ក្រុងឡូសអេនជឺលេស: ហាងស្ប៉ាមួយក្នុងទីក្រុងឡូសអេនជឺលេស បានឯកភាពផ្លាស់ប្ដូរគោលការណ៍របស់ខ្លួន និងបានបង់ប្រាក់សំណងដល់បុរសពិការភ្នែកម្នាក់ដែលត្រូវបានរារាំងមិនឲ្យចូលហាងដោយលើកហេតុផលថា បុរសពិការមិនអាចធ្វើតាមការណែនាំផ្សេងៗបាន។
Spa Palace ដែលដំណើរការឡើងដោយ CJ Spa Group Inc បានចូលខ្លួនដោះស្រាយក្ដីនៅនាយកដ្ឋានយុត្ដិធម៌អាមេរិក ក្រោយពីបុរសម្នាក់បានដាក់ពាក្យប្ដឹង។
ក្រុមអាជ្ញាធរបានឲ្យដឹងថា ដើមបណ្ដឹងដែលសុំមិនបញ្ចេញឈ្មោះបានចូលហាងស្ប៉ាកាលពីខែកក្កដា ឆ្នាំ ២០១៧ ជាមួយមិត្ដភក្ដិម្នាក់បំណងមកម៉ាស្សាក្នុងសង្កាត់ Westlake ក្រុងឡូសអេនជឺលេស។
បុគ្គលិកហាងស្ប៉ាបានប្រាប់លោកថាលោកមិនអាចចូលហាង ឬទទួលសេវាកម្មម៉ាស្សាដោយសារលោកមិនអាចធ្វើតាមការណែនាំ ហើយអ្នកម៉ាស្សាមិនអាចមើលការខុសត្រូវលើលោកឡើយ។ អ្នកទាំង ២ បានចាកចេញ តែទទួលទូរស័ព្ទពីបុគ្គលិកស្ប៉ា ៤៥ នាទីក្រោយដោយបាននិយាយថា ពួកគេអាចត្រឡប់មកវិញ និងចូលម៉ាស្សាបាន។ ពួកគេក៏ប្រកែកលែងត្រឡប់វិញ។
មេធាវីឈ្មោះ Nick Hanna បានឲ្យដឹងថា៖ «បុគ្គលពិការភាពរួមទាំងអ្នកពិការភ្នែក មិនគួរត្រូវបានផាត់ចេញពីសកម្មភាព ឬសេវាកម្មណាឡើយដោយមានការរើសអើង ឬស្មានខុសនោះទេ»។
បន្ថែមពីការផ្លាស់ប្ដូរគោលការណ៍លើសេវាកម្មជនមានពិការភាព ហាងស្ប៉ាក៏យល់ព្រមបង់ពិន័យ ៥០០០ ដុល្លារដល់ដើមបណ្ដឹង និងពិន័យរដ្ឋប្បវេណី ៥០០០ ដុល្លារចូលរតនាគារជាតិអាមេរិក៕ HR