ក្រុង​ហុងកុង៖ សាច់​ចម្រុះ និង​បន្លែ​ស្រស់​ជ្រលក់​ក្នុង​ស៊ុប​ឆ្នាំង​ភ្លើង​​ក្ដៅៗ ជា​អាហារ​​​ដ៏​ពេញ​និយម​បាន​ថមថយ​ប្រជាប្រិយភាព​ដោយសារ​ករណី​ឆ្លង​មេរោគ COVID-19 រវាង​សមាជិក​គ្រួសារ​ដែល​ទទួល​ទាន​​ស៊ុប​ឆ្នាំង​ភ្លើង​រួម​គ្នា​​អំឡុង​រដូវ​រងា​កន្លង​មក​នេះ។

អាហារ​ដែល​អ្នក​ញ៉ាំ​​ជ្រលក់​ចង្កឹះ រួម​គ្នា​ចាប់​សាច់ បន្លែ និង​គ្រឿង​សមុទ្រ​នេះ ស័ក្ដិសម​សម្រាប់​ការ​ញ៉ាំ​ជួប​ជុំ​គ្រួសារ​ មិត្ត​ភក្ដិ​គ្នា​ច្រើន។

ទោះ​យ៉ាង​ណា អ្នក​ជំនាញ​សុខភាព​បាន​ព្រមាន​ថា ការ​ញ៉ាំ​ស៊ុបឆ្នាំង​ភ្នើង​ជុំគ្នា​ក៏​អាច​ប្រឈម​ហានិភ័យ​ឆ្លង​​វីរុស​ដែរ ក្រោយ​ពី​​សមាជិក​​គ្រួសារ​ច្រើន​នាក់​​នៅ​ក្រុង​ហុងកុង ​បាន​ឆ្លង​ជំងឺ​ពី​អ្នក​រួមតុ​​មក​ពី​​ចិន នៅ​ថ្ងៃ​ចូលឆ្នាំ​​។

ករណី​មនុស្ស​ប្រមាណ ១០ នាក់ ​ដែល​ញ៉ាំ​ស៊ុប​ឆ្នាំង​ភ្លើង​ជុំ​គ្នា​បាន​ឆ្លង​វីរុស តម្លៃ​ភាគ​ហ៊ុន​ក្រុមហ៊ុន​​អាជីវកម្ម​ស៊ុប​ឆ្នាំង​ភ្លើង​ជា​ច្រើន​​នៅ​ក្រុង​ហុងកុង និង​ប្រទេស ​ចិន ​បាន​​ធ្លាក់​ចុះ។

ក្រុមហ៊ុន​អាជីវកម្ម​ស៊ុប​ឆ្នាំង​ភ្លើង​ Xiabuxiabu មាន​តម្លៃ​ភាគ​ហ៊ុន​ធ្លាក់​ចុះ ៧,១ ភាគរយ Haidilao ធ្លាក់ចុះ ៤,៨ ភាគរយ និង Yihai International ធ្លាក់ចុះ ២,៧ ភាគរយ។

នៅ​ទីក្រុង​ហុងកុង ភោជនីយដ្ឋាន​យីហោ Fairwood, Cafe de Coral, ​Yoshinoya និង​ Maxim''s បាន​ផ្អាក​​ការ​បម្រើ​ឈុត​ស៊ុប​ឆ្នាំង​ភ្លើង​។​

អ្នក​ទទួលទាន​ជ្រលក់​ចង្កឹះ​ស្រង់​បន្លែ និង​សាច់​ពី​ឆ្នាំងស៊ុប​​រួមគ្នា​។ រូបថត AFP

ភោជនីយដ្ឋាន ​ Maxim''s ក៏​បាន​ប្រកាស​ដែរ​ថា ​ហាង​ទាំង ២ សាខា​របស់​ខ្លួន​​ដែល​មាន​បុគ្គលិក​ជា​សមាជិក​គ្រួសារ​​​ឆ្លង​វីរុស​ COVID-19 នោះ នឹង​ត្រូវ​បិទ​​ដើម្បី​សម្អាត​​វីរុស​។

រីឯ​ភោជនីយដ្ឋាន​យីហោ​​ Haidilao បាន​បិទ​សាខា​ស៊ុប​ឆ្នាំង​ភ្លើង​របស់​ខ្លួន​​ទាំង​អស់​នៅ​ប្រទេស ​ចិន ជា​ទី​ដែល​មាន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​នេះ​​ជាង ១ ០០០ នាក់​មក​ហើយ។

នៅ​ទីក្រុង​ហុងកុង ហាង​ស៊ុប Haidilao នៅ​បន្ត​ដំណើរការ​បម្រើ​ភ្ញៀវ​ជាមួយ​វិធានការ​វាស់​កម្ដៅ​រាង​កាយ​អតិថិជន​​នៅ​មាត់​ច្រក​ទ្វារ។

លោក សេម វ៉ុង ដែល​ជា​ម្ចាស់​ហាង​ស៊ុប 66 Hotpot បាន​និយាយ​ថា មាន​​អតិថិជន ២០ នាក់​ហើយ ​ដែល​បាន​​លុប​ចោល​ការ​កក់​តុ​ញ៉ាំ​ស៊ុប​នៅ​ហាង​របស់​លោក ព្រោះ​តែ​ខ្លាច​ឆ្លង​រោគ។

ម្ចាស់​ហាង​វ័យ ៣៩ ឆ្នាំ​រូប​នេះ​​​​បាន​និយាយ​ទៀត​​ថា៖ «​​មិន​សម​ណា​​មក​​​បន្ទោស​​​តែ​លើ​​ស៊ុប​ឆ្នាំង​ភ្លើង​នោះ​ទេ ព្រោះ​ការ​ញ៉ាំ​ស៊ុប​ក្ដៅៗ​​ជា​ទម្លាប់​​​ជួបជុំ​​គ្នា​​របស់​ជនជាតិ​យើង»។

កញ្ញា អេមីលី ម៉ុក បម្រើ​ការ​ជា​​នារី​អាកាសចរណ៍​​បាន​មក​ហាង​ស៊ុប​របស់​លោក វ៉ុង ដើម្បី​ខ្ចប់​អាហារ​​យក​ទៅ​ញ៉ាំ​នៅ​ផ្ទះ។

នាង​បាន​និយាយ​ថា៖ «សង្សារ​ខ្ញុំ និង​ខ្ញុំ សុខ​ចិត្ត​ខ្ចប់​ស៊ុប​ឆ្នាំង​ភ្លើង​យក​ទៅ​ញ៉ាំ​នៅ​​ផ្ទះ ពី​ព្រោះ​យើង​មិន​ចង់​ញ៉ាំ​វា​នៅ​កន្លែង​មាន​មនុស្ស​ច្រើន​នោះ​ទេ ព្រោះ​នៅ​ហាង យើង​មិន​ដឹង​ថា​នរណា​ជា​នរណា ហើយ​មាន​ផ្ទុក​ជំងឺ​អី​ខ្លះ​នោះ​ទេ​»៕ AFP