ភ្នំពេញៈ ទើប​តែ​បាន​ប្រកូក​ប្រកាស​បើក​ហាង​លក់​អង្ករ​នោះ​សោះ ក៏​ស្រាប់​តែ​តារា​ចម្រៀង​ស្រី​ល្បី ម៉ៅ​ដាច់​ខាង​បង្ហើរ​សំនៀង​បំពេ​វិស័យ​ទេសចរណ៍ កញ្ញា សុន ស្រីពេជ្រ បង្ហោះ​សារ​លក់​ផ្ទះ​បន្ទាន់​ដើម្បី​យក​ប្រាក់​ព្យាបាល​ជំងឺ​ប្អូន​ប្រុស និង​ឪពុក​បង្ក​ការ​ភ្ញាក់ផ្អើល​មហាជន​សា​ជា​ថ្មី។

កញ្ញា សុន ស្រី​ពេជ្រ បាន​សរសេរ​ជូន​ដំណឹង​លក់​ផ្ទះ​ថា៖ «នាង​ខ្ញុំ សុន ស្រី​ពេជ្រ ត្រូវ​ការ​លក់​ផ្ទះ​ជា​បន្ទាន់​ដើម្បី​ជួយ​ដល់​ប្អូន​ប្រុស​នាង​ខ្ញុំ កំពុង​ត្រៀម​វះកាត់​បញ្ចូល​ខួរឆ្អឹង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សុព័រ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ មាន​ទំហំ ១០ ម៉ែត្រ គុណ ២២ ម៉ែត្រ» ភ្ជាប់​ជាមួយ​រូប​ផ្ទះ​មួយ​ជំហរ​នោះ ក៏មាន​ការ​សុំ​ដោយ​ទទូច​ថា៖ «សូម​មេត្តា​ជួយ​ស៊ែរ​បន្ត​ផង ឲ្យ​បាន​លក់​ឆាប់​ដាច់ ហើយ​ប្អូន​នាង​ខ្ញុំ​នឹង​ឆាប់​បាន​ទៅ​វះកាត់​ផង​ដែរ»។

តម្លៃ​ផ្ទះ​ដែល​ដាក់លក់​មាន ២ ល្វែង និង​កម្ពស់ ២ ជាន់​នោះ ភ្នំពេញ​ប៉ុស្តិ៍ មិន​បាន​ដឹង​ច្បាស់​ផ្ទាល់​ពី​កញ្ញា សុន ស្រីពេជ្រ ឡើយ​ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​នាង​តេ​ចូល​តែ​គ្មាន​អ្នក​លើក។ តែ នាយ សង់ សេត ដែល​ត្រូវជា​បង​ប្រុស​បង្កើត​របស់​តារា​ចម្រៀង​ស្រី​ល្បី​ខ្លាំង​ខាង​បំពេ​អារម្មណ៍​ប្រិយមិត្ត​រៀបរាប់​ពី​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​សឹង​តែ​ផ្តាច់​មុខ​លើ​វិស័យ​នេះ ប្រាប់​ថា៖ «ផ្ទះ​នោះ​យើង​ដាក់​លក់​តម្លៃ ២០ ម៉ឺន ដុល្លារ ក្នុង​តម្លៃ​អាច​ចរចា​គ្នា។ មូលហេតុ​ដែល​ត្រូវ​ដាក់​លក់​ផ្ទះ​ដែល​កំពុង​តែ​រស់​នៅ​បន្ទាន់​បែប​នេះ ក៏​ព្រោះតែ​យើង​ត្រូវការ​ប្រាក់​ដើម្បី​ចំណាយ​លើ​ការ​ព្យាបាល​ប្អូន​ប្រុស​បង្កើត​ខ្ញុំ ដោយសារ​យើង​បាន​ទទួល​ព័ត៌មាន​ពី​ខាង​ក្រុម​គ្រូពេទ្យ​នៅ​ឯ​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា ជំងឺ​គាត់​អាច​នឹង​ព្យាបាល​ជា ប្រសិន​បើ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ១៥ ម៉ឺន​ដុល្លារ នោះ»។

