ក្រុង​ហាណូយ៖ ផ្ទៃ​ដី​គ្រប់​ចំអាម​ក្រាល​ទៅ​ដោយ​គ្រាប់​បែក​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាម​វៀតណាម​ អ្នកស្រី ង៉ុក ដឹកនាំ​ក្រុម​ស្ដ្រី​សុទ្ធសាធ​ដោះ​មីន​ ដោយ​សម្អាត​​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដែល​បាន​សម្លាប់​ពលរដ្ឋ​វៀតណាម​រាប់​សែន​នាក់​ រួម​ទាំង​ឪពុក​មា​របស់​អ្នកស្រី​ផង​ដែរ​។

អ្នកស្រី ឡេ​ ធីប៊ីញ ង៉ុក បាន​ប្រាប់​ AFP ពេល​ត្រួត​ពិនិត្យ​ការ​ដោះ​មីន​ចង្កោម​ដែល​ប្រទះ​ឃើញ​ភាគ​កណ្ដាល​ខេត្ដ​ក្វាងទ្រី​ថា​៖ «​គាត់​បាន​ស្លាប់​ក្នុង​ឧប្បត្ដិ​ហេតុ​ផ្ទុះ​គ្រាប់​។ ខ្ញុំ​ត្រូវ​រស់នៅ​ក្រោម​ស្រមោល​អតីតកាល​បែប​នេះ​»។

ផ្ទៃ​ដី​ជាង ៦,១ ពាន់​លាន​ហិកតា ក្នុង​ប្រទេស ​វៀតណាម រាយ​ប៉ាយ​ដោយ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ទម្លាក់​ដោយ​អាមេរិក ជា​ច្រើន​ទសវត្សរ៍​ក្រោយ​ពី​សង្គ្រាម​បាន​បញ្ចប់​ក្នុង​ឆ្នាំ ​១៩៧៥​។

ពលរដ្ឋ​វៀតណាម​យ៉ាង​តិច ៤ ម៉ឺន​នាក់ បាន​ស្លាប់​ទាក់ទង​នឹង​ឧប្បត្ដិហេតុ​ផ្ទុះ​គ្រាប់​សំណល់​​ចាស់ៗ។ ជន​រងគ្រោះ​ភាគ​ច្រើន​ជា​កសិករ​ ដែល​ប៉ះពាល់​គ្រាប់​ផ្ទុះ​ដោយ​ចៃដន្យ​ អ្នក​រើស​អេតចាយ ឬ​កុមារ​ដែល​ច្រឡំ​គ្រាប់​ប៊ុមប៊ី​ជា​របស់​លេង។

ផ្ទៃដី​ជាង ៦​ លាន​ហិកតា នៅ​មានមីន ដែល​រង់ចាំ​សម្អាត​ប្រែ​ក្លាយជា​ដី​ចម្ការ​។ រូបថត AFP

ជា​ផ្នែក​មួយ​នៃ​តំបន់​គ្មាន​កង​ទាហាន ដែល​ធ្លាប់​ត្រូវ​បាន​ហែក​ប្រទេស ​វៀតណាម ​ជា ​២ គឺ​ខាង​ជើង និង​ខាង​ត្បូង ខេត្ដ​ក្វាងទ្រី ស្ថិត​ក្នុង​ចំណោម​ខេត្ដ​រង​ការ​​ប៉ះពាល់​ផ្ទាល់​ខ្លាំង​ដោយសារ​សង្គ្រាម​។

អ្នកស្រី ង៉ុក នៅ​ចងចាំ​ចំពោះ​ទិដ្ឋភាព​គ្រាប់​ផ្ទុះ​បំបែក​សាច់​ពូ​បង្កើត​ ពេល​លោក​ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​ផ្ទុះ ពេល​លោក​ដើរ​រើស​ដែក​លក់​។ រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយ អ្នកស្រី ង៉ុក បាន​បំពេញ​ការងារ​ជា​អ្នក​ដោះ​មីន​ជាមួយ​អង្គការ​ Mines Advisory Group (MAG) ដែល​ផ្ដល់​មូលនិធិ​ដោយ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ជប៉ុន​។

បច្ចុប្បន្ន​បាន​ដោះ​មីន​ក្នុង​ផ្ទះ​កំណើត​របស់​ខ្លួន​រាប់​សិប​គ្រាប់​ជា​រៀង​រាល់​ថ្ងៃ ហើយ​អ្នកស្រី​ធ្វើ​កិច្ចការ​ងារ​នេះ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​។

អ្នក​ដោះ​មីន​ឈ្មោះ ត្រាន ធីហាញ បាន​ប្រាប់ AFP ថា ស្វាមី​របស់​អ្នកស្រី​បាន​រងរបួស​ដោយ​គ្រាប់​មីន​ផ្ទុះ​ ខណៈ​កំពុង​ធ្វើ​ការ​ ហើយ​អ្នកស្រី​មិន​ចង់​ឲ្យ​ហេតុ​ការណ៍​នេះ​កើត​ឡើង​ជា​ថ្មី​​ចំពោះ​អ្នក​ដទៃ​ឡើយ​។

នារីបំពេញ​បេសកកម្ម​ដោះមីន​ដ៏គ្រោះ​ថ្នាក់​ ដែល​​​ធ្លាប់តែជាការងារ​របស់បុរស។ រូបថត AFP

អ្នកស្រី​និយាយ​ថា​៖ «​នេះ​ជា​អ្វីដែល​ជំរុញ​ទឹក​ចិត្ដ​ខ្ញុំ​ឲ្យ​បំពេញ​កិច្ច​ការ​មួយ​នេះ​»។

ពេល​ទីតាំង​នេះ​ត្រូវ​បាន​សម្អាត ផ្ទៃ​ដី​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ដំណាំ​កសិកម្ម​។ ការ​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​ទូទាំង​ប្រទេស អាច​ចំណាយ​ពេល​ដល់ ១០០ ​ឆ្នាំ​ និង​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​មន្ទីរ​។

ប៉ុន្ដែ​វា​មិន​ទាន់​អាច​បញ្ឈប់​កិច្ចការ​របស់​អ្នកស្រី ង៉ុក ពី​បេសកកម្ម​ដ៏​គ្រោះ​ថ្នាក់​នេះ​ឡើយ ដែល​ភាគ​ច្រើន​ភារកិច្ច​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​បុរស​ ក្នុង​ខេត្ដ​ក្វាងទ្រី ជា​ទី​ដែល​ស្ដ្រី​ធ្វើ​ការងារ​តាម​រោងចក្រ​ និង​កសិកម្ម​។

អ្នកស្រី​អះអាង​ថា​៖ «​ការងារ​នេះ​មិនមែន​បំណង​ចង់​បាន​ប្រាក់​នោះ​ទេ​ វា​ជា​សកម្មភាព​សម្អាត​ដី​ និង​ធានា​សុវត្ថិភាព​ដល់​មនុស្ស​»៕ AFP/HR