ក្រុងការីកហ្វើហ្គើស៖ ស្ត្រីស្រឡាញ់ភេទដូចគ្នានៅទីក្រុងប៊ែលហ្វាស់ អៀរឡង់ខាងជើង បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃអង្គារ ដោយក្លាយជាគូស្នេហ៍ភេទដូចគ្នាដំបូងស្របច្បាប់នៅអៀរឡង់ខាងជើង។
នាង រ៉ូប៊ីន ភីផល អាយុ ២៦ ឆ្នាំ និងនាង ហ្សារនី អេដវើត អាយុ ២៧ ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍កាលពីរសៀលថ្ងៃអង្គារ នៅសណ្ឋាគារក្នុងក្រុងការីកហ្វើហ្គើស នៅជិតទីក្រុងប៊ែលហ្វាស់ ក្រោយពីច្បាប់ថ្មីត្រូវបានចេញជាធរមាននៅថ្ងៃចន្ទ។
ច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នាត្រូវបានកែសម្រួលក្រោយពីមានការតស៊ូមតិទាមទារពីអង្គការ Amnesty International និងអង្គការដៃគូជាច្រើនទៀត។
នាង អេដវើត ជាបុគ្គលិកភោជនីយដ្ឋានមកពីអង់គ្លេសបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ក្រោយពីទើបរៀបការថ្មីថ្មោងថា៖ «យើងមានអារម្មណ៍ដូចជាកំពុងរស់នៅក្នុងយល់សប្ដិ។ វាពិតជាមិនគួរឲ្យជឿទេ»។
នាងបន្លឺឡើងថា៖ «យើងមិនរំពឹងថា យើងនឹងក្លាយជាគូស្នេហ៍ភេទដូចគ្នាទី ១ ដែលទទួលស្គាល់ដោយច្បាប់នោះទេ»។
ប្រពន្ធរបស់នាង អេដវើត បម្រើការជាបុគ្គលិកថែទាំចាស់ជរានៅក្រុងប៊ែលហ្វាស់ បាននិយាយថា៖ «យើងបានតស៊ូយូរណាស់មកហើយ រង់ចាំឱកាសត្រូវបានច្បាប់ទទួលស្គាល់។ ឥឡូវថ្ងៃនេះពិតជាមកដល់ពិតមែន។ វាពិតជាអស្ចារ្យណាស់»។
ប្ដីប្រពន្ធស្រីស្រឡាញ់ស្រី ១ គូនេះ បានថ្លែងអំណរគុណដល់អ្នកតស៊ូមតិទាមទារ «សមភាពនៃក្ដីស្រឡាញ់» និងអ្នកនយោបាយដែលបោះឆ្នោតគាំទ្រការផ្លាស់ប្ដូរនេះ។
ស្ត្រីរូបស្រស់ទាំង ២ នាក់នេះ បានរួមរស់ជាមួយគ្នាអស់ ៦ ឆ្នាំមកហើយ។ មុនទទួលដំណឹងអំពីសិទ្ធិរៀបការភេទដូចគ្នាដោយស្របច្បាប់ ដើមឡើយពួកនាងធ្លាប់មានគម្រោងចុះ «កិច្ចសន្យាស្នេហ៍ ឬសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ»។
កាលពីខែមុន នាង រ៉ូប៊ីន ភីផល និងនាង ហ្សារនី អេដវើត បានធ្វើកម្មវិធីរៀបមង្គលការអញ្ជើញភ្ញៀវរួចមកហើយ។ ប៉ុន្តែនៅពេលដែលពួកគេបានដឹងពីច្បាប់ថ្មី ពួកគេក៏សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាថ្មីតាមផ្លូវ-ច្បាប់ ភ្លាមៗតែម្ដង។
ប្ដីប្រពន្ធស្រីស្រឡាញ់ភេទដូចគ្នានេះបានបន្ទោសកត្តាចម្រូងចម្រាសដោយសារជំនឿសាសនាខុសគ្នារវាងអ្នកនយោបាយ ដែលអូសបន្លាយការអនុវត្តសិទ្ធិរៀបការស្របច្បាប់ក្នុងសហគមន៍ស្រឡាញ់ភេទដូចគ្នា។
ក្រោយពីរៀបការស្របច្បាប់រួច ប្ដីប្រពន្ធភេទដូចគ្នាដែលម្នាក់សក់វែងទង់ដែង និងម្នាក់សក់វែងខ្មៅរូបនេះ បានប្រើនាមត្រកូលរួមបញ្ចូលគ្នាគឺ Edwards-Peoples៕ AFP