បើតាម​ស្តាប់​មើលទៅ ស្ថានភាព​ជំងឺ​របស់​ឪពុក​ជាតា​រា​កំប្លែង​ជើង​ចាស់ គឺ​នាយ សង់ ស៊ីស ហៅ​តា​ស៊ីស ដែល​បច្ចុប្បន្ន​មាន​វ័យ ៧១ ឆ្នាំ​នោះ​ក៏​នៅ​មិន​ទាន់​មាន​ភាព​ធូរ​ស្បើយ​នៅ​ឡើយ​ដែរ​ទេ ខណៈ​ក្រុម​គ្រួសារ​មាន​សមាជិក​ជា​អ្នកសិល្បៈ​ភាគច្រើន​មួយ​នេះ ក៏​គ្រោង​នាំ​លោក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជាមួយ​នឹង​ប្អូន​ប្រុស​ផង​ដែរ តែ​រង់ចាំ​ដំណឹង​លក់​ផ្ទះ​ដាច់​សិន ខណៈ​ជំនួយ​ពី​ក្រុម​អ្នក​សិល្បៈ​ក៏​លែង​មាន​អ្នក​ជួយ​ឧបត្ថម្ភ​ទៀត​ដែរ ក្រោយ​ពី​នាយ សង់​ស៊ីស ចេញ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត​មក​នោះ។

នាយ សង់ សេត ក៏បាន​បន្តថា៖ «ចំពោះ​ជំនួយ​ដោះស្រាយ​ទ័ល​ពី​ក្រុម​អ្នក​សិល្បៈ​យើង​មិន​ហ៊ាន​រំខាន​ដល់​ពួកគាត់​ទេ​ព្រោះ​ថា ប្អូន​ប្រុស​ខ្ញុំ គាត់​មិន​មែន​ជា​អ្នកសិល្បៈ​ឡើយ ខណៈ​លោក​ឪពុក​ខ្ញុំ​វិញ ខាង​ក្រុម​អ្នក​សិល្បៈ​ក៏​ធ្លាប់​បាន​ជួយ​ខ្លះ​មក​ហើយ​កាល​ពី​ជិត ២ឆ្នាំ មុន​នោះ។ ដូច្នេះ​យើង​ក៏​មិន​ហ៊ាន​រំពឹង ឬ​រំខាន​ដល់​បងប្អូន​ទៀត គឺ​មាន​តែ​រំពឹង​លើ​ការ​លក់​ផ្ទះ​ដែល​យើង​កំពុង​តែ​រស់​នៅ​បច្ចុប្បន្ន​នេះ»។

គួរ​រំឭក​ដែរ​ថា តារា​កំប្លែង​ជើងចាស់​នាយ សង់ ស៊ី​ស ដែល​បច្ចុប្បន្ន​មាន​វ័យ ៧១ ឆ្នាំ​ទៅ​ហើយ​នោះ បាន​បាត់​មុខ​ពី​សង្វៀន​សិល្បៈ​កំប្លែង​មួយរយៈ​តាំង​ពី​ចុង​ឆ្នាំ ២០១៦ មក ដោយ​សារ​តែ​មាន​ជំងឺ​ធ្ងន់ បើ​តាម​លទ្ធផល​ពិនិត្យ​របស់​ពេទ្យ​បាន​ឲ្យ​ដឹង​ជា​បឋម​កាល​បញ្ជូន​ទៅ​ពេទ្យ​កាល់ម៉ែត​កន្លង​មក​នោះ។

ចំណែកឯ​កូនប្រុស​ពៅ​ដែល​កំពុងតែ​ត្រូវការ​ព្យាបាល​ជំងឺ​នេះ មាន​ជំងឺ​រ៉ាំរ៉ៃ និង​ក្រុម​គ្រួសារ​បាន​ខ្នះខ្នែង​មើល​ជំងឺ​អស់​រយៈពេល​ជិត ១០ ឆ្នាំ​ទៅ​ហើយ​ដែរ ដោយ​ធ្លាប់​បាន​ទៅ​ព្យាបាល​នៅ​វៀតណាម និង​នៅ​ស្រុក​ខ្មែរ​រហូត​ពេទ្យ​អស់​សមត្ថភាព ទើប​សម្រេច​ទៅ​រក​ពេទ្យ​នៅ​ថៃ​វិញ​ម្តង តែ​ខ្វះខាត​លុយ​កាក់។

នាយ សេត ក៏​បង្ហើប​ថា៖ «ពេលណា​លក់​ផ្ទះ​នេះ​ដាច់​ភ្លាមនោះ នឹង​នាំ​គាត់ និង​ឪពុក​ទៅ​ព្យាបាល​នៅ​ថៃ​ជាមួយ​គ្នា ព្រោះ​ពេទ្យ​នៅ​ខ្មែរ​ថា​អស់​វិធី​ព្យាបាល​ប្អូន​ប្រុស​ខ្ញុំ​ហើយ។ រៀង​រាល់ ១០ ថ្ងៃ​ម្តង គាត់​ត្រូវ​ទៅ​ជួប​ពេទ្យ​នៅ​ថៃ» ៕