ភ្នំពេញ៖ ខណៈអនាគតគូដណ្តឹង ដែលត្រៀមដឹកដៃគ្នាធ្វើពិធីភ្ជាប់ពាក្យនៅខែវិច្ឆិកា តែអកុសលបានរងគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតកាលពីចុងខែសីហានោះ រំលងវេលាច្រើនថ្ងៃហើយ តារាសម្ដែងរូបស្រស់កញ្ញា សួង ស៊ីធឿន នៅតែពុំទាន់ស្រាកស្រាន្តពីទុក្ខស្នេហ៍ព្រាត់ស្លាប់ ដោយនាងទទូចចង់នៅស្ងប់ស្ងាត់ផ្ដាច់ទំនាក់ទំនងពីពិភពខាងក្រៅ។
នៅលើបណ្តាញសង្គមរបស់តារាស្រីរូបនេះផ្ទាល់ កញ្ញាបានបង្ហោះសារយ៉ាងសោកសង្រេងថា៖ «កុំខ្លាចណាបង អូននៅជិតបងខែ ១១ យើងភ្ជាប់ពាក្យ» រួមជាមួយរូបភាពបង្ហាញពីកញ្ញា សួង ស៊ីធឿន អង្គុយជិតមនុស្សម្នាក់ដេកស្តូកស្តឹងដណ្តប់ដោយក្រណាត់ស និងមានដុតធូបខាងចុងជើងដូចជាកំពុងដង្ហោយហៅគូស្នេហ៍ឲ្យត្រឡប់មកវិញយ៉ាងក្រៀមក្រំ»។
បន្ទាប់ពីបានបង្ហោះរូបភាពកាន់ទុក្ខយ៉ាងក្រៀមក្រំនៅក្នុងបណ្តាញសង្គមជាសាធារណៈហើយ មានអ្នកលេងក្នុងបណ្តាញសង្គមមួយចំនួនបានសរសេរសារលើកទឹកចិត្ត ឲ្យតារាស្រីរូបនេះរឹងមាំ និងអ្នកខ្លះទៀតបែរជាគិតថា ជាការរៀបចំការសម្តែងភាពយន្តទៅវិញ។
បុរសដែលជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទទួលមរណភាព ដែលមានគេស្គាល់ច្បាស់ថា ជាគូស្នេហ៍របស់តារាសម្តែងស្រីល្បីជាតួខ្មោច កញ្ញា សួង ស៊ីធឿន ត្រូវបានគេដឹងថាឈ្មោះ សូ តារា ដោយលោកមិនមែនជាអ្នកសិល្បៈនោះទេ។
មុនពេលកើតហេតុការណ៍គួរឲ្យសោកស្តាយដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ត្រៀមនឹងដឹកដៃចូលពិធីភ្ជាប់ពាក្យបញ្ចប់ពាក្យសង្សារ តារាស្រីរូបស្រស់ឆ្វាក់តំណែងតួខ្មោច កញ្ញា សួង ស៊ីធឿន ក៏បានបង្ហោះរូបភាពផ្អែមល្ហែមក្នុងបណ្តាញសង្គមជាច្រើនសន្លឹកដោយបើកចំហ ធ្វើឲ្យមហាជនមានការស្ងើចសរសើរតារាសម្តែងស្រីរូបនេះហ៊ានបញ្ចេញពីទំនាក់ទំនងស្នេហ៍ ដោយមិនខ្លាចបាត់បង់ប្រជាប្រិយភាពក្នុងអាជីពជាអ្នកសិល្បៈ។
តារាសម្តែងស្រីវ័យក្មេងដែលបានអភិវឌ្ឍខ្លួនក្នុងអាជីពជាអ្នកសិល្បៈបានយ៉ាងឆាប់រហ័ស និងមានទីផ្សារសម្តែងភាពយន្តជាពិសេសកុនខ្មោចកញ្ញា សួង ស៊ីធឿន បានឆ្លើយតបមកកាន់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងនាទីដ៏ខ្លីថា៖ «សុំទោសបង នៅពេលនេះខ្ញុំមិនមានអារម្មណ៍ក្នុងការបកស្រាយអ្វីទាំងអស់ពិតជាសុំទោសមែន»។
បើគិតចាប់ពីថ្ងៃកើតហេតុពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ កន្លងមកនេះ ពិធីបុណ្យ ៧ ថ្ងៃ នៃសពលោក សូ តារា អនាគតគូដណ្តឹងតារាសម្តែងស្រីសាច់សខ្ចី សួង ស៊ីធឿន គឺត្រូវបញ្ចប់សព្វគ្រប់ហើយដែរ ប៉ុន្តែអតីត Freshie Girl ជំនាន់ទី ១៥ រូបនេះនៅតែមិនទាន់ដាច់អាល័យ និងអាចកាត់បានពីគូស្នេហ៍នោះទេ ដោយសង្កេតឃើញថានាងតែងតែបន្តបង្ហាញភាពក្រៀមក្រំនៅក្នុងបណ្តាញសង្គមជារៀងរាល់ថ្ងៃក្រោយពេលគូកំណាន់ចិត្តដែលកៀកថ្ងៃបំពាក់ចិញ្ចៀនភ្ជាប់ពាក្យបែរជាលាចាកលោកនេះ៕