ភ្នំពេញៈ ថ្មីៗនេះស្រាប់តែលេចចេញនូវដំណឹងភ្ញាក់ផ្អើលម្តងទៀតល្បីថា តារាកំប្លែងស្រីអ្នកនាង អ៊ីត ដែលមានរូបឆោមសម្ផស្សកាន់តែស្រស់ឆើតឆាយ ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងជីវភាពក៏ធូរធារក្លាយជាថៅកែតន្ត្រីសម័យ និងថៅកែពុះដីឡូត៍លក់ទៀតនោះ កំពុងតែមានគូកនថ្មីមកស្អំបេះដូងគឺជាតារាសម្តែងប្រុសរលកក្រោយវ័យក្មេង និងហ៊ានបណ្តើរគ្នាបើកចំហទៀតផងនៅក្នុងកម្មវិធីសិល្បៈនានា។
តែពាក្យចចាមអារ៉ាមថាតារាកំប្លែងស្រីកើនទ្រព្យធនមានឈ្មោះពិតថា សេន ចិន្តា ហៅនាង អ៊ីត ហាក់ដូចបានសម្តែងអារម្មណ៍មិនសប្បាយចិត្តទៅវិញ ព្រោះតែដំណឹងនេះត្រូវនាងច្រានចោលថាគឺជាការលើកយករឿងចាស់ដដែលមកនិយាយចង់ធ្វើឲ្យនាងត្រូវទទួលរងពាក្យគេនិន្ទាថានាងជាស្ត្រីមេម៉ាយត្រូវចំណាយមាត់ញាតិសាជាថ្មីម្តងទៀត។
កាលពីលើកមុននោះនាងក៏ធ្លាប់បានបដិសេធជំនួបស្នេហ៍បុរសចំណាស់រស់នៅឯក្រៅប្រទេស និងក្រោយមកលេចឮថា តារាកំប្លែងស្រីមេម៉ាយកូនមួយ ដែលចាយសម្ផស្សអ្នកនាង អ៊ីត កំពុងតែមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹងតារាសម្ដែងប្រុសវ័យក្មេងគឺលោក អ៊ុក ដារ័ត្ន ខណៈដំណឹងនេះក៏ត្រូវបានអ្នកទាំង ២ ក៏ចេញមុខច្រានចោលភ្លាមៗរួចម្តងមកហើយផងដែរ។
ខណៈថ្មីៗនេះក៏ស្រាប់តែលេចដំណឹងចចាមអារ៉ាមសាជាថ្មីពីរឿងស្នេហារវាងតារាកំប្លែងស្រីសាច់សខ្ចី អ្នកនាង អ៊ីត ដែលជាប្អូនស្រីតារាកំប្លែងប្រុសល្បីនាយ ក្រូច និងជាមីងរបស់អតីតតារាកំប្លែងប្រុសវ័យក្មេង និងបច្ចុប្បន្នជាតារាចម្រៀងកំពុងឡើងកូដលើទ្រនំផលិតកម្មសាន់ដេ នាយ ចឺម ជាមួយនឹងតារាប្រុសកំលោះរូបសង្ហាលោក អ៊ុក ដារ័ត្ន ម្តងទៀតដែលធ្វើឲ្យមជ្ឈដ្ឋាននៃមហាជនភ្ញាក់ផ្អើល។
អ្នកនាង អ៊ីត ក៏បានបញ្ជាក់ម្តងទៀតដោយការលើកជាសំណូមពរដល់មហាជន និងបណ្តាសារព័ត៌មានដែលបានលើកយករឿងចាស់របស់នាងមកផ្សាយឡើងវិញនោះប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នេះជារឿងចាស់ដែលខ្ញុំ និងលោក ដារ័ត្ន ធ្លាប់បានបញ្ជាក់ការពិតរួចមកហើយដែរ។
ខណៈពេលនេះខ្ញុំមិនចង់បកស្រាយអ្វីទៀតដែរព្រោះថាគ្មានអ្វីជារឿងថ្មីផង! តែក៏សំណូមពរផងដែរដល់បងៗសារព័ត៌មាននានាថា មុននឹងចុះផ្សាយអ្វីនោះ សូមមេត្តាសួរនាំខ្ញុំផង ព្រោះការយករឿងចាស់មកផ្សាយឡើងវិញនេះក៏បានជះរឿងមិនល្អដល់រូបនាងខ្ញុំម្តងទៀតជាស្ត្រីម្នាក់ធ្លាប់មានការលែងលះប្តី និងត្រូវគេវាយតម្លៃមិនល្អដល់អ្នកសិល្បៈទៀតផង»។
យ៉ាងណាតារាកំប្លែងស្រីកំពុងតែសំងំ និងចាប់ក្តោបឱកាសរកប្រាក់ទាំងការងារសិល្បៈ និងមុខរបរក្រៅសិល្បៈនាង អ៊ីត ក៏ព្រលយថា៖ «រឿងគូកននេះ ខ្ញុំក៏គ្មានចេតនាលាក់នោះទេ បើមានមែននឹងប្រកាសប្រាប់បងប្អូនសារព័ត៌មានឲ្យដឹងមិនខាន។ និយាយឲ្យត្រង់ទៅ នាងខ្ញុំក៏កំពុងមើលចិត្ត និងនិស្ស័យល្អពីបុរសដែលកំពុងតែតាមស្រឡាញ់មានច្រើននាក់ដែរ»៕