ភ្នំពេញៈ មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា តារាម៉ូដែលស្រីស្រស់រូបស្អាត កញ្ញា សុផា លីនដា កាន់តែបង្ហាញភាពសិចស៊ីតាមរយៈការលេងស្ទីលតុបតែងកាយស៊ីអារម្មណ៍ សាច់សខ្ចី គួបផ្សំនឹងដើមទ្រូងមូលក្លុំ ដ៏ទាក់ទាញនូវចំណាប់អារម្មណ៍បុរសមិនតិចចង់បានជាគូថ្នាក់ថ្នមចិន្តា។
តែចាប់តាំងពីបានចូលប្រឡូកវិថីសិល្បៈក្នុងឆ្នាំ ២០០៩ មកលើជំនាញតារាស្រីម៉ូដែលនោះ ស្រីស្រស់រាងខ្ពស់ស្រឡះ ចូលចិត្តបង្ហាញភាពសិចស៊ីផ្នែកល្វែងលើទាក់ក្រសែភ្នែកបុរសៗឲ្យតាមគយគន់មិនជិនណាយ កញ្ញា សុផា លីនដា ក៏ទទួលបានការកត់សម្គាល់ផងដែរពីមហាជនថា៖ «ហេតុអ្វីបានជាកញ្ញា សុផា លីនដា ស្អាតប៉ុណ្ណឹងដែរ ម៉េចមិនដែលឃើញនាងបានសម្តែងខ្សែភាពយន្តអ្វីមួយសោះអ៊ីចឹង? តើនាងគ្មានផលិតកម្មណាចាប់អារម្មណ៍ហៅថត ឬមកពីនាងទាមទារនូវតម្លៃខ្លួនថតកុននោះថ្លៃពេកទេដឹង?»។
ស្រាយនូវចម្ងល់នេះ តារាម៉ូដែលស្រីដែលជាកូនចៅអ្នករស់នៅក្នុងរាជធានីភ្នំពេញ មានរាងខ្ពស់ស្រឡះ រូបឆោមស្រស់ កញ្ញា សុផា លីនដា ក៏បង្ហើបឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «អូ!តាមពិតទៅ ចាប់តាំងពីនាងខ្ញុំចូលប្រឡូកសិល្បៈតាំងពីឆ្នាំ ២០០៩ មក នាងខ្ញុំហាក់ដូចជាទទួលបាននូវការងារផ្នែកម៉ូដែល និងថតស្ប៉តពាណិជ្ជកម្មច្រើនរហូតមក និងថ្មីៗនេះ ខ្ញុំក៏មានការងារ Freelance ជាពិធីការិនីនៅឯទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ទៀត គឺរឹតតែធ្វើឲ្យនាងខ្ញុំរវល់ខ្លាំង»។
កញ្ញា សុផា លីនដា បន្តថា៖ «ដោយសារភាពមមាញឹកខ្លាំងនឹងការងារបង្ហាញម៉ូដ និងការងារថតស្ប៉តពាណិជ្ជកម្មសម្រាប់ផ្សព្វផ្សាយផលិតផលអាហារសុខភាពជាប់រដឹកគួរសមនោះ ទើបខ្ញុំមិនអាចមានពេលគ្រប់គ្រាន់ទៅថតកុនឲ្យគេបានឡើយ។ ជារឿយៗគឺនាងខ្ញុំតែងមានផលិតកម្មភាពយន្តនានាក៏បានហៅថតទាំងកុនដុំ និងកុនភាគដែរ តែដោយសារខ្ញុំគ្មានពេលទៅថត ទើបមិនទាន់ហ៊ានទទួលគេ។
យ៉ាងណាការថតកុននេះ ក៏នាងខ្ញុំស្រឡាញ់ដែរ ហើយក៏សង្ឃឹមថា នឹងមានពេលអាចទៅថតកុនបាននឹងគេខ្លះមិនខាននោះឡើយ។ ចំពោះតម្លៃថតកុនវិញ គឺនាងខ្ញុំក៏នឹងមិនទាមទារជ្រុលឡើយពីផលិតកម្ម ព្រោះថា នាងខ្ញុំមិនទាន់មានបទពិសោធច្រើននៅលើវិថីភាពយន្តនេះនៅឡើយនោះទេគឺអាចចរចាគ្នាបាន»។
គួរបញ្ជាក់ដែរថា ចំពោះរឿងស្នេហាវិញ តារារូបស្រស់នេះ ក៏ពើបប្រទះដំណឹងខ្ចរខ្ចាយជាព័ត៌មានថា កញ្ញា សុផា លីនដា មានទំនាក់ទំនងបេះដូងជាមួយនឹងតារាចម្រៀងប្រុសរូបសង្ហានៅផលិតកម្មហង្សមាសគឺលោក នៅ ស៊ីនឿន ជាយូរមកហើយ តែនាងក៏ធ្លាប់បកស្រាយថាបានបែកគ្នាវិញផងដែរ។ តែនាដើមខែកុម្ភៈ ក្នុងឆ្នាំ ២០១៨ នេះ គេប្រទះឃើញនៅពេលដែលតារាចម្រៀងលោក នៅ ស៊ីនឿន ឡើងយន្តហោះធ្វើដំណើរចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនោះ ក៏ស្រាប់តែឃើញវត្តមានស្រីស្អាត សុផា លីនដា ជាអ្នកជូនដំណើរបុរសរូបសង្ហាទៅវិញ បើទោះបីជាកន្លងមកមានព័ត៌មានថា អ្នកទាំង ២ បានបែកបាក់គ្នាហើយក្ដី៕