ភ្នំពេញៈ ថ្មីៗនេះ ស្រាប់តែ​ស្រី​ស្រស់ ដែលជា​តារា​សម្តែង​រលក​ក្រោយ​កញ្ញា ស៊ិន យូប៊ីន មក​បង្ហើរ​សារ​រៀបរាប់​ពី​ភាព​អត់ធ្មត់​ដ៏​យូរអង្វែង​នៃ​សម្ព័ន្ធភាព​នឹង​បុរស​សង្ហា​ម្នាក់ ដែល​ប្រិយមិត្ត​អាច​ដឹង​រួច​ទៅ​ហើយ​ថា​គឺ​លោក ខាត់ វ៉ៃហាំង បង្ក​ការ​ភ្ញាក់​ផ្អើល​សា​ជាថ្មី ដោយ​មាន​អម​រូប​នាង​ថត​ឈរ​ឱប​ស្មា​ទៀត​ផង។

ស្រី​ស្រស់​សម្ផស្ស​ផូរផង់​វ័យ​ទើបតែ ២៣ ឆ្នាំ មាន​ស្រុកកំណើត​មកពី​ស្រុក​កោះធំ ខេត្ត​កណ្តាល និង​អតីត​ជា​ម្ចាស់​ពាន Freshie Girl ចំណាត់​ថ្នាក់​លេខ ១ ប្រចាំ​នៅ​ឆ្នាំ ២០១៤ កញ្ញា ស៊ិន យូប៊ីន បង្ហោះ​សារ​ថា៖ «៥ ឆ្នាំ​នៅ​លើ​វិថី​មួយ​នេះ ដើរ​ឆ្លង​រឿង​ក្តៅ រឿង​ត្រជាក់​ជាច្រើន។ ចុង​ក្រោយ​នៅ​តែ​ជា​សសរ​ដ៏​រឹងមាំ​មួយ​ដែល​តែង​តែ​ឲ្យ​ខ្ញុំ​ផ្អែក​មិន​ថា​ពេល​មាន​ទុក្ខ ឬ​សុខ។ អរគុណ​ដែល​ទ្រាំ​ជាមួយ​កប៉ាល់​ភ្លើង​មួយ​នេះ​បាន​យូរ​យ៉ាង​នេះ​ហិហិហិ!»។

ក្រោយពី​បានឃើញ​សារ​នោះមក​ក៏​ផ្ទុះ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ម្តងទៀត ពី​មជ្ឈដ្ឋាន​នៃ​មហាជន ដែល​បាន​តាម​ដាន​អំពី​ជីវិត​ឯក​ជន​របស់​កញ្ញា ស៊ិន យូប៊ីន ខណៈ​ដែល​គេ​ក៏​ឧស្សាហ៍​ឃើញ​នាង និង​លោក ខាត់ វ៉ៃហាំង បណ្តើរ​គ្នា​គ្រប់​កម្មវិធី និង​តែង​តែ​បង្ហាញ​នូវ​ភាព​ស្និទ្ធស្នាល​លើស​ពី​មិត្ត​ធម្មតា​នោះ តែ​ជារឿយៗ​នាង​ក៏​បដិសេធ​រឿង​សម្ព័ន្ធ​ស្នេហ៍​ខ្លួន និង កំលោះ​សង្ហា​លោក ខាត់ វ៉ៃហាំង ផង​ដែរ។

ទោះជា​យ៉ាងណា ក៏​មិនមាន​ការបកស្រាយ​ពី​តារាស្រី ដែល​បានឈ្នះ​ពាន​រង្វាន់​តារា​សម្តែង​ស្រី​ឆ្នើម ប្រចាំ​ព្រឹត្តិការណ៍​មហោ​ស្រព​ភាពយន្ត​ជាតិ​លើក​ទី ៥ កាល​ពី​ឆ្នាំ ២០១៧ កន្លង​មក​នោះ​ឡើយ ដោយសារ​នាង​ជាប់​រវល់​ថត​កុន​ភាគ​ថ្មី​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍ PNN មាន​ចំណង​ជើង​ថា «និស្ស័យ​ស្នេហ៍​នាង​កែវ​មនោ​រាហ៍»។ នេះ​បើ​យោង​តាម សម្តី​អះអាង​ពី​កញ្ញា លក្ខិណា ជា​ជំនួយការ​ផ្ទាល់​របស់ ស៊ិន យូប៊ីន។

