ភ្នំពេញៈ បន្ទាប់​ពី​សម្រាក​ពី​ការងារ​សិល្បៈ​អស់​ជាច្រើន​ខែ ដោយ​សារ​ជួប​ទុក្ខ​ធំ​អនាគត​គូ​ដណ្តឹង​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បាត់បង់​ជីវិត​អតីត ហ្វ្រេស៊ីហ្គើល ជំនាន់ទី ១៥ កញ្ញា សួង ស៊ីធឿន បាន​ប្រកាស​ចូល​សិល្បៈ​វិញ ជា​ផ្លូវការ​នៅក្នុង​ថ្ងៃ​សម្ពោធ​ផលិតកម្ម​ថ្មី​របស់​ផលិតករ​វ័យ​ក្មេង រ៉ូណាន ចាន់ណា ព្រម​ទាំង​ចុះ​កុងត្រា​ថត​រឿង​ថ្មី​បែប​កំប្លែង «សំណើច​ ៦៥២ គីឡូម៉ែត្រ»។

ជាមួយ​ស្នាម​ញញឹម​ជា​ថ្មី​ បន្ទាប់​ពី​ជួប​ទុក្ខសោក​ច្រើន​ខែ តារា​សម្តែង​ស្រី​វ័យ​ក្មេង​ល្បី​ឆ្វាក់​កុន​ខ្មោច​កញ្ញា សួង ស៊ីធឿន​ ប្រាប់​មក​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «នេះ​ជា​កុន​ដំបូង ​ដែល​ខ្ញុំ​កំពុង​តែ​ត្រៀម​ថត​ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​សម្រាក​ច្រើន​ខែ ដោយសារ​តែ​ខ្ញុំ និង​បង​ រ៉ូណាន ធ្លាប់​មាន​ការងារ​ច្រើន​មក​ហើយ​ ល្មម​អាច​យល់​ពី​គ្នា​ ណា​មួយ​គាត់​ក៏​បាន​ដឹង​ពី​បញ្ហា​របស់​ខ្ញុំ​ច្បាស់ ជា​ពិសេស​ខ្ញុំ​ជឿ​លើ​សមត្ថភាព​របស់​គាត់ គាត់​ក៏​ជឿ​លើ​សមត្ថភាព​សម្តែង​របស់​ខ្ញុំ ទើប​ខ្ញុំ​សម្រេច​ចិត្ត​រួម​ការងារ​ជាមួយ​ម្តង​ទៀត​ ដោយ​មិន​ស្ទាក់​ស្ទើរ​នោះ​ទេ»។

សួង ស៊ីធឿន តារាស្រីវ័យ ២៣ ឆ្នាំ ប្រាប់​បន្ថែម​ថា៖ «អាច​និយាយ​បាន​ថា មិន​ទាន់​ប្រសើរ​នៅ​ឡើយ​ទេ ​ពេល​បាត់​បង់​គាត់ (គូស្នេហ៍)ដំបូង ខ្ញុំ​គិត​ថា​ខ្លួន​ឯង​នឹង​​មិន​ធ្វើ​អី​កើត​ទៀត​ទេ បាន​ត្រឹម​តែ​សម្ងំ​ក្នុង​បន្ទប់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​ក៏​នឹក​ឃើញ​​សម្តី​គាត់​កាល​នៅ​រស់​ប្រាប់​ខ្ញុំ​ថា «បង​ជឿជាក់​លើ​អូន​ឯង អូន​ឯង​ធ្វើ​អី​ក៏​បាន​ដែរឲ្យ​តែ​អូនឯង​សប្បាយ​ចិត្ត អូន​ឯង​គឺ​ពូកែ​ជាង​គេ» ណា​មួយ​ក៏​មាន​ការ​លើក​ទឹក​ចិត្ត​ពី​មិត្តភក្តិ ពី​ខាង​ក្រុម​គ្រួសារ ហើយ​ខ្ញុំ​ក៏​គិត​ខ្លួន​ឯង​ថា ប្រសិន​បើ​ខ្ញុំ​ នៅតែ​បន្ត​បាត់បង់​ទំនុក​ចិត្ត​អ៊ីចឹង​ទៀត​ អ្នក​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ក៏​មិន​សប្បាយ​ចិត្ត ហើយ​ខ្ញុំក៏​អត់​សប្បាយ​ចិត្តដែរ»។

