ក្រុងការ៉ាជី៖ ហាងសម្អាងកាយរបស់ Bebo Haider រំលេចពណ៌ស្រស់ មានទំហំតូច និងតាំងរូបថតធំៗ ៣ សន្លឹក ម៉ូដែលកែភេទដែលជាអតិថិជនពិសេសរបស់ហាងសាឡនក្រុងការ៉ាជីនេះ គឺជាហាងដ៏កម្រមួយនៅទឹកដីប៉ាគីស្ថាន ដែលបំពេញតម្រូវការជូនពួកគេដោយគ្មានរើសអើង។
តារ៉ាវ៉ា (Tarawah) ស្ថិតក្នុងទីក្រុងកំពង់ផែភាគខាងត្បូង ជាហាងរបស់ Haider ជាបុគ្គលកែភេទម្នាក់ ដែលមកកាន់ក្រុងការ៉ាជីក្នុងឆ្នាំ ២០១៣ ពីទីប្រជុំជនតូចមួយក្នុងខេត្ដភាគខាងត្បូង Sindh ជាមួយក្ដីសុបិនចង់ក្លាយជាអ្នកសម្អាងកាយ។ តែវាមិនងាយស្រួលឡើយ។
សូម្បីតែម្ចាស់សាឡនម្នាក់នៅទីក្រុងការ៉ាជី ក៏មិនគិតថា នាងទទួលជោគជ័យ ភ្ញៀវក៏មិនមកបៀត ឬផ្ដល់ការគោរពចំពោះនាងឡើយ។
Haider បន្ដថា វាត្រូវការពេល ២ ឆ្នាំ មុនពេលហាងសាឡននេះដំណើរការប្រក្រតី យ៉ាងហោចណាស់ភ្ញៀវមកអើតឈ្ងោកហាងនាងខ្លះៗដែរ។
ស្ដ្រីកែភេទ Haider បាននិយាយអំឡុងអង្គុយលើកៅអីសម្អាងកាយរបស់ខ្លួនថា៖ «ក្រោយពីវេលាដ៏តានតឹងមក ភ្ញៀវរបស់ខ្ញុំមិនអនុញ្ញាតឲ្យនរណាផ្សេងធ្វើសក់ និងផាត់មុខឲ្យពួកគេឡើយ។ ចរិតល្អ ឈ្នះការរើសអើងក្នុងពិភពលោក»។
Haider និងអតិថិជនបានប្រាប់ថា ស្ដ្រីកែភេទរមែងត្រូវបានវាយតម្លៃ បំពាន ដែលជាហេតុនាំឲ្យពួកគេមិនចង់ចូលហាងផ្សេងក្រៅពីគ្នាឯង។
ម៉ាហ៊ីដុល ជាអតិថិជន Tarawah បាននិយាយថា៖ «ពេលយើងអង្គុយក្បែរនារីៗនៅហាងសម្អាងកាយនេះ ពួកគេមានអារម្មណ៍ភ័យខ្លាច មិនចុះសម្រុង និងខ្លាចរអាចំពោះយើង។ ប៉ុន្ដែយើងក៏ជាមនុស្សដែរ»។
ភ្ញៀវសាឡន Haider បាននិយាយទៀតថា៖ «នេះជានិមិត្តរូបនៃតម្លៃអ្នកកែភេទ»៕ AFP/HR