ភ្នំពេញ៖ អតីត​បវរ​កញ្ញា​តំណាង​ជាតិ​ Miss Global 2018 កញ្ញា ហង្ស​ សុរិយាន់ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​អន្តរជាតិ​ Miss Global 2018 តារា​ម៉ូដែល​រូប​នេះ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ចុះ​ជួយ​កុមារ​នៅ​តាម​ជនបទ​ និង​តំបន់​ដាច់​ស្រយាល​។

រំលេច​ស្នាម​ញញឹម​ស្រស់​ពាក់​មកុដ​បញ្ជាក់​​ពី​​អត្តសញ្ញាណ​ជា​បវរកញ្ញា​ជាប់​ជយលាភី​កញ្ញា​ឯក​កម្ពុជា​ Miss Global 2018 បាន​បង្ហាញ​ពី​វីដេអូ​ក្នុង​បណ្តាញ​អ៊ីនស្តាក្រាម ​ងូត​ទឹក​ឲ្យ​កុមារ​នៅ​តាម​ភូមិ​ដាច់​ស្រយាល​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្នុង​បណ្តាញ​សង្គម​មាន​ការ​ស្ងើច​​សរសើរ​នាង​កាន់​តែ​ខ្លាំង​។

តារា​ម៉ូដែល​ និង​ជា​អតីត​បវរកញ្ញា​ទៅ​ប្រកួត Miss Global 2018 កញ្ញា ហង្ស សុរិយាន់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ តាមរយៈ​សារ​​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​៖​ «​ក្នុង​កិច្ចការ​ចុះ​តាម​ភូមិ​ដាច់​ស្រយាល​នេះ ​គឺ​ជា​ការ​រៀបចំ​របស់​ខាង ​Miss Global ដូច​ជា​ចុះ​តាម​ខេត្ត​ចំនួន ​៧ ទៅ​ ៨ ​ខេត្ត​ឯ​ណោះ បន្ទាប់​ពី​ការ​ប្រឡង​បាន​បញ្ចប់​»​។

គួរ​បញ្ជាក់​ដែរ​ថា​ ចាប់​ពី​បញ្ចប់​ការ​ប្រកួត​ Miss Global 2018 នៅ​លើ​ឆាក​អន្តរជាតិ​កាល​ពី​ថ្ងៃទី ​១១ ខែ​ កុម្ភៈ ឆ្នាំ ​២០១៩​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ម៉ានីល​នៃ​ប្រទេស ​ហ្វីលីពីន​ ជាប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង ​១០​ បន្ទាប់​ពី​ទទួល​បាន​ការ​​ស៊ែ​គាំទ្រ​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បវរកញ្ញា​រូប​នេះ​នៅ​មិន​ទាន់​មាន​វត្តមាន​ក្នុង​វិស័យ​សម្តែង​នោះ​ទេ​ ក្រៅ​ពី​ការ​ធ្វើ​កិច្ច​ការ​សង្គម​ និង​ថត​​ផ្សាយ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ការ​ដើរ​បង្ហាញ​ម៉ូដ​​។

កញ្ញា ហង្ស សុរិយាន់ បាន​ថ្លែង​បន្ថែម​​ទៀត​ថា​៖​ «​ដោយសារ​តែ​ខ្ញុំ ​គឺ​ជា​តំណាង​នៃ​នារី​ខ្មែរ​ទៅ​ប្រឡង​ អ៊ីចឹង​នៅ​ពេល​ដែល​ត្រឡប់​មក​វិញ​ខ្ញុំ​ត្រូវ​ទៅ​ជួយ​អប់រំ​ផ្លូវ​ចិត្ត​ក្មេងៗ​ដែល​ត្រូវ​គេ​រំលោភ​ក្មេងៗ​ដែល​អត់​មាន​ឪពុក​ម្តាយ​ ក្មេងៗ​ជក់​គ្រឿង​ញៀន ឲ្យ​គាត់​ចេះ​តស៊ូ​ក្នុង​ជីវិត​ ប្រឹងប្រែង​រៀន​សូត្រ​ ដោយ​មិន​បោះបង់​ការ​សិក្សា​»។

ក្នុង​ដំណើរ​ចុះ​បេសកកម្ម​ទៅ​ជួយ​មើល​ថែ​កុមារ​នៅ​តាម​តំបន់​ដែល​ជា​កាតព្វកិច្ច​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ប្រជែង​សម្រស់​នៅ​លើ​ឆាក​អន្តរជាតិ​ Miss Global 2018 តារា​ម៉ូដែល​រូប​នេះ​បាន​បរិយាយ​​ទៀត​​ថា​៖​ «​ពេល​ដែល​​ខ្ញុំ ទៅ​ជួប​ជាមួយ​ពួក​គាត់ ​(ក្មេងៗ​តាម​តំបន់) ​គឺ​ជួប​នៅ​តាម​តំបន់​ ឬ​ខេត្ត​ផ្សេងៗ​ ដូច​ជាជិត​​ប៉ោយ​ប៉ែត​ជា​ដើម​ក្មេងៗ​នៅ​ទីនោះ​សុទ្ធ​តែ​ជា​​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ អ៊ីចឹង​ហើយ​យើង​ក៏​ត្រូវ​ការ​​ពេល​វេលា​សម្រាប់​​​អប់រំ​​ពួក​គាត់​ឡើង​វិញ​​»​។

ក្នុង​​​​ការ​សន្ទនា​ក្នុង​នាទី​ដ៏​​ខ្លី​ ដោយសារ​កញ្ញា​​​ជាប់​​​ថត​ អតីត​បវរកញ្ញា​រូប​នេះ​​​មិន​បាន​​បរិយាយ​​លម្អិត​ពី​សកម្មភាព​នៃ​ការ​ចុះ​ជួយ​កុមារ​នៅ​តាម​ភូមិ​ ឬ​រៀបរាប់​ពី​​ភាព​លំបាក​នៃ​បេសកកម្ម​ពាក់​មកុដ​ចុះ​តាម​ជនបទ​​នេះ​ឡើយ​៕