ក្រុងឡុងដ៍: លើ​ដង​វិថី​ដ៏ស្ងប់ស្ងាត់​មួយ​ក្នុង​ខណ្ឌ Brixton ភាគ​ខាង​ត្បូង​ប្រទេស​អង់គ្លេស​យុវជន គ្រីស្ទៀន រ៉ូប៊ឺតសុន បាន​ចត​រថយន្ដ​ហាង​កាត់សក់​ចល័ត​របស់​ខ្លួន​។

រយៈពេល​ប្រមាណ ១ ​ឆ្នាំ​មក​នេះ​លោក​បាន​ធ្វើការ​ឲ្យ Trim-It ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​កាត់សក់​លើ​ដង​វិថី​ពលរដ្ឋ​ជនជាតិ​ស្បែក​ខ្មៅ​រស់នៅ​។ គ្រាន់តែ​រុញ​ទ្វារ​រថយន្ដ​វ៉ែន​ភ្លាម ឃើញ​កៅអី​កាត់សក់​ភ្លែត កញ្ចក់​ធំ ឧបករណ៍​សម្ងួត​សក់ និង​ថត​តុ​ផ្ទុក​កន្ដ្រៃ ត្រង់​ដឺ​ជាដើម​។

ពេល​លោក​រៀបចំ​ឧបករណ៍​កាត់​កោរ​ជូន​អតិថិជន យុវជន រ៉ូប៊ឺតសុន ក្នុង​សភាព​ស្អាតបាត​បាន​និយាយ​ថា អតិថិជន​របស់​លោក​តែងតែ​មាន​ការភ្ញាក់ផ្អើល​ពេល​ពួកគេ​ឃើញ​ទិដ្ឋភាព​ក្នុង​រថយន្ដ​វ៉ែន​។

មីកា ហេនរី អាយុ ២៤ ​ឆ្នាំ​ជា​អតិថិជន​ម៉ូយ​របស់​លោក រ៉ូប៊ឺតសុន ម្នាក់​បាន​និយាយ​ថា​៖ «​រូបភាព​ខាង​ក្រៅ​ពិតជា​សំខាន់ ពេលណា​យើង​ចង់​ទៅ​កន្លែង​ណា ឬ​ទោះបី​ជា​យើង​ចង់​មាន​អារម្មណ៍​ជ្រះស្រឡះ យើង​ត្រូវ​កាត់សក់​ឲ្យ​បាន​ស្អាតបាត ហើយ​វា​ក៏​បាន​ផ្លាស់ប្ដូរ​រាសី​ពេញ​មួយ​ថ្ងៃ ឬ​មួយ​សប្ដាហ៍​ឯណោះ​»​។

លោក ហេនរី ដែល​កាត់សក់​ជាមួយ Trim-It មួយ​ខែ​ម្ដង​បាន​បន្ដ​ថា​វា​ជា​ហាង​កាត់សក់​ដ៏ងាយស្រួល​បំផុត​ដែល​លោក​ធ្លាប់​បាន​ជួប​។ ការណាត់​ជួប​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ការហៅ​លើ​កម្មវិធី​ទូរស័ព្ទ រួច​ជួប​គ្នា​កាត់​កោរ​តែ​ម្ដង​។

ស្ថាបនិក​ក្រុមហ៊ុន ដារ៉េនធេន កូរ៉ាង អាយុ ២៤ ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ការដំឡើង​ហាង​កាត់សក់​លើ​រថយន្ដ​វ៉ែន​បាន​ជួយ​បង្កើន​ទំនាក់ទំនង​ស្អិតល្មួត​រវាង​ជាង និង​អតិថិជន​។

លោក​បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា​៖ «​ទំនាក់​ទំនង​ដែល​អ្នក​មាន​ជាមួយ​ជាង​កាត់សក់​គឺ​ពិតជា​វិសេស ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ហាង​កាត់សក់​នេះ​អស្ចារ្យ​ពីព្រោះ​ទំនាក់ទំនង​មួយ​ទល់​នឹង​មួយ​នេះ អ្នក​អាច​ចាត់ទុក​ជាង​កាត់សក់​ជា​គ្រូពេទ្យ​ម្នាក់​ផង​ដែរ​»៕ HR