ក្រុង​ប៊ែរឡាំង៖ រុញ​រទេះ​ក្នុង​ផ្សារ​ទំនើប គីគី ម៉ាល់លីយ៉ូរ៉ា ស្រាប់​តែ​ផ្ទុះ​សំណើច​ ខណៈ​នាង​រុញ​កាត់​ប្អូន​ស្រី​នៅ​សារមន្ទីរ​សែលហ្វ៊ី​ក្រុង​កូឡូញ ជាទី​ដែល​ភ្ញៀវ​និយាយ​ថា ជា​កន្លែង​ផ្ដល់​ការ​កម្សាន្ដ​សម្រាប់​បង្កើត​សញ្ញា​មេដៃ «likes» លើ​បណ្ដាញ​សង្គម​។

ស្ដ្រី​ជា​បុគ្គលិក​ផ្នែក​រដ្ឋបាល​អាយុ ៣៨ ឆ្នាំ​រូប​នេះ បាន​ស្លៀក​ពាក់​អាវ​យឺត​ខ្មៅ និង​ខោ​ខូវប៊យ​។ អ្នកស្រី​និយាយ​ថា​៖ «​ប៉ុន្ដែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​ខ្ញុំ គឺ​ថា រូបភាព​ទាំង​នោះ​ជា​ការ​ពិត ហើយ​ភ្ញៀវ​អាច​មើល​ឃើញ​ខ្ញុំ​កំពុង​តែ​រីករាយ​»។

ជាមួយ​ប៉ឺតប៉ោង​ស្ករកៅស៊ូ​ពណ៌​ផ្កា​ឈូក អាង​បាល់​ពន្លឺ​ចម្រុះ​ពណ៌ និង​អាហារដ្ឋាន​តុបតែង​​ស្រស់​ឆើតឆាយ​ដ៏​គួរ​ឲ្យ​ទាក់​ចិត្ដ ផ្ទៃ​ក្រោយ​រូបភាព​ដែល​ត្រៀម​រៀបចំ​ទុក​ជា​ស្រេច​ សារមន្ទីរ​កំពូល​ស្ករ​គ្រាប់ (Supercandy Museum) គឺ​ជា​ក្ដី​សុបិន​អ្នក​និយម​អ៊ីនស្ដាក្រាម​។

ប៉ុន្ដែ​ស្ទូឌីយោ​បើក​សម្ពោធ​ ៣ ខែ​នេះ ជា​រលក​ទំនោរ​ពេញ​និយម​ថ្មី​របស់​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដែល​ចូលចិត្ដ​ថតរូប​បង្អួត​ភ្នែក​មិត្ដភក្ដិ​ ហើយ​បុគ្គល​មាន​ឥទ្ធិពល​លើ​បណ្ដាញ​​សង្គម​មិន​អាច​មិន​សរសើរ​ចំពោះ​ការ​រៀបចំ​នេះ​បាន​ឡើយ​។

សំបុត្រ​ចូលថត​ក្នុង​ស្ទូឌីយោ​មានតម្លៃ ៣២ដុល្លារ​ ។ រូបថត AFP

អ្នកស្រី ម៉ាល់លីយ៉ូរ៉ា បាន​និយាយ​ថា​៖ «​ពេល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ស្ទូឌីយោ​ស្អាត​ៗ​ទាំង​នេះ ខ្ញុំ​គិត​ថា អូព្រះ! វា​ច្បាស់​ជា​ត្រូវ​ការ​ពេល​វេលា​រៀបចំ​ច្រើន​សម្បើម​ណាស់​»។

គោលដៅ​បំពេញ​តម្រូវ​ការ​អ្នក​ចូលចិត្ដ​សែលហ្វី​ជា​ច្រើន ដូចជា​នៅ​ក្នុង​​ទីក្រុង​កូឡូញ​នេះ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ទូទាំង​ពិភព​លោក​ ដែល​បាន​ផ្ដល់​ជម្រើស​ផ្ទៃ​ក្រោយ​ក្នុង​រូបថត​ដ៏​ច្រើន​សន្ធឹក ​ដើម្បី​ទាក់​ចិត្ដ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​។

សារមន្ទីរ​កំពូល​ស្ករ​គ្រាប់ (Museum) បាន​វិល​មក​កាន់​​ទីក្រុង​ភាគ​ខាង​លិច​ប្រទេស ​អាល្លឺម៉ង់ ​មួយ​នេះ​រយៈពេល ១ ខែ ​ក្រោយ​ពី​ការ​បើក​ដំបូង​ត្រឹម​​វេលា​ដ៏​មាន​កំណត់​​ ៦ ខែ ​បាន​ទាក់​ទាញ​ភ្ញៀវ​ជាង ៤២ ០០០ នាក់​ ភាគ​ច្រើន​ជា​នារី​ ជាមួយ​តម្លៃ​សំបុត្រ​ពេញ​ ៣២ ដុល្លារ​។

អ្នក​ខ្លះ​រិះគន់ថា ចំណាយ​ប្រាក់ក្នុង​បន្ទប់​សិប្បនិម្មិតជារឿងឥត​ប្រយោជន៍។ រូប AFP

ប៉ុន្ដែ​មិន​មែន​​ភ្ញៀវ​គ្រប់​រូប​​ស្ញប់ស្ញែង​​ស្ទូឌីយោ​ថតរូប​យក្ស​ ដែល​កំពុង​តែ​អង្រួន​​ពិភព​បណ្ដាញ​សង្គម​នោះ​ទេ។ កំពុង​តែ​ជជែក​ជាមួយ​មិត្ដភក្ដិ​លើ​ដង​វិថី​ក្រុង​កូឡូញ​ដ៏​មមាញឹក យុវសិស្ស​​ អានណា ម៉ារៀ ស្រាប់​​តែ​ដក​ខ្លួន​ចេញ​ដោយ​គិត​ថា ការ​ចំណាយ​ប្រាក់​ថតរូប​ស្ទូឌីយូ​សិប្បនិម្មិត គឺ​ឥត​ប្រយោជន៍​។

យុវតី វ័យ ១៧ ឆ្នាំ រូប​នេះ បាន​ឲ្យ​ដឹង​ថា​៖ «​ក្លែងក្លាយ​សុទ្ធ​។ ខ្ញុំ​សុខ​ចិត្ត​ថត​ទេសភាព​ពិតៗ​ដ៏​រស់​រវើក​​​។ ​បើ​ខ្ញុំ និង​ពួកម៉ាក​បង្ហោះ​​ពី​កន្លែង​ដូចគ្នា តើ​វា​មាន​ន័យ​អ្វី​?»៕ AFP/HR