ភ្នំពេញៈ ដោយ​មិន​ចង់​ឲ្យ​ចំណេះ​ជំនាញ​ផ្នែក​សិល្បៈ​វប្បធម៌​ខ្មែរ មាន​តពី​ដូនតា​មក​បន្ត​រង​នូវ​ការបាត់បង់ ឬ​សាបរលាប​អស់​នូវ​អត្តសញ្ញាណ ហើយ​កូនចៅ​ជំនាន់​ក្រោយៗ​លែង​បាន​ស្គាល់ និង​ស្រប​ពេល​មាន​កម្មវិធី​ធំ​មួយ​ប្រចាំ​ឆ្នាំ​ ២០១៩ ​គឺ «​សិល្បៈ​ដើម្បី​សន្តិភាព​» នោះ អង្គការ​សិល្បៈ​ខ្មែរ​អតមៈ (CLA) ក៏​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា គម្រោង​ស្វែងរក «​វីរជន​សិល្បៈ​លាក់​មុខ​» នៅ​តាម​ខេត្ត​នានា​ទូទាំង​ប្រទេស កម្ពុជា​។

អង្គការ​សិល្បៈ​ខ្មែរ​អមតៈ កំពុង​តែ​ស្វែងរក​ដំណឹង​អំពី «​វីរជន​សិល្បៈ​លាក់​មុខ​» ដែល​កំពុង​រស់នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅក្នុង​គោលបំណង​ដើម្បី​កំណត់​ឲ្យ​បាន​ពី​ទិន្នន័យ​បុគ្គល​ដែល​មាន​ស្នាដៃ​ដ៏ធំធេង​លើ​វិស័យ​សិល្បៈ និង​វប្បធម៌ ហើយ​មហាជន​មិន​សូវ​ដឹង ឬ​ស្គាល់​អំពី​ពួកគាត់​។ គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​មហោស្រព «​សិល្បៈ​ដើម្បី​សន្តិភាព​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ ហើយ​បេសកកម្ម​នេះ​បាន​ចាប់ផ្ដើម​តាំងពី​ចុង​ខែ​មេសា និង​កំពុង​បន្ត​នាពេល​បច្ចុប្បន្ន​ដោយ​ការចូលរួម​ជា​អ្នកស្រាវជ្រាវ ៨ ​រូប​ដែល​សុទ្ធ​តែ​ជា​អ្នក​មកពី​វិស័យ​សិល្បៈ និង​វប្បធម៌​។

អ្នកស្រី សូ ភីណា ប្រធាន​កម្មវិធី​ផ្នែក​ចំណេះដឹង​បណ្ដាញ និង​គោលនយោបាយ និង​ជា​ប្រធាន​គម្រោង​ស្វែងរក «​វីរជន​សិល្បៈ​លាក់​មុខ​» មាន​ប្រសាសន៍​ថា​៖ «​ប្រទេស​កម្ពុជា​យើង​គឺ​មាន​អ្នក​ដែល​បូជា​ទាំង​កម្លាំងកាយ​ចិត្ត​ក្នុង​ការងារ​ការពារ អភិរក្ស​សិល្បៈ និង​វប្បធម៌​ជាច្រើន​រូប​ដែល​យើង​ពុំ​សូវ​បាន​ស្គាល់​។ ដូច្នេះ​ដល់​ពេល​ហើយ ដែល​យើង​គួរ​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​សាធារណជន​បាន​ស្គាល់​ពួកគាត់ និង​ទទួល​ស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគាត់ ខណៈ​ពេល​កន្លង​មក​ក៏​ដូចជា​ផ្ដល់​ការគាំទ្រ​នានា​ដើម្បី​ឲ្យ​ពួកគាត់​មាន​ក្ដីសង្ឃឹម និង​កាន់តែ​មាន​កម្លាំងចិត្ត​បន្ត​ការងារ​របស់​ខ្លួន​ទៅ​មុខ​ទៀត​»​។

គង ជា​ឧបករណ៍​តន្ត្រីបុរាណ​ដែល​កាន់តែ​ខ្សត់​អ្នក​ចេះ​នាពេល​បច្ចុប្បន្ន​។ រូបថត CLA

អ្នកស្រី សូ ភីណា បាន​បន្ត​ទៀត​ថា​៖ «​យើង​ក៏​ត្រូវ​តែ​ប្រញាប់​ពន្លឿន​គម្រោង​នេះ