹកនាំរហូតដល់ល្បីមានស្នេហ៍រួមដំបូលនឹងតារាប្រុសវ័យក្មេងគឺលោក ថមមី និងចុងក្រោយលេចឮដំណឹងថា នាងជិតចូលរោងការ រហូតនាង បានចេញបកស្រាយការពិតដើម្បីឲ្យអស់មន្ទិល។
តែថ្មីៗនេះ តារាចម្រៀងស្រី ដែលទើបក្តាប់បានឱកាសធំមួយគឺដណ្តើមយកបានកៅអីជាគ្រូបង្វឹកពីនាង សុគន្ធ នីសា ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia នៅរដូវកាលទី ២ បង្ហើរសារដ៏វែងអន្លាយមួយពីភាពជោគជ័យនៃអាជីពសិល្បៈខ្លួនផង និងទម្លាយរឿងចង់រកគូគ្រងសម្រាប់ជីវិតផង តែនៅពុំទាន់បានសមនឹងក្តីប្រាថ្នា។
សុខៗ កញ្ញា សួស វីហ្សា តារាចម្រៀងស្រីកំពុងតែមានរាសីឡើងក្រឺតៗ មានស្រុកកំណើតមកពីខេត្តស្វាយរៀង ទម្លាយសារប្រាប់រឿងផ្ទាល់ខ្លួននាងតាមបណ្តាញសង្គម ដូច្នេះថា៖ «អាយុច្រើនហើយ!ហើយជីវិតគ្រួសារ ជីវិតការងារក៏ជោគជ័យច្រើនហើយដែរ!នៅឡើយតែរឿងជីវិតគូ មិនដឹងពេលណាអាចជោគជ័យដូចគេ។ តែក៏សង្ឃឹមថា នឹងជោគជ័យឆាប់ៗព្រោះខ្ញុំបានសម្លឹងឃើញមនុស្សល្អម្នាក់រួចហើយដែរ ហើយម្នាក់នោះ គឺតែងតែនៅក្បែរខ្ញុំគ្រប់ពេលមិនដែលរត់ចោលខ្ញុំទេ ដែលសំខាន់គឺគេអាចទ្រាំនឹងចរិតខ្ញុំ និងអាចនិយាយបានថា គេយល់ពីខ្ញុំជាងអ្នកណាៗទាំងអស់។ ទោះជាម្នាក់នោះល្អ ឬមិនល្អនៅក្នុងភ្នែកអ្នកទាំងអស់គ្នា ទោះអ្នកគ្រប់គ្នាពេញចិត្ត ឬមិនពេញចិត្តគឺវាលែងសំខាន់ដែរហើយ។ សម្រាប់ខ្ញុំ អ្វីដែលសំខាន់គឺខ្ញុំពេញចិត្ត!»។
ការពិត ឬគ្រាន់ជាសារលេងសើចនោះ ក៏ពុំទាន់បានបកស្រាយបញ្ជាក់ច្បាស់ពីកញ្ញា សួស វីហ្សា ដែរ ដោយសារលេខទូរស័ព្ទរបស់នាងធ្លាប់ទំនាក់ទំនងពីមុនពុំអាចទាក់ទងបាននាពេលនេះ៕