ភ្នំពេញៈ ក្រោយពី​បាន​បំពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ដើម្បី​បន្សាប​ដំណឹង​ចចាមអារ៉ាម​នៃ​ភាពស្រពេចស្រពិល​អំពី​សម្ព័ន្ធ​ស្នេហ៍​ខ្លួន​រំលង​បាន​ប្រមាណ​មួយ​ខែ​មក​នោះ ក៏​ស្រាប់​តែ​គេ​ឃើញ​តារាចម្រៀង​ស្រី​មាន​សំនៀង​ផ្អែម​ពីរោះ និង​រូបសម្រស់​ស្រស់​សោភា​កញ្ញា សួស វីសា និង​គូដណ្តឹង​លោក ប៊ុនថុល ប៊ុនថង ហៅ ថមមី បណ្តើរ​គ្នា​ទៅ​ថត​ Pre-wedding នៅឯ​ខេត្ត​សៀមរាប ជា​ការត្រៀម​សម្រាប់​ពិធី​មង្គលការ​នាពេល​ឆាប់ៗ​នេះ​ហើយ​មើល​ទៅ​។

បណ្តុំ​រូបថត​ជាច្រើន​សន្លឹក​ដែល​បាន​ផូស្ត ជា​ហូរហែ​ចេញ​ពី​គណនី​ហ្វេសប៊ុក​ទាំង​ ២ ​នាក់​តែ​ម្តង​ដោយ​អម​ដោយ​សារ​បែប​ចង់​ប្រាប់​ដល់​មហាជន​ឲ្យ​បាន​ដឹង​ឮថា​៖ «​នេះ​ជា​រូបថត​ដ៏សែន​មាន​ន័យ​ដំបូង​នៃ​ជីវិត​របស់​ពួកយើង​ខ្ញុំ រូបថត Pre-wedding នៅ​លើ​ទឹកដី​អង្គរ​នៃ​ខេត្ត​សៀមរាប​។ នៅ​មាន​រូបថត​ជាច្រើន​ទៀត​ដែល​យើង​នឹង​បង្ហាញជូន​ជា​បន្តបន្ទាប់ ព្រោះ​ស្អែក​យើង​នៅ​ថត​នៅ​ទីនេះ​ពេញ​ ១ ​ថ្ងៃ​ទៀត​» ​កាលពី​ចុង​សប្តាហ៍​កន្លង​មក​។

តារាចម្រៀង​ស្រី​ដែល​កំពុង​តែ​ស្រូប​បាន​ប្រជាប្រិយភាព​ពី​មហាជន​នៅក្នុង​វិស័យ​សិល្បៈ​ចម្រៀង បន្ទាប់ពី​បាន​គ្រង​តំណែង​ជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក The Voice Kids Cambodia រដូវកាល​ទី​ ២ កញ្ញា សួស វីសា ទើប​តែ​បាន​ភ្ជាប់ពាក្យ​ជាមួយ​នឹង​គូស្នេហ៍​ជា​តារាសម្តែង និង​តារា​ម៉ូដែល​លោក​ ប៊ុនថុល ប៊ុនថង ហៅ ថមមី កាលពី​ថ្ងៃ​ទី ៧ ខែ​មិថុនា​កន្លង​មក បន្ទាប់ពី​បាន​កសាង​ស្នេហ៍​ក្នុង​នាម​ជា​គូសង្សារ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​។

នាពេល​កន្លងមក​ថ្មីៗ​នេះ​ក៏​មាន​ដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ល្បី​ថា​នៅ​ថ្ងៃ​ខួបកំណើត​លោក ថមមី ក្រៅពី​បាន​រៀបចំ​នៅ​ផ្ទះវីឡា​ទំនង​ជា​ទ្រនំ​រួម​ស្នេហ៍ ក្រោយពី​រៀបការ​ពួកគេ​នោះ​ក៏​លេច​វត្តមាន​រថយន្ត​ថ្មី​សន្លាង​ម៉ាក Lexus NX 200t តម្លៃ​ខ្ទង់ ៣-៤ ម៉ឺន​ដុល្លារ លេច​ឮថា កញ្ញា សួស វីសា មាន​ចំណែក​ទិញ​ជូន​គូស្នេហ៍​ផង​ដែរ​។

យ៉ាងណា​ក្រោយ​ពី​ថតរូប Pre-wedding នៅឯ​តំបន់​ខេត្ត​សៀមរាប​រួច​ទៅ តើ​នឹង​មាន​ទីកន្លែង​ណា​ខ្លះ​ទៀត​សម្រាប់​គូស្នេហ៍​នេះ​ត្រូវ​ថត​ទៀត និង​គ្រោង​កំណត់​វេលា​ចូល​រោងការ​នៅ​ថ្ងៃ​ខែ​ណា​ច្បាស់​នោះ​ឡើយ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​ទទួល​បាន​ការបញ្ជាក់​ប្រាប់​បន្ថែម​ពី​សំណាក់​កញ្ញា សួស វីសា និង​លោក ថមមី ឡើយ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​អ្នក​ទាំង​ ២ សុទ្ធតែ​មិន​អាច​ទាក់ទង​បាន​។

តែ​តារាស្រី​ទ្រនំ​ហង្សមាស​រូបនេះ​ធ្លាប់​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​៖ «​ដោយសារ​តែ​មួយ​រយៈ​ក្រោយនេះ ខ្ញុំ​មាន​ភាពជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ និង​មាន​ការជំរុញ​អំពី​ចាស់ទុំ​បាន​លើក​ហេតុផល​ថា ពួកយើង​ជោគជ័យ​លើ​ការងារ​ហើយ​ក៏​ដល់​ពេល​គិត​ពី​ជីវិត​គូ​ដែរ អ៊ីចឹង​ខ្ញុំ​ទាំង ២ ​នាក់​ក៏​សម្រេចចិត្ត​ភ្ជាប់ពាក្យ និង​មាន​គម្រោង​ចូល​រោងការ​ចុង​ឆ្នាំ​នេះឯង​»៕