ក្រុង​ស្ដុកខូលម៍៖ ក្រុម​អ្នក​រៀបចំ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ស៊ុយអែត​បាន​បង្កើត​កម្មវិធី​ផ្ដល់​ប្រាក់​ ១ លាន​ដុល្លារ ​ចំនួន ២ ​រង្វាន់​សម្រាប់​ជា​ដំណោះ​ស្រាយ​ចិញ្ចឹម​មនុស្ស​រាប់​ពាន់​លាន​នាក់​ ខណៈ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​គំរាម​កំហែង​លើ​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ពិភព​លោក​ និង​កំណើន​ប្រជាជន​ដែល​តម្រូវ​ឲ្យ​មាន​ចីរភាព​ប្រព័ន្ធ​ស្បៀង​អាហារ​។

លោក ចូហាន រ៉ុកស្ដ្រូម នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ការ​ប្រែប្រួល​អាកាសធាតុ​ Potsdam ប្រទេស ​អាល្លឺម៉ង់ ដែល​នឹង​ធ្វើ​សហ​អធិបតី​គណៈកម្មការ​ប្រកួត​ប្រជែង​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «​យើង​ត្រូវ​ការ​ឲ្យ​មាន​ដំណោះ​ស្រាយ​ផ្នែក​ប្រព័ន្ធ​ស្បៀង​អាហារ​ បើ​យើង​មិន​ចង់​ឲ្យ​ផែនដី​នេះ​រង្គោះរង្គើ​។ ពាន​រង្វាន់​ស្បៀង​ផែនដី​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ចូលរួម​ចំណែក​សម្រេច​គោលដៅ​នេះ​»។

របាយការណ៍​ពី Curt Bergfors Foundation បាន​​ឲ្យ​ដឹង​ថា​៖ «ពាន​រង្វាន់​ស្បៀង​ផែនដី​ ២ នឹង​ប្រគល់​ឲ្យ​ប្រចាំ​ឆ្នាំ​ ដោយ​រង្វាន់ ​១ ​ផ្ដោត​លើ​ដំណោះ​ស្រាយ​​​ស្បៀង​អាហារ​​ចីរភាព​ដែល​មាន​ស្រាប់​»។

លោក ​លីន ហ្គូដុន ប្រធាន​មជ្ឈមណ្ឌល​ Stockholm Resilience Centre នៅ​សាកលវិទ្យាល័យ​ស្ដុកខុម និង​ជា​សហ​គណៈកម្មការ​ជាមួយ រ៉ុកស្ដ្រូម បាន​បន្ដ​ថា​៖ «​វា​អាច​ផ្គត់ផ្គង់​មនុស្ស ១០ ពាន់​លាន​នាក់ ​លើ​របប​អាហារ​ប្រកប​ដោយ​សុខភាព​ ខណៈ​វា​ក៏​ត្រូវ​មាន​ការ​គិត​គូរ​ដល់​ជីវគោល​ផង​ដែរ។ យើង​ចង់​ឲ្យ​ពាន​រង្វាន់​ស្បៀង​ផែនដី ​២ ទទួល​ស្គាល់​ដំណោះស្រាយ​សំខាន់​បំផុត​ដែល​មាន​ប្រសិទ្ធភាព​យ៉ាង​ឆាប់​រហ័ស​»។

យោង​តាម​​អង្គការ Curt Bergfors Foundation បាន​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​ទី ១ ​ដែល​ជា​ប្រាក់ ១ លាន​ដុល្លារ​នេះ ​នឹង​ត្រូវ​បាន​ប្រគល់​ «នៅ​ចុង​ឆ្នាំ ​២០២០»៕ AFP/HR