កញ្ញា សួង ស៊ីធឿន ថតកុន​​ថ្មីរឿង «សំណើច​ ៦៥២ គីឡ​ូ​ម៉ែត្រ»។ រូបថត​ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

កញ្ញា សួង ស៊ីធឿន ក៏​បញ្ជាក់​ពីតួ​សម្តែង​កុន​ថ្មី​នេះ នាង​ត្រូវ​សម្តែង​ជា​តួអង្គ​កូន​អ្នក​មាន​ដែល​ត្រូវ​ផ្សងព្រេង​ជាមួយ​មិត្តភក្តិ​ចូល​ព្រៃ ដើម្បី​ស្វែង​រក​កំណប់ និង​ត្រូវ​ជួប​ឧបសគ្គ​ច្រើន។ ចំពោះ​កុនដុំ​ថ្មី​រឿង «សំណើច ៦៥២ គីឡូម៉ែត្រ» បាន​ជ្រើសរើស​ទីតាំង​ថត​នៅ​ក្នុង​ខេត្ត​កោះ​កុង មណ្ឌល​គិរី និង​ទីក្រុង​ភ្នំពេញ។

ការ​វិល​មក​ប្រឡូក​សិល្បៈ​វិញនេះ កញ្ញា សួង ស៊ីធឿន ក៏​បង្ហើប​ពី​គម្រោង​ថត​កុន​ថ្មី​បន្ទាប់​​ទៀត​ដែរ​ថា៖ ​«បន្ទាប់​ពី​រឿង​នេះ បាន​បញ្ចប់​ ខ្ញុំ​ក៏​មាន​គម្រោង​ថត​រឿង​ថ្មី​ច្រើន​ដែរ ព្រោះ​ថា ​ពេល​នេះ​កំពុង​តែ​មាន​​ផលិតករ គាត់​ទាក់ទង​មក​ដែរ ប៉ុន្តែ​ ខ្ញុំ​នឹង​ទទួល​ការងារ​តាម​កម្លាំង​ដែល​ខ្លួន​ឯង​មាន​ប៉ុណ្ណោះ មិន​ធ្វើ​ជាប់​រហូត​អត់​មាន​ពេល​ទំនេរ​សម្រាប់​ខ្លួន​ឯង​នោះ​ទេ ហើយ​ខ្ញុំ​ក៏​បាន​តាំង​ចិត្ត​ខ្ពស់​ថា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ស្រឡាញ់ និង​មាន​អ្នក​គាំទ្រ​ខ្ញុំ​ដូចជា​កាល​ពី​មុន​វិញ»។

គួរបញ្ជាក់​ថា ផលិតកម្ម​ក្រុង​ពិជ័យ​គឺជា​ផលិតកម្ម​ថ្មី ដែល​ផលិតករ​វ័យ​ក្មេង​ រ៉ូណាន ចាន់ណា រួម​ភាគ​ហ៊ុន​ជា​មួយ​ថៅ​កែហាង​មួយ​កន្លែង​ ដោយ​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​រួម​ពិធី​ក្រុង​ពាលី​ភាពយន្ត​​ខ្នាត​ធំ​ថ្មី​រឿង ​«សំណើច ៦៥២ គីឡូម៉ែត្រ» នេះ​​ ចាប់​​ផ្តើម​ថត​នៅ​ថ្ងៃ​ទី៩ ខែមករា​​ ឆ្នាំ២០២០ ខាង​មុខ​នេះហើយ​៕​