ភ្នំពេញ៖ បង្កការភ្ញាក់ផ្អើលខ្លាំងពីមហាជន ខណៈស្ងាត់ៗស្រាប់តែលេចរឿងតារាសម្តែង តារាម៉ូដែល និងពិធីការិនីទូរទស្សន៍កញ្ញា ម៉ៃយ៉ា មានស្វាមីជូនដើរកម្សាន្តក្រៅប្រទេសយ៉ាងផ្អែមល្ហែម ក្នុងអំឡុងពេលរដូវកាលបុណ្យភ្ជុំបិណ្ឌ កន្លងមកនៅកោះបាលី ប្រទេស ឥណ្ឌូនេស៊ី។
អ្វីដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមបន្ថែមនូវភាពងឿងឆ្ងល់នោះ ក្រោយពីកញ្ញា ម៉ៃយ៉ា បានបង្ហោះបណ្តុំរូបថតផ្អែមល្ហែមស៊ីអារម្មណ៍ដូចជាគូស្នេហ៍ថ្មីថ្មោងទើបរៀបការជាច្រើនសន្លឹក ដោយមានក្លែមសម្តីជាភាសាអង់គ្លេសថា៖ «Dream come true with my Husband Pich Tom Thank you for love me. Holiday in BALi» ខណៈមហាជនធ្លាប់ជ្រាបថា កញ្ញាទើបតែបានបង្ហើបថាម្ចាស់ចិត្តតែប៉ុណ្ណោះនោះ។
តារាសម្តែងស្រី ម៉ូដែល និងពិធីការិនី វ័យ ២៣ ឆ្នាំ កំពុងតែមានរូបឆោមស្រស់ សាច់សខ្ចី កូនកាត់ជាតិសាសន៍អាស៊ី-អឺរ៉ុប កញ្ញា ម៉ៃយ៉ា បានបង្ហោះរូបនែបនិត្យ ផ្អែមល្ហែម នឹងបុរសរូបសង្ហា ខុសពីធម្មតា មិនមែនជារូបថតសម្តែងកុនឡើយ ហើយកាន់តែគួរឲ្យសង្ស័យនោះ គឺកញ្ញាហ៊ានហៅបុរសនោះថា ប្តីពេញៗមាត់ និងមិនដែលឃើញមានការប្រកាសរៀបការនោះទេ។
តែតារាសម្តែងស្រីជាកូនកាត់កាន់តែមានរូបឆោមស្រស់កញ្ញា ម៉ៃយ៉ា ក៏នៅមិនទាន់បានបកស្រាយនូវចម្ងល់មហាជនចំពោះរឿងបុរសសង្ហា ដែលនាងហៅថាប្តីនោះ ពិតជាប្តីមែន ឬយ៉ាងណាទេ ដោយសារតែប្រព័ន្ធទូរស័ព្ទនាងត្រូវបានបិទ ដែលទំនងជាកំពុងមានវត្តមាននៅឯក្រៅប្រទេសនៅឡើយ។
កាលប៉ុន្មានសប្តាហ៍មុននោះ គេឧស្សាហ៍ឃើញកញ្ញា ម៉ៃយ៉ា បង្ហោះរូបថតស្និទ្ធស្នាលជាមួយនឹងបុរសរាងសង្ហាដែលមានត្រេមុខជាកូនចៅកាត់ចិននោះក៏បង្កប់សារខ្លីដែរថា «You are my everything!» ក៏ទាក់ទាញឲ្យមានអ្នកចូលទៅចុច Like និង Comment ជាហូរហែ ដោយសរសេរចំអន់ថា៖ «អីយ៉ាស! ទំនងជាកញ្ញាបានជួបនឹងម្ចាស់ចិត្តដែលធ្លាប់ប្រកាសរកកាលប៉ុន្មាន ខែនោះហើយមើលទៅហ្ន? ឬមួយគ្រាន់រូបភាពបំភាន់ភ្នែកមហាជនទេដឹង ព្រោះថារូបនេះអាចជារូបថតនឹងតារាប្រុសថ្មីនៅក្នុងការថតកុនថ្មីរបស់កញ្ញាក៏អាចថាបាន!»។
ស្រីស្រស់ជាកូនកាត់ ម្តាយខ្មែរ-ប៉ាអាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា ក៏ល្បីថា នាងសម្បូរក្រុមកន្លង់ចោមរោមតាមសុំស្នេហ៍មិនតិចទេចាប់ពីលំដាប់ពីអ្នកមានទ្រព្យស្តុកស្តម្ភរហូតទៅដល់ឋានៈឧកញ៉ានោះក៏ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នេះជារឿងពិត! មិនមែននិយាយ Drama លេងទេបង គឺខ្ញុំនិយាយពិតមែន! បុរសដែលខ្ញុំឧស្សាហ៍ថតរូបបង្ហោះមួយរយៈចុងក្រោយនោះ គឺពិតជាអ្នកដែលនាងខ្ញុំពេញចិត្ត និងទើបតែចាប់ផ្តើមមើលចិត្តថ្លើមគ្នាបណ្តើរៗហើយ»៕