ក្រុងប៉េកាំង: ឫស្សី​គឺជា​ធនធាន​ប្រើប្រាស់​បាន​ច្រើន​មុខ​រួច​ស្រាប់​ទៅ​ហើយ​សម្រាប់​មនុស្ស តែ​ភូមិឋាន​នានា​ក្នុង​តំបន់​ខ្លះ​នៃ​ប្រទេស​ចិន​បាន​នឹកឃើញ​ការប្រើប្រាស់​ដើម​ឫស្សី​រស់​ជំនួស​ធុង​អប់​ស្រាស​។

អ្នកភូមិ និង​អ្នក​ផលិត​ស្រាស​តាម​បណ្ដា​ខេត្ដ​នានា​របស់​ចិន​បាន​នឹកឃើញ​ប្រើ​បំពង់​ឫស្សី​រស់​ដើម្បី​ផលិត​គ្រឿង​ស្រវឹង​ដែល​មាន​ការពេញនិយម​ខ្លាំង​ចំពោះ​ភ្ញៀវទេសចរ​។

ដោយ​ការប្រើ​ទិចនិក​បញ្ចូល​ទឹក​ក្រោម​សម្ពាធ​ខ្ពស់ ពួកគេ​បាន​ចាក់​ស្រា​អង្ករ ឬ​ស្រា​ស្ពៅ​ចូល​គ្រប់​ប្រឡោះ​ថ្នាំងឫស្សី និង​ទុក​ឲ្យ​ឡើង​មេ​ជាច្រើន​ខែ ឬ​ដល់​ ១ ​ឆ្នាំ​កន្លះ​អំឡុង​ដែល​ស្រា​ចាប់ផ្ដើម​ដាក់​រសជាតិ​។

វា​បាន​បង្កើន​ក្លិន ភាព​បរិសុទ្ធ និង​កាត់បន្ថយ​សមាសធាតុ​ពុល​ពី​ស្រា​។ វា​ក៏​បាន​បន្ទាប​អានុភាព​អាកុល ខណៈ​ឫស្សី​ស្រូប​យក​បរិមាណ​ខ្លះ​ពី​ស្រា​ផង​ដែរ​។ វា​ជា​ផលិតផល​សម្រេច​ដែល​ភ្ញៀវ​អាច​ទទួលទាន​ភ្លាមៗ​នៅ​កន្លែង តែ​បើ​នរណា​ម្នាក់​ចង់​ទិញ​ស្រាស នេះ​ជា​កាដូ និង​បង្កើត​ភាព​ភ្ញាក់ផ្អើល​ពួកគេ​អាច​ជ្រើសរើស​យក​វិធី​កាត់​បំណែក​បំពង់​ឫស្សី​ប្រើ​ជំនួស​ដប​ស្រា​តែ​ម្ដង​។

ទិចនិក​អប់ស្រា​ឲ្យ​ពេញវ័យ​ត្រូវ​បាន​អនុវត្ដ​ដំបូង​ក្នុង​ខេត្ដ​ហ្វ៊ូជៀន តែ​ត្រូវ​បាន​បន្ដ​ធ្វើ​ដោយ​អ្នកភូមិ និង​អ្នក​ផលិត​ស្រា​នៅ​តាម​តំបន់​នានា​នៃ​ប្រទេស​ដូចជា ហ្គ័ងស៊ី និង​ស៊ីឈួន​។ ការផលិត​ស្រាស​តាម​ទិចនិក​នេះ​ពិតជា​មាន​កំណត់​ត្រឹមតែ​ប៉ុន្មាន​ម៉ឺន​លីត្រ​ក្នុង​ ១ ​ឆ្នាំ តែ​តាម​តម្រូវការ​កំពុង​តែ​កើនឡើង​ចំនួន​បិតស្រា​បំពង់​ឫស្សី​ក៏​បង្កើន​ការផលិត​ផង​ដែរ​។

ស្រាស​បិត​ក្នុង​បំពង់​ឫស្សី​លក់​តម្លៃ​ប្រមាណ ៥០០ ​យន់ (៧២ ​ដុល្លារ​) ក្នុង​ ១ ​បំពង់​ឫស្សី តែ​ភ្ញៀវ​ជាច្រើន​មិន​ខ្លាច​នឹង​ចំណាយ​ខ្ពស់​ជាង​នេះ​ដោយ​គិតពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព និង​ភាពល្បីល្បាញ​នៃ​ «​ស្រា​បំពង់​ឫស្សី​»៕ HR