ភ្នំពេញៈ ខណៈដែលតារាម៉ូដែលស្រីវ័យក្មេងចូលប្រឡូកសិល្បៈស្របាលៗគ្នាមួយចំនួន បានវិវឌ្ឍខ្លួនឲ្យក្លាយជាតារាសម្តែងមានទីផ្សារក្នុងវិស័យភាពយន្តស្ទើរអស់គ្នាទៅហើយនោះ ចម្លែកអីតែតារាម៉ូដែលស្រីនិយមបង្ហាញភាពសិចស៊ីពីសម្រស់ខ្លួន នៅតាមបណ្តាញសង្គម កញ្ញា ពីយ៉ា វេកា គឺហាក់ដូចជាពុំទាន់ឃើញមានផលិតកម្មណាមួយ ហៅនាងថតនៅឡើយ គួរឲ្យកើតក្តីងឿងឆ្ងល់ពីមហាជន។
បើមើលទៅតាមភិនភាគ និងរូបសម្ផស្សតារាម៉ូដែល ចូលចិត្តលេងស្ទីលបង្ហាញពីភាពសិចស៊ី ដែលមានសម្រស់ស្រស់ស្អាត កញ្ញា ពីយ៉ា វេកា នោះគឺថា មិនសមណា គ្មានផលិតកម្មភាពយន្តហៅនាងថតកុននោះឡើយ។ ដូច្នោះទើបចម្ងល់ពីមហាជនបានលើកឡើងថា៖ «រូបរាងស្រស់ស្អាត និងមានសម្រស់សិចស៊ីប៉ុណ្ណឹងដែរ តើហេតុអ្វីបានជាកញ្ញា ពីយ៉ា វេកា មិនទាន់មានផលិតកម្មណាមួយហៅនាងទៅថតអ៊ីចឹង? ឬក៏មានហេតុផលអ្វីនៅពីក្រោយនេះ បានជាកញ្ញា ពីយ៉ា មិនទាន់មានទីផ្សារថតកុនដូចជាតារាស្រីម៉ូដែលស្របាលគ្នាដូចកញ្ញា ស៊ីស៊ី និងកញ្ញា សុផា លីនដា ឬក៏មកពីនាងទារតម្លៃខ្លួនថតកុនខ្ពស់ពេកទេដឹង»?
ផ្ទុយទៅវិញការដែលមិនបានឃើញវត្តមានស្រីស្រស់ មានស្រុកកំណើតមកពីខេត្តកំពង់ចាម ដែលហ៊ានបង្ហាញភាពសិចស៊ី មិនសូវចាញ់នឹងតារាសម្តែងសិចស៊ីជារៀមច្បង កញ្ញា ពីយ៉ា វេកា បានបង្ហើបប្រាប់ថា៖ «តាមពិតទៅមូលហេតុដែលមិនឃើញនាងខ្ញុំថតកុននឹងគេនោះ មិនមែនមកពីខ្ញុំអត់មានទីផ្សារថតនោះទេ គឺមកពីខ្ញុំមិនទាន់មានពេលអាចទទួលយករឿងកុនពីផលិតកម្មទាំងនោះបានទេ»។ «ទោះបីជានាងខ្ញុំទើបប្រឡូកសិល្បៈប្រមាណ ២ ឆ្នាំមែន តែចំពោះទីផ្សារថតកុននោះគឺមិនខ្វះឡើយគឺសម្បូរផលិតកម្ម ហៅនាងខ្ញុំទៅថតដែរ តែខ្ញុំគ្មានពេលសម្រាប់ថតព្រោះរវល់នឹងការងារម៉ូដែល និងការងារថតផ្សព្វផ្សាយផលិតផលច្រើនមិនអាចដកឃ្លាទៅថតកុនបាន»។
តារាម៉ូដែលស្រីស្រស់ មានរាងស្រលូន និងវ័យ ២៥ ឆ្នាំ គឺជាកូនពៅក្នុងគ្រួសារ ដែលមិនមានសាច់ឈាមជ័រ ជាអ្នកសិល្បៈសោះ រូបនេះក៏បានបន្តឲ្យដឹងដែរថា៖ «ដោយឡែកសម្រាប់ការថតកុន នាងខ្ញុំក៏ធ្លាប់បានថតកុនដុំចំនួន ២ រឿងមកហើយដែរ។ គ្រាន់តែសម្រាប់កុនភាគ ឬកុនដុំដែលគេហៅលើកក្រោយនេះ នាងខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ថតប៉ុណ្ណោះ។ ខណៈតម្លៃថតកុនវិញ ក៏អត់ទាមទារខ្ពស់ទេ។ យ៉ាងណាការងារសិល្បៈនាងខ្ញុំស្រឡាញ់ទាំងអស់ ក៏សង្ឃឹមថា នឹងមានពេលវេលាថតកុនពេលឆាប់ៗខាងមុខ»៕