ក្រុងសេអ៊ូល: ពេល​តន្ដ្រី​ចម្រៀង​កុមារ «Twinkle twinkle little star» ចាប់ផ្ដើម​បន្លឺ​ក្នុង​បន្ទប់រៀន​សម្រាប់​សិស្ស​អាយុ ៨ ​ទសវត្សរ៍​នៅ​កូរ៉េ​ខាង​ត្បូង​អ្នកស្រី ណាម យ៉ាងស៊ុន បាន​ច្រៀង​បន្ទរ​ជាមួយ​មិត្ដ​រួម​ថ្នាក់​អាយុ​សុទ្ធតែ​លើស​ខ្ទង់ ៧០ ​ឆ្នាំ​។

ជាមួយ​ប្រជាជន​សរុប​ដ៏សម្បូរ​ជន​ចាស់ជរា​របស់​កូរ៉េ​ខាង​ត្បូង និង​ការធ្វើ​ចំណាកស្រុក​ពី​ទីជនបទ​មក​ទីក្រុង​ដ៏ច្រើន​សន្ធឹក​នា​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​សាលា​បឋមសិក្សា​តាម​ភូមិ​កំពុង​ប្រឈម​បញ្ហា​ខ្វះ​សិស្ស​។

អ្នកស្រី ណាម អាយុ ៨៤ ​ឆ្នាំ​ជា​សិស្ស​ចំណាស់​បំផុត​ក្នុង​ចំណោម ៣ នាក់​រៀន​ថ្នាក់​ទី​ ២ នៃ​សាលា​បឋមសិក្សា Woldeung បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា ពួកគេ​មាក់ងាយ​ខ្ញុំ​ដោយសារ​ភាពអវិជ្ជា​របស់​ខ្ញុំ​»​។

មុខវិជ្ជា​ចំណូល​ចិត្ដ​របស់​យាយ​គឺ​គណិតវិទ្យា​។ លោកយាយ​បន្ដ​ថា​៖ «​វា​ពិតជា​គួរ​ឲ្យ​សប្បាយ​លេង​ពេល​យើង​បូក និង​ដក​លេខ​។ ខ្ញុំ​ចង់​រៀន​ដរាប​សុខភាព​នៅ​អំណោយផល​»​។

លោកយាយ ណាម យ៉ាងស៊ុន និង ផាក យ៉ាំងអេ ជា​សិស្ស​ថ្នាក់​ទី ២​។ រូបថត AFP

កូរ៉េ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មនុស្ស​ប្រុស​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ ដោយ​ក្រុមគ្រួសារ​នីមួយៗ​ប្រាថ្នា​កូនប្រុស​ជាង​កូនស្រី​រហូត​ដល់​ពេទ្យឆ្មប​នៅ​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ហាម​មិន​ឲ្យ​ប្រាប់​ភេទ​ទារក​ក្នុង​ស្បូន​ដល់​ឪពុកម្ដាយ​ឡើយ​។

សូម្បីតែ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ កូនស្រី​កូរ៉េ​ខ្លះ​មិន​មាន​ឱកាស​បាន​ចូលរៀន ជាពិសស​នៅ​តាម​ទីជនបទ​។ អ្នកស្រី ផាក យ៉ាំងអេ អាយុ ៧០ ​ឆ្នាំ​ជា​មិត្ដ​រួម​ថ្នាក់​យាយ ណាម ក្នុង​ខេត្ដ​ស៊ុនឈឿន ភាគ​អាគ្នេយ៍​ប្រទេស​និយាយ​ថា​៖ «​ជីតា​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​កូនស្រីៗ​ដូច​រូបខ្ញុំ​ចូលរៀន​ទេ​។ ខ្ញុំ​មាន​ការសោកស្ដាយ​ណាស់​ដែល​មិន​អាច​ចូល​ថ្នាក់​តាំងពី​កុមារភាព​»​។

ពេលនេះ​អ្នកស្រី​មាន​ឱកាស​បំពេញ​នូវ​អ្វី​ដែល​ខ្លួន​មិន​បាន​ធ្វើ​កន្លងមក​ជាមួយ​មិត្ដ​រួម​ថ្នាក់ ៤ ​នាក់​ទៀត មិន​ថា​ការសិក្សា​នោះ​ជា​ការប្រកប​មេរៀន ឬ​ច្រៀង​លេង​កម្សាន្ដ​នោះ​ទេ ពួកគេ​ពិតជា​រីករាយ​បំផុត​។

មិត្ដ​រួម​ថ្នាក់​អាយុ ៨ ​ឆ្នាំ គីម សឿងយុន បាន​និយាយ​លើក​សរសើរ​ពី​មិត្ដ​រួម​ថ្នាក់​វ័យ​ចំណាស់​ថា ពួកគាត់​នឹង​រៀន​យ៉ាង​តិច​ដល់​ថ្នាក់​ទី​ ៦ និង​បន្ដ​ទៅ​មធ្យមសិក្សា​ជាមួយ​ខ្លួន​។

កុមារា​រូប​នេះ​ថា​៖ «​ខ្ញុំ​នឹង​ក្រៀមក្រំ​បើ​គាត់​ឈប់​រៀន​»៕ HR