ក្រុង​ញូវដែលី: គ្រីស្នា សេន ជា​នារី​ម្នាក់​មក​ពី​រដ្ឋ​អ៊ុតតា​ប្រាដេស ប្រទេស​ឥណ្ឌា ដែល​បាន​បង្ហោះ​រូប​ភាព​ជា​បុរស​កាល​ពី​ជាង ៤ ឆ្នាំ​មុននោះ​ ទើប​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រៀបការ​ជាមួយ​នារី ២ នាក់​ និង​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​មេម៉ាយ​ខាន់​ស្លា ​ដោយ​ស្រ​វា​ចង់​បាន​បណ្ណាការ​។

ដើមឡើយ ​គ្រីស្នា ហៅ ស្វីតទី សេន គ្រាន់តែចូលចិត្ត​ស្លៀក​ពាក់ដូច​ប្រុស​ធម្មតាៗ​ទេ​ តែ​កាល​ពី​ឆ្នាំ​ ២០១៣ នាង​ស្រាប់តែ​បែក​គំនិត បន្លំខ្លួន​ធ្វើ​​ជា​បុរស​ពេញ​លក្ខណៈ​​លើ​បណ្ដាញ​សង្គម និង​ទាក់​ទង​នារី​ៗ​តាម​អនឡាញ​ ក្នុង​បំណង​ញ៉ែ​ធ្វើ​ជា​សង្សារ​។

ជន​រង​គ្រោះ​ដំបូង​របស់​ ​គ្រីស្នា សេន គឺ​នាង កាមីនី មក​ពី​ក្រុង ហាដវ៉ានី ដែល​នាង​បាន​ជួប​តាម​អនឡាញ​កាល​ពី​ឆ្នាំ​ ២០១៤​។

មន្ដ្រី​ប៉ូលិស Janmejay Khanduri បាន​ប្រាប់​វិបសាយ​ India.com ថា​៖ «​សេន ធ្វើ​ឲ្យ​នារី​នោះ​ជឿថា ​នាង​ជា​បុរស​ពិតៗ​ ហើយ​ពួកគេ​បានរៀបការ​ក្នុង​ឆ្នាំ​ ២០១៤ ​ដោយ​ចាប់​ផ្ដើម​រស់​នៅ​ក្នុង​ផ្ទះ​ជួល​ក្នុង​ទី​ប្រជុំជន​ហាដវ៉ានី ស្រុក​នៃនីតាល់។ ប៉ុន្ដែ​ សេន ចាប់​ផ្ដើម​គំរាម​យក​បណ្ណាការ​»។

ក្នុង​ឆ្នាំ ២០១៦ គ្រីស្នា សេន ក៏​បាន​រៀប​ការ​ប្រពន្ធ​ទីពីរ ជានារី​ឈ្មោះ នីសា មក​ពី​ក្រុង​កាឡាឌុនហ្គី រដ្ឋ​អ៊ុតតា​រ៉ាខាន់​។ តែ​លើក​នេះ​ មិន​ដូចលើក​មុនឡើយ។

ប្រពន្ធ​ទីពីរ​បានឲ្យ​​​​ដឹង​ថា ស្វាមី​ខ្លួន​ជា​នារី​បន្លំ​ខ្លួន​ជា​ប្រុស​ តែ​ គ្រីស្នា សេន បាន​បិទ​មាត់​នាង​​ប្រពន្ធទីពីរ ដោយ​ផ្ដល់​លុយ​កាក់​ជា​ថ្នូរ​​ជួយ​រក្សា​ការ​សម្ងាត់​​​។ នាង​ក៏​ព្រម​ទទួល​ តែ​យ៉ាងណា អាថ៌​កំបាំង​នៅ​តែលាក់​មិនជិត ​​ពេល​ភរិយា​ទីមួយ​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ការ​វាយ​​ដំ​ និង​គំរាម​យក​បណ្ណាការ និង​បាន​ប្ដឹង​ប៉ូលិស​។

ទីបំផុត គ្រីស្នា សេន ត្រូវបាន​ចាប់​ខ្លួន​ និង​បានសារភាពថា​ ខ្លួន​​ជា​ស្ត្រី​ក្លែង​​ភេទ​ជា​​ប្រុស​​។ នាង​ក៏​​​បាន​ប្រាប់​ប៉ូលិស​លម្អិត​ថា នាង​មិន​អនុញ្ញាត​ឲ្យ​ភរិយា​ប៉ះពាល់​ខ្លួន​ប្រាណ​នាង​​ពេល​ថ្ងៃទេ។

ការ​​ផ្សំ​ដំណេក​នៅ​ថ្ងៃ​រៀបការ​​ត្រូវ​បាន​ធ្វើឡើង​ក្នុង​សភាព​ងងឹត​ស្លុប​ ដោយ​ប្រើ​ឧបករណ៍​សិច​ ដែល​នាង​បាន​ទិញ​តាម​អនឡាញ​។

នាង ​គ្រីស្នា សេន ត្រូវ​បាន​ចោទ​ពី​បទ​ក្លែង​ខ្លួន បោក​ប្រាស់ និង​ក្លែង​ឯកសារ​ និង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ព​ន្ធនាគារ ហាដវ៉ានី​។

យ៉ាងណាមិញ នាង​មិន​ប្រឈម​នឹង​​បទចោទ​ហិង្សា​ក្នុង​គ្រួសារ​ឡើយ​ ដោយ​យោងតាមច្បាប់​​នាង​មិន​មែន​ជា​ប្ដីពេញ​លេញ​​នោះ​ទេ​៕ HR/ប្រភព Odditycentral