ភ្នំពេញៈ ថ្មីៗនេះលេចឮដំណឹងថា ពិធីការិនីរូបស្រស់រាងស្ល៊ីម ពូកែវោហារស័ព្ទ សម្តីចាក់ទឹកមិនលេចមានទម្រង់មុខឃ្យូតគួរឲ្យស្រឡាញ់កញ្ញា ម៉េង ឃុននី ហៅ ជីមមី ចង់មកពង្រីកទីផ្សារសិល្បៈសម្តែងភាពយន្តបន្ថែមទៀត ដោយប្រាថ្នាទាមទារប្រាក់កម្រៃថតកុនដូចជាតារាសម្តែងអាជីពរលកមុននោះឡើយ។
ស្រីស្រស់ដែលជាពិធីការិនីប្រចាំទូរទស្សន៍ភីអិនអិន ខណៈមហាជនច្រើនតែស្គាល់មុខនាងច្បាស់នៅក្នុងស្ប៉តពាណិជ្ជកម្មភេសជ្ជៈខារ៉ាបាវ កញ្ញា ជីមមី មិនត្រឹមតែមានរូបសម្ផស្សស្អាតប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពចេះច្រើនភាសាទៀតផងគឺចេះភាសាចិន ថៃ អង់គ្លេស និងភាសាខ្មែរ។
កញ្ញា ជីមមី ជាតារាកូនកាត់ខ្មែរ-ចិន មានរូបសម្រស់មិនចាញ់តារារួមអាជីព និងមានភាពល្បីមិនចាញ់អ្នកសិល្បៈជំនាន់មុនឡើយក្នុងអាជីពជាពិធីការិនី ខណៈពេលនេះស្រីស្រស់រាងស្ល៊ីមព្រលយថាចង់មកសាកល្បងយកបទពិសោធនៅក្នុងការសម្តែងខ្សែភាពយន្តផងដែរ ដើម្បីបន្ថែមទីផ្សារសិល្បៈឲ្យមានភាពទូលាយជាងមុន ដែលបានប្រឡូកតែវិស័យជាពិធីការិនីនោះ។
កញ្ញា ជីមមី ជាពិធីការិនីរូបស្រស់ប្រចាំនៅប៉ុស្តិ៍ភីអិនអិនដែលទើបតែបានប្រឡូកក្នុងវិស័យសិល្បៈរយៈពេល ៣ ឆ្នាំតែទទួលបាននូវជោគជ័យគួរឲ្យកត់សម្គាល់បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ដោយសារតែយល់ខ្លួនឯងបានប្រឡូកនៅក្នុងវិស័យជាពិធីការិនីមានបទពិសោធច្រើនគួរសមដែរ ហើយក៏ចង់រកបទពិសោធថ្មីក្នុងសិល្បៈ ទើបចង់សាកល្បងក្នុងការសម្តែងកុនបន្ថែមព្រោះថានាងខ្ញុំមិនដែលធ្លាប់សម្តែងកុនឡើយតាំងពីចូលវិស័យសិល្បៈមកនោះ»។
តារាស្រីសាច់សខ្ចីល្បីថាសម្បូរមន្តស្នេហ៍ព្រោះសម្បូរកន្លង់ចោមស្នេហ៍ច្រើន កញ្ញា ម៉េង ឃុននី ហៅ ជីមមី រូបនេះបន្តទាំងសម្តីផ្អែម និងលាយសំណើចពេលសួរនាំពីរឿងការកំណត់តម្លៃខ្លួន ប្រសិនបើមានគេហៅថតកុននោះថា៖ «មូលហេតុមិនធ្លាប់ថតហ្នឹងហើយបានជាជំរុញចិត្តឲ្យនាងខ្ញុំចង់ទៅចាប់ផ្តើមការថតកុននោះ ហើយក៏គិតថា មិនហ៊ានទាមទារថ្លៃកម្លាំងពលកម្មថតកុននេះឲ្យដូចតារាសម្តែងរៀមច្បង ឬតារាអាជីពនោះទេ។ និយាយទៅតម្លៃត្រឹមតែរួចថ្លៃចាក់សាំងឡានក៏នាងខ្ញុំទទួលដែរ»។ តារាស្រីវ័យ ២៣ ឆ្នាំកាន់តែមានរូបស្រស់ស្អាតក៏ប្រាប់រឿងដូរចិត្តលែងទៅរៀនបន្តឯក្រៅប្រទេសដែរថា៖ «រឿងបន្តការសិក្សានៅអាមេរិក និងភាសាចិនឲ្យចប់នោះគឺសុំទុកមួយអន្លើសិនហើយ ព្រោះថាពេលនេះការងារសិល្បៈគឺរវល់ខ្លាំង។ ប្រសិនខ្ញុំទៅរៀនបន្ត ២-៣ ឆ្នាំ នោះខ្លាចវិលវិញអស់ឱកាស ហើយស្រួល ឬមិនស្រួលលែងមានគេស្គាល់ខ្ញុំផង!»៕