ក្រុងម៉ា្រឌីដ៖ អានឌ័រ មេនដេស និងក្រុមមិត្ដភក្ដិរំពឹងថា ពួកគេនឹងក្លាយជាអ្នកមានឆាប់ៗ ពេលពួកគេនឹកឃើញគំនិតលក់ស្ករគ្រាប់ចាហួយខ្លាឃ្មុំរសជាតិគ្រឿងស្រវឹង រហូតដល់ពួកគេបានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតស្ករគ្រាប់យក្ស ហារីបូ។
ឥឡូវជនជាតិអេស្ប៉ាញ ៣ នាក់នេះ បាននិយាយថា ពួកគេបារម្ភពីការចាញ់ប្រៀបស្ដេចស្ករគ្រាប់អាល្លឺម៉ង់ ដែលមានឈ្មោះល្បីចំពោះការផលិតស្ករគ្រប់ចាហួយ ជាពិសេសមានប្រវត្ដិតាំងពី ១០០ ឆ្នាំមុននៅភាគខាងលិចក្រុងបោន។
ក្នុងលិខិតផ្លូវច្បាប់ដែលមិនសូវ ផ្អែមល្ហែម ហារីបូ បានចោទប្រកាន់ក្រុមហ៊ុនថ្មីពីបទបំពានរូបយីហោខ្លាឃ្មុំតូច។ ប៉ុន្ដែនិស្សិតបញ្ចប់ការសិក្សាទាំងនេះបានទទូចថា ពួកគេនឹងបន្ដផលិតស្ករគ្រាប់ចាហួយ ខ្លាឃ្មុំស្រវឹង ដោយសារតែអតិថិជនចូលចិត្ដ។
ដោយការបង្កើតរោងចក្រនៅភាគខាងជើងប្រទេស អេស្ប៉ាញ អ្នកទាំង ៣ នាក់ បានបង្កើតផលិតផលគុណភាពខ្ពស់ជាមួយរសជាតិ ៥ ប្រភេទ ដែលច្រកក្នុងកែវអាចផ្ទុកបាន ៣០ គ្រាប់ និងលក់តម្លៃ ១០ ដុល្លារ។
ស្ករនីមួយៗមានពណ៌ខុសៗគ្នាដោយអាស្រ័យទៅតាមរសជាតិរបស់វា ដូចជា ពណ៌ខៀវតំណាងឲ្យស្រារ៉ាំ ពណ៌ផ្កាឈូកសម្រាប់ស្រាជីន និងស្ដ្រូប៊ឺរី ទឹកក្រូចសម្រាប់ស្រាវុដកា ហើយពណ៌ទឹកក្រូច ត្នោតសម្រាប់វីស្គី និងកូកា ខណៈពណ៌លឿងសម្រាប់ស្រាតិគីឡា និងក្រូចឆ្មារ។
លោក មេនដេស បានឲ្យដឹងថា ស្ករគ្រាប់ពី ៧ ទៅ ៩ គ្រាប់ ស្មើនឹងស្រា ១៥០ មិលី្លលីត្រ ខណៈពី ១៥ ទៅ ១៧ គ្រាប់ ស្មើនឹងស្រាជីន និងតូនិក ១ កែវពេញ។
រីឯស្ករចាហួយរបស់ហារីបូ អត់មានគ្រឿងស្រវឹងទេ និងលក់នៅរាប់ពាន់ហាង ជុំវិញពិភពលោកចាប់ពីអឺរ៉ុបរហូតដល់ចិន អូស្ដ្រាលី ប្រេស៊ីល និងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់ AFP ថា៖ «ដោយសារវាជាករណីធម្មតា ហារីបូ ចាប់ផ្ដើមចុះបញ្ជីដើម្បីការពារស្លាកយីហោស្របច្បាប់»។
ប៉ុន្ដែសម្រាប់លោក មេនដេស ដែលដឹកនាំ Osito & Co បានឲ្យដឹងថា វាជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតនៅពេលលោកបានទទួល «លិខិតឲ្យបញ្ឈប់» អាជីវកម្មពីក្រុមហ៊ុនមេធាវីតំណាងឲ្យ ហារីបូ៕ AFP/HR