កញ្ញា លក្ខិណា ក៏​បញ្ជាក់​ឲ្យ​ដឹងខ្លះៗពី​មន្ទិលសង្ស័យ​របស់​មហា​ជន​ពាក់ព័ន្ធ​នឹង​សម្ព័ន្ធ​ភាព​រវាង​កញ្ញា ស៊ិន យូប៊ីន និង​លោក ខាត់ វ៉ៃ​ហាំង ដែរ​ថា៖ «ដូច​ដែល​ធ្លាប់​បាន​ជម្រាប​កាល​ពី​មុន​អ៊ីចឹង​ថា រវាង​គាត់ និង​លោក ខាត់ វ៉ៃ​ហាំង នោះ​គឺ​ពួកគាត់​មាន​ទំនាក់​ទំនង​ជា​មិត្ត​ក្នុង​វិថី​សិល្បៈ​ប៉ុណ្ណោះ នេះ​បើ​តាម​នាង​ខ្ញុំ​បាន​ដឹង និង​តាមរយៈ​សារ​ដែល​បង​បាន​លើក​ឡើង​ខាង​លើ​នោះ»។

ខណៈ​សួរ​បញ្ជាក់​បន្ថែមថា ចុះបើ​ពួកគេ​គឺ គ្រាន់តែ​ជា​មិត្ត​ធម្មតា​ក្នុង​សិល្បៈ​នោះ ហេតុ​អ្វី​លើក​នេះ នាង​ហាក់​ដូចជា​បង្ហើរ​សារ​បែប​សារ​ភាព​ការ​ពិត​នៃ​ចំណង​ស្នេហ៍​ដ៏​យូរយារ​ដូច្នេះ? ជំនួយការ​ផ្ទាល់​របស់​កញ្ញា ស៊ិន យូប៊ីន រូប​នេះ​ក៏​បន្ត​ថា៖ «សម្រាប់​មហាជន​យល់​យ៉ាង​ណា​ខ្ញុំ​មិន​ដឹង​ទេ​ចំពោះ​សារ​ចុង​ក្រោយ​នោះ។ តែ​ចំពោះ​រូបខ្ញុំ​ក្នុង​នាម​ជា​ជំនួយការ​ផ្ទាល់​គាត់ គឺ​គាត់​ចង់​សំដៅ​ទៅលើ​ដំណើរ​នៃ​ការ​ធ្វើ​ការងារ​សិល្បៈ​ជាមួយ​គ្នា​នឹង​លោក ខាត់ វ៉ៃ​ហាំង គឺ​អស់​រយៈពេល ៥ ឆ្នាំ​នោះ​ឯង មិន​មែន​ជា​រឿង​ស្នេហា​ទេ!»។

ទោះបីជា​ទើបតែ​បាន​ប្រឡូក​ចូលក្នុង​វិស័យ​សម្តែង​ភាពយន្ត​បាន​ប្រមាណ​ជិត ៤ ឆ្នាំ ពិត​មែន តែ​តារា​ស្រី​ស្រស់ ដែល​គ្មាន​សាច់​ញាតិ​ជា​អ្នក​សិល្បៈ​សោះ​ហើយ​រូប​នាង​គឺជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ​មាន បងប្អូន ៣ នាក់ ខណៈ​ឪពុកម្តាយ​ជា​មន្ត្រី​រាជការ​នោះ​ក្តី​តែ​នាង មាន​រាសី​ឡើង​ខ្លាំង​ក្នុង​ទីផ្សារ​ថត​កុន​ភាគ ដោយ​ឆ្នាំ ២០១៨ នេះ គឺ​កញ្ញា ស៊ិន យូប៊ីន ត្រូវ​បាន​ផលិតកម្ម ៤ កក់​រូប​នាង​ទុក​ឲ្យ​ថត​កុន​ភាគ​រួច​ទៅ​ហើយ​ផង​ដែរ៕