ក្រុង​ប៉េកាំង៖ ហាង​កាហ្វេ​សត្វ​ចិញ្ចឹម​ក្នុង​ប្រទេស ​ចិន ជា​ទី​ដែល​សត្វ​ឆ្កែ​ត្រូវ​បាន​ជ្រលក់​ពណ៌​ខ្មៅ និង​ស ដើម្បី​​ឲ្យ​ភេនដា បង្ក​ជា​ការ​ជជែក​ឡើង​កម្ដៅ​លើ​អនឡាញ​​ចំពោះ​​ការ​បី​បាច់​សត្វ​។

ហាង​កាហ្វេ​ Cute Pet Games ​​បើក​កាល​ពី​ខែ​មុន ក្នុង​ក្រុង​ឈិនឌូ ភាគ​និរតី​ខេត្ដ​ស៊ីឈួន ដែល​ជា​ជម្រក​ខ្លា​ឃ្មុំ​ភេនដា​យក្ស​ល្បី​ និង​រំលេច​ឆ្កែ​ឆូឆូ លាប​ថ្នាំ​ភេនដា ៦ ក្បាល។ នេះ​បើ​យោង​តាម​វីដេអូ​ឃ្លីប​បង្ហោះ​ដោយ​ Hongxing News ​នៅ​ថ្ងៃ​អង្គារ​។

អតិថិជន​ត្រូវ​បាន​ថត​ពេល​កំពុង​តែ​នែបនិត្យ​ជាមួយ​ឆ្កែ​ភេនដា។ ម្ចាស់​ហាង​កាហ្វេ ដោយ​ប្រាប់​តែ​ឈ្មោះ​ត្រកូល ហ៊ួង បាន​ប្រាប់​ Hongxing News ថា លោក​បាន​ចាប់​ផ្ដើម​ផ្ដល់​សេវាកម្ម​លាប​ថ្នាំ​សត្វ​ចិញ្ចឹម​ក្រោយ​ពី​ឆ្កែ​ភេនដា បាន​ក្លាយ​ជា​ទំនោរ​កំពុង​ពេញ​និយម​។

លោក ហ៊ួង បាន​និយាយ​ថា៖ «​រៀង​រាល់​ពេល​​ដែល​យើង​លាប​ពណ៌​ វា​ចំណាយ​​ប្រាក់​អស់​ប្រមាណ​ ២១១ ដុល្លារ។ ការ​លាប​ថ្នាំ​ពណ៌​ពិត​ជា​មាន​តម្លៃ​ខ្ពស់​»។

លោក​បាន​និយាយ​ថា ឆ្កែ​ទទួល​ការ​បង្វឹក​​មួយ​ថ្ងៃ ​ដើម្បី​ប្រែ​ក្លាយ​ពី​ឆ្កែ​ឆូឆូ ទៅ​ជា​ឆ្កែ​ភេនដា​។ សេវាកម្ម​ជ្រលក់​ថ្នាំ​ឆ្កែ​តម្លៃ ១ ៥០០ យន់​ បាន​ទទួល​ការ​ចុច​មើល​ជាង ១៧០ លាន​ដង ​លើ​បណ្ដាញ​សង្គម​ចិន Weibo និង​បង្ក​ជា​កំហឹង​រិះគន់​ពី​ម្ចាស់​ឆ្កែ​នានា​ដោយ​បាន​សង្កត់​ធ្ងន់​ពី​ផល​ប៉ះពាល់​លើ​រោម​របស់​សត្វ​។

ឆ្កែ​ពូជ​ឆូឆូ ត្រូវបាន​លាប​ពណ៌​ខ្មៅ និង​ស ដើម្បីឲ្យដូចខ្លា​ឃ្មុំ​ភេនដា។ រូបថត AFP

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​បាន​សរសេរ​ថា​៖ «​ខ្ញុំ​សុំស្នើ​ឲ្យ​លាប​ពណ៌​ថ្នាំ​ខ្មៅ​ស​ឲ្យ​ម្ចាស់​ហាង​កាហ្វេ​នោះ​ផង​»។

ម្នាក់​ទៀត​បាន​បន្ថែម​ថា​៖ «​ឆ្កែ និង​ឆ្មា​ស្រឡាញ់​មនុស្ស​ជា​សម្លាញ់​ដ៏​ប្ដូរ​ផ្ដាច់​ ដោយ​មិន​គិត​ពី​រូប​សម្រស់​ទេ។ ចុះ​ហេតុ​អ្វី​មនុស្ស​មិន​ចេះ​មាន​ទឹក​ចិត្ដ​ដូច​សត្វ​​សោះ​?»។

ក្នុង​វីដេអូ​ឃ្លីប លោក ហ៊ួង បាន​ឲ្យ​ដឹង​ថា ថ្នាំ​ពណ៌​នោះ​នាំ​ចូល​ពី​ជប៉ុន និង​មិន​ប៉ះពាល់​ដល់​ឆ្កែ​ឡើយ​។

ប៉ុន្ដែ​ពេទ្យ​សត្វ លីង ដៃប៊ីង បាន​ប្រាប់​ Hongxing News ថា ការ​លាប​ថ្នាំ​ឆ្កែ​អាច​ប៉ះពាល់​ដល់​រោម និង​ស្បែក​ឆ្កែ​»៕ AFP/HR