ភ្នំពេញៈ ថ្មីៗ​ស្រាប់​តែ​តារាសម្តែង​ស្រីស្រស់​មាន​រាងស្លីម កញ្ញា ឌី សូនីតា ដែល​មហាជន​រមែង​ឃើញ​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល និង​ផ្អែមល្ហែម​ទៅ​តាម​ភាសាបរទេស ហៅ​គ្នា​នៅក្នុង​សម័យ​ទំនើប​រាប់អាន​គ្នា​ដូចជា​បងប្អូន «Sis និង Bro» ជាមួយ​តារាសម្តែង​ប្រុស​លោក អាឡិច ហ្សូរ៉ា នោះ​ក៏​បាន​បង្ហើរ​វិក្កយបត្រ​លក់​ដី​មួយ​កន្លែង​បង្ក​ការភ្ញាក់ផ្អើល​ពី​មិត្ត​អ្នកសិល្បៈ និង​មហាជន​។

អម​ដោយ​រូប​វិក្កយបត្រ​ដែល​មាន​ការបង់ប្រាក់​កក់​ថ្លៃ​ទិញ​ដី​ចំនួន ៥ ​ម៉ឺន​ដុល្លារ​នោះ តារាសម្តែង​ស្រី​ដែល​បាន​ហក់​ប្រឡូក​លើ​វិថី​សិល្បៈ​តាំងពី​ឆ្នាំ ២០០៨ និង​កំពុង​តែ​ស្រូប​បាន​ប្រជាប្រិយភាព​ច្រើន​ជា​លំដាប់​កញ្ញា ឌី សូនីតា ក៏​បង្ហើរ​នូវ​សំណេរ​បង្ហាញ​អំពី​អារម្មណ៍​សប្បាយចិត្ត​ជាមួយ​គ្រួសារ​ខ្លួន​ថា​៖ «​ដី​ម្តុំ​ហ្នឹង​លក់​បាន​ហើយ​ម៉ែ​»​។

មួយ​រំពេច​ក្រោយ​មក​ក៏​មាន​ការលើក​ឡើង​ដោយ​ភាពភ្ញាក់ផ្អើល​ថា​៖ «​អ៊ីយ៉ា​!​ពិត​ជា​មិន​ធម្មតា​មែន​! ស្ងាត់ៗ កញ្ញា ឌី សូនីតា ស្រាប់​តែ​ត្រូវប៉ាន់​ដី​! តើ​កញ្ញា​កំពុង​តែ​លក់​ដី​នៅ​ទី​ណា​ហ្ន​? ​តើ​បាន​ប៉ុន្មាន​ដែរ​ទៅ​ដោយ​គ្រាន់តែ​លុយ​កក់ ៥ ម៉ឺន ដុល្លារ ហើយ​នោះ​?»​។

តារាសម្តែង​ស្រី​ដែល​ត្រូវ​ប៉ាន់​នឹង​ការថត​ខ្សែភាពយន្ត​ដុំ​ខ្នាត​ធំ​រឿង «The Prey» ទើប​តែ​ចប់ និង​មាន​ភាព​មមាញឹក​នឹង​ការងារ​សិល្បៈ​ផង និង​ប្រកប​អាជីវកម្ម​ផង ឌី សូនីតា បាន​បង្ហើប​ទាំង​ភ្ញាក់ផ្អើល​នឹង​ការដឹង​រឿង​នាង​ទើប​ទទួល​បាន​លុយ​កក់​ពី​ការលក់​ដី​នោះ​ថា​៖ «​អូ​!​ខាង​បង​បាន​ដឹង​រឿងនេះ​ដែរ​ឬ​? តាមពិត​ទៅ​ដី​នោះ​គឺ​ស្ថិត​នៅ​តំបន់​ផ្សារ​ដី​ហុយ ហើយ​ទី​នោះ​ដែរ​គឺជា​តំបន់​ដី​កេរមរតក​របស់​គ្រួសារ​ប៉ាម៉ាក់​តាំងពី​នាង​ខ្ញុំ​នៅ​ក្មេង​មក​ម្ល៉េះ ខណៈ​នៅ​ទីនោះ​ពី​ដើមឡើយ​គ្រាន់តែ​ជា​ទីបឹង និង​នៅ​ជាប់​បណ្តាញ​ផ្លូវ​លូ​ទឹកស្អុយ​តែប៉ុណ្ណោះ​។ ហើយ​នាង​ខ្ញុំ​ផ្ទាល់​ក៏​មាន​ចំណែក​ទិញ​ដី​មួយ​ឡូត៍​នៅ​ជាប់​ដី​កេរ​ម៉ាក់ប៉ា​ដែរ ដូច្នេះ​បាន​ជា​ដី​ទីនោះ​មាន​ទំហំ​ធំ​អាច​ជួយ​ឲ្យ​តម្លៃ​ដី​មាន​ទីផ្សារ​មួយ​កម្រិត​ទៀត ឆាប់​លក់​ចេញ​បាន​ឆាប់​។ តែ​ប្រាក់កក់​បាន​មក​ក៏​ត្រូវ​ចំណាយ​វិញ​អស់​ហើយ​ដែរ ព្រោះ​កាលពី​ពេល​ទិញ​ដី​នោះ​ក៏​គ្រួសារ​នាង​ខ្ញុំ​បាន​ទៅ​យក​ប្រាក់​បង់​រំលស់​ខ្លះ​ផង​ដែរ​»​។

យ៉ាងណា​ក៏​គេ​មិន​អាច​ដឹង​ពី​ទំហំ​ដី​ប៉ុន្មាន​ម៉ែត្រការ៉េ និង​លក់​ដី​បាន​តម្លៃ​ប៉ុន្មាន​ពី​សំណាក់​តារាសម្តែង​ស្រី​ដែល​ក៏​ទើប​តែ​បាន​ទិញ​រថយន្ត​ថ្មី​សន្លាង​កាល​ចុង​ឆ្នាំ​ ២០១៨ ​កញ្ញា ឌី សូនីតា ឡើយ​ដោយ​នាង​គ្រាន់​តែ​ប្រាប់​ថា នាង និង​គ្រួសារ​បាន​ទិញ​ដី​ច្រើន​កន្លែង​ដែរ​ទាំង​នៅ​ម្តុំ​ផ្សារ​ដីហុយ​នៃ​ក្រុង​ភ្នំពេញ និង​នៅ​តាម​ខេត្ត​ខ្លះ​មួយ​ចំនួន​ទៀត​។

កញ្ញា ឌី សូនីតា ព្រលយ​ថា​៖ «​អាច​និយាយ​បាន​ថា ដី​នៅ​ម្តុំ​ផ្សារ​ដីហុយ​នោះ មាន​ទំហំ​ធំ​ជាង​គេ​បើ​ប្រៀប​ទៅ​នឹង​ដី នាងខ្ញុំ​បាន​ទិញ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទំហំ​តូចៗ​»៕