ភ្នំពេញៈ តារាចម្រៀង​ស្រី​មាន​សំនៀង​ផ្អែម​ពីរោះ និង​រូប​សម្រស់​ស្រស់​សោភា​កញ្ញា សួស វីហ្សា កំពុងតែ​ទទួល​បាន​ប្រជាប្រិយភាព​ពី​មហាជន​ក្នុង​វិស័យ​សិល្បៈ​បន្ទាប់ពី​បាន​គ្រង​តំណែង​ជា​គ្រូបង្វឹក​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក The Voice Kids Cambodia រដូវកាល​ទី​ ២ ទើប​តែ​ភ្ជាប់ពាក្យ​ជាមួយ​គូស្នេហ៍​តារាសម្តែង និង​ជា​តារា​ម៉ូដែល​លោក ថមមី កាលពី​ថ្ងៃទី​ ៧ ខែ​មិថុនា កន្លង​ទៅ​នេះ​។

បន្ទាប់ពី​បាន​សាង​ស្នេហ៍​ក្នុង​នាម​ជា​សង្សារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​បាន​បណ្តើរ​គ្នា​ចេញចូល​ស្ទើរ​តែ​គ្រប់​កម្មវិធី​តូចធំ ព្រម​ទាំង​ជូន​ទៅ​ធ្វើការ​គ្រប់​ទីកន្លែង សូម្បី​តែ​ទៅ​ក្រៅ​ប្រទេស​តារាស្រី​មាន​សមត្ថភាព​ខ្ពស់​ទាំង​សំឡេង និង​ការសម្តែង​កញ្ញា សួស វីហ្សា និង​គូស្នេហ៍​អាយុ​តិច​ជាង ៣ ​ឆ្នាំ​លោក ប៊ុនថុល ប៊ុនថង ហៅ ថមមី តារា​បង្ហាញម៉ូដ និង​ជា​តារាសម្តែង​ទើបតែ​សម្រេច​ចិត្ត​ភ្ជាប់ពាក្យ និង​កំណត់​ថ្ងៃ​ចូលរោង​ជ័យ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

តារាស្រី​ទ្រនំ​ហង្សមាស​រូបនេះ​បាន​ថ្លែង​មកកាន់ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​ដោយ​តែមួយ​រយៈ​ក្រោយ​នេះ ខ្ញុំ​មាន​ភាពជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ និង​មាន​ការជំរុញ​​ពី​ចាស់ទុំ​ផង ដោយ​គាត់​បាន​លើក​ហេតុផល​ថា ពួកយើង​ជោគជ័យ​លើ​ការងារ​ហើយ ហើយ​ក៏​ដល់​ពេល​គិត​ពី​ជីវិត​គូ​ដែរ អ៊ីចឹង​ខ្ញុំ​ទាំង ២ នាក់​ (​ថមមី និង​សួស វីហ្សា​) ក៏​សម្រេចចិត្ត​ភ្ជាប់ពាក្យ និង​មាន​គម្រោង​ចូល​រោងការ​នៅ​ចុង​ឆ្នាំ​នេះឯង​»​។

គួរ​បញ្ជាក់​ដែរ​ថា​តារាស្រី​ សួស វីហ្សា មិន​ត្រឹម​តែ​មាន​សមត្ថភាព​ផ្នែក​ចម្រៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ទេពកោសល្យ​ក្នុង​ការសម្តែង​ដូចគ្នា ដោយ​នាង​ទើប​តែ​បាន​បញ្ចប់​កុន​ភាគ​ថ្មី​របស់​ផលិតកម្ម​រស្មី​ហង្សមាស​ «​រាជបុត្រ​កង្កែប​» និង​គ្រោង​ចាក់​បញ្ចាំង​ក្នុងពេល​ឆាប់ៗ​នេះ​។ ក្រៅពី​នេះ​ក៏​នៅ​ចេញ​បទចម្រៀង​ថ្មីៗ​ជាច្រើន​បទ​ផង​ដែរ​។

តារាចម្រៀង​ស្រី​សាច់​សខ្ចី​វ័យ​ ២៦ ​ឆ្នាំ​កញ្ញា សួស វីហ្សា ក៏បាន​បង្ហើប​ប្រាប់​ពី​គម្រោង​ថ្ងៃ​អនាគត​ផង​ដែរ​ថា​៖ «​បន្ទាប់ពី​រៀបការ​ហើយ​ក្រៅពី​ការងារ​សិល្បៈ​ពួកយើង​ក៏​មាន​គម្រោង​ធ្វើ​ជំនួញ​ដែរ ទី​ ១ គឺ​រកស៊ី​ខាង​អចលនទ្រព្យ ទី​ ២ បើក​ហាង​លក់​ប្រភេទ​ខូស្មិចទិក (​គ្រឿងសម្អាង​) និង​ទី ៣ បើក​កន្លែង​លក់​អី​ញ៉ាំ ឬ​កន្លែង​ផឹកស៊ី​អីហ្នឹង គ្រាន់តែ​ថា ពួក​ខ្ញុំ​មាន​គម្រោង​ថា បើក​ជា​លក្ខណៈ​ធំៗ​ដែរ​»​។

បន្ទាប់ពី​កាក់កប​ក្នុង​អាជីព​ជា​អ្នកសិល្បៈ​ដែល​ជា​តារាចម្រៀង​ស្រី​លេចធ្លោ​មួយ​រូប​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​តារាស្រី​សម្តី​ផ្អែម​រូបនេះ​ក៏បាន​បង្ហើប​ពី​តម្លៃ​ក្នុង​ការចូល​កម្មវិធី​ផ្សេងៗ និង​ចូលរួម​ក្នុង​ការប្រគំ​តន្ត្រី​ដែរ​ថា នឹង​ត្រូវ​ឡើង​ថ្លៃ​ពាក់កណ្តាល​នៃ​តម្លៃ​ចាស់​ដោយ​លើក​ហេតុផល​ថា រូបនាង​មាន​ភាពមមាញឹក​ខ្លាំង​។

ស្រីស្រស់ សួស វីហ្សា បាន​បង្ហើប​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ផង​ដែរ​ថា​៖ «​ក្រោយ​ពេល​រៀបការ​រួច ពួកយើង​ក៏​មាន​គម្រោង​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ក្រៅ​ប្រទេស​ដែរ តែ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ថា​ទៅ​ប្រទេស​មួយ​ណា ព្រោះ​ថ្ងៃ​រៀបការ​នៅ​យូរ​ដែរ អ៊ីចឹង​នៅ​គិត​មើល​សិន​»៕