ភ្នំពេញ៖ ខណៈកំពុងតែពពោះ កូនប្រុសជាង ៤ ខែ នៅក្នុងផ្ទៃ ក្រោយពីបានភ្ជាប់ចំណងស្នេហ៍ ជាមួយនឹងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសបង្កើតថៅកែផលិតកម្មហង្សមាសមកនោះ តារាចម្រៀងស្រីល្បីខ្លាំងអ្នកនាង ឱក សុគន្ធកញ្ញា ក៏ងាកមកធ្វើកិច្ចការមនុស្សធម៌មុនពេលបុត្រាខ្លួនចាប់កំណើតដោយនាំយកថវិកា មានចំនួនជាង ៦ ពាន់ដុល្លារ ទៅជូនមន្ទីរពេទ្យគន្ធបុប្ផានាពេលថ្មីៗនេះ។
តារាចម្រៀងស្រីកំពូលនៅលើទ្រនំហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមីលោក អ៊ឹង សុខលី បានយកថវិកាចំនួន ៥ ១៦៨ ០០០ រៀល និង ៥ ១៦៨ ដុល្លារ ដែលបានមកពីកម្មវិធីមួយឈ្មោះថា «ទិញដើម្បីចែករំលែកក្ដីស្រឡាញ់» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីរសៀលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩ ខណៈនេះក៏ថ្ងៃខួបកំណើតរបស់ខ្លួនផងដែរ។
បើតាមគេហទំព័រមូលនិធិគន្ធបុប្ផាកម្ពុជា Cambodia Kantha Bopha Foundation បានបង្ហើរសារថ្លែងអំណរគុណថា៖ «លោកស្រី ឱក សុគន្ធកញ្ញា បានបរិច្ចាគថវិកា ជាង ៦ ០០០ ដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩។
លោកស្រី ឱក សុគន្ធកញ្ញា បានបរិច្ចាគថវិកា មានចំនួនប្រមាណ ៥ ១៦៨ ០០០ រៀល និង ៥ ១៦៨ ដុល្លារ ដែលបានមកពីកម្មវិធីមួយឈ្មោះថា «ទិញដើម្បីចែករំលែកក្ដីស្រឡាញ់» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណជូនចំពោះលោកស្រី ឱក សុគន្ធកញ្ញា ចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើង ដើម្បីរួមគ្នាជាមួយនឹងមូលនិធិគន្ធបុប្ផាកម្ពុជា សម្រេចនូវបេសកកម្មដ៏ចម្បង និងតែមួយគត់របស់មូលនិធិ គឺការធានាចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោកស្រី ឱក សុគន្ធកញ្ញា ក៏បានអំពាវនាវដល់សាធារណជនខ្មែរទាំងអស់ ជាពិសេសសិល្បករ និងអ្នកគាំទ្រចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមទៅដល់កុមារាកុមារី ដែលជាធនធានមនុស្ស ពេលអនាគតដ៏សែនភ្លឺស្វាងរបស់ប្រទេស កម្ពុជា»៕