ភ្នំពេញ៖ អតីត​ស្រី​ស្អាត​លេខ ​១​​ ប្រចាំ​ឆ្នាំ​​ ២០១៤ កញ្ញា ស៊ីន យូប៊ីន ​​កំពុង​តែ​កាក់កប​ខ្លាំង​ទីផ្សារ​ថត​កុន​នៅ​​​ថៃ​​ ខណៈ​​នាង​មិន​ត្រឹមតែ​ស្រូប​បាន​ប្រជាប្រិយភាព​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ក៏​អាច​មាន​សមត្ថភាព​​​បញ្ចេញ​​ទេពកោសល្យ​​​សម្តែង​ធ្វើ​ឲ្យ​ផលិតករ​ប្រទេស ​ថៃ ពេញ​ចិត្ត​ខ្លាំង​បន្ត​កុងត្រា​ថ្មី​ ព្រម​ទាំង​​ទាក់​​ចិត្ត​អ្នក​គាំទ្រ​​ជាតិ​ថៃ​ទទួល​​​ស្គាល់​ផង​​ដែរ​។​​​​

ថ្មីៗ​នេះ​លេច​ដំណឹង​ថា ​មាន​ផលិតករ​ថៃ​ជ្រើសរើស​តារា​​ស្រី​ស្រស់​ស្អាត ​ពោរ​ពេញ​ទៅ​ដោយ​ទេពកោសល្យ​​កញ្ញា ស៊ីន យូប៊ីន គ្រង​​តំណែង​ជាតួ​ឯក​​ ក្នុង​កុន​ផ្សេង​ទៀត ​បន្ទាប់​​ពី​កុន​​រឿង​ «The Protect» ដែល​នឹង​​ត្រូវ​ចាក់​បញ្ចាំង​គ្រប់​រោង​កុន​​​​នៅ​​​ទីក្រុង​បាងកក​​ នៅ​ថ្ងៃទី ​២៨ ខែ ​តុលា​ ខាង​មុខ​នេះ​ ដែល​ជា​ខ្សែ​ភាពយន្ត​បែប​កំប្លែង​ និង​ចូលរួម​​សម្តែង​ដោយ​តារា​កំប្លែង​​ជើង​ចាស់​ល្បី​ថៃ គឺ​​លោក​ Mum Jokmok នោះ។

តារាសម្តែងស្រី​ ដែល​សម្បូរ​ទីផ្សារ​ថត​កុន​​នៅ​​ថៃ​កញ្ញា ស៊ិន យូប៊ីន​។ ហុង មិនា

ដោយសារ​តែ​​តារា​សម្តែង​ស្រី​ល្បី​ទាំង​សមត្ថភាព​សម្តែង​ និង​មាន​ទឹក​ដម​បក​ស្រាយ​ចម្រៀង​​​​ពីរោះ​រណ្តំ​​ក្នុង​​ លំនាំ​​បទ​​​​ពី​ដើម​កញ្ញា ស៊ីន យូប៊ីន​ មាន​​ភារ​កិច្ច​​ចូលរួម​ក្នុង​កម្មវិធី​មហោ​ស្រព​​​​ភាពយន្ត​អន្តរជាតិ​ Silk Road International Film Festival នៅ​​ខេត្ត​ហ្វូជៀន​ ប្រទេស ​ចិន​ ជា​មួយ​តារា​សម្តែង​ប្រុស​ ដែល​ល្បី​ថា​​ជា​គូ​ស្នេហ៍ គឺ​​លោក​ ខាត់​ វ៉ៃហាំង​ កាល​​ពី​ថ្ងៃ​ទី ​១៥ ខែ​តុលា​ កន្លង​ទៅ​នេះ​ នឹង​​ត្រូវ​ត្រឡប់​​មក​កាន់​ប្រទេស ​កម្ពុជា ​វិញ​នៅ​ថ្ងៃ​ទី ​១៩ ខែ​​តុលា​ខាង​មុខ​ នេះ​ទើប​ខាង​ភ្នំពេញ​ប៉ុស្តិ៍ ​មិន​អាច​សុំ​ធ្វើ​​ការ​​បក​ស្រាយ​ពី​​ចំណាប់​អារម្មណ៍​បាន​គ្រង​​តំណែង​ ​​តួ​ឯក​រឿង​ថ្មី​ឡើយ​។​

តែ​បើ​តាម​កញ្ញា លក្ខិណា ​ដែល​ជា​ជំនួយ​​ការ​ផ្ទាល់​របស់​កញ្ញា ស៊ីន​ យូប៊ីន​ បាន​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ពី​មូលហេតុ​នាំ​ឲ្យ​​​ផលិតករ​ថៃ​ ជ្រើស​​យក​​តារា​ស្រី​ ដែល​មាន​​វត្តមាន​នៅ​​ក្នុង​​កុន​ខ្នាត​ធំ រឿង«The Protect» ថា​ ៖ ​«ដោយសារ​ខាង​ផលិតករ​ថៃ​​​ គាត់​ឃើញ​​ថា​ យូប៊ីន អាច​ប្រើប្រាស់​ភាសា​​ថៃ​បាន​ល្អ​ ហើយ​ណា​មួយ​គាត់​​ ក៏​ពេញ​ចិត្ត​​ទេពកោសល្យ​សម្តែង​របស់​ យូប៊ីន​ ផង​ដែរ ​ហើយ​ណា​​​មួយ​​គាត់ ​(យូប៊ីន) ក៏​មាន​មិត្ត​ភក្តិ ឬ​​អាច​ថា​ Manager របស់​ យូប៊ីន​ ​ម្នាក់​ដែរ​នៅ​ថៃ​​ អ៊ីចឹង​គេ​ក៏​​ណែនាំ​ឲ្យ​​ស្គាល់​ផលិតករ​ខាង​ថៃ​ គេ​ក៏​អញ្ជើញ​យើង​ទៅ​ថត​​រឿង​ដុំ​តែ​ម្តង​ទៅ​​»។

បន្ទាប់​ពី​​​កុន​ដំបូង​រឿង ​​​«The Protect» ដែល​ត្រៀម ​​ចាក់​បញ្ចាំង​នៅ​ក្នុង​ពេល​​ឆាប់ៗ​នេះ​ កញ្ញា ស៊ីន​ យូប៊ីន​ ក៏​ ទទួល​បាន​កុន​ដុំ​ចំនួន ​២ បន្ត​ទៀត​​ដែរ។ ​បើ​តាម​​ជំនួយ​ការ​ផ្ទាល់​ខ្លួន​តារា​​ស្រី​រូប​នេះ​បាន​បង្ហើប​ថា​​៖​ «​ក្នុង​ពេល​នេះ ​​ខាង​​យើង​ក៏​បាន​​ទទួល​​កុងត្រា​កុន ២ រឿង​​ទៀត​ ដោយ​យើង​ក៏​មិន​​អាច​ប្រាប់​ពី​ចំណង​​​ជើង​ និង​សាច់​រឿង​បាន​​​ដែរ ​ប៉ុន្តែ​ក្នុង​រយៈពេល​​ប៉ុន្មាន​ខែ​នេះ​ យូប៊ីន​ ប្រហែល​ត្រូវ​ទៅ​​​នៅ​ប្រទេស ​ថៃ ​ច្រើន​​ជាង​ស្រុក​ខ្មែរ​ដោយ​សារ​គាត់​ ត្រូវ​ទៅ​​សម្តែង កុន​ ២ ​រឿង​ថ្មី​នោះ​ឯង​​»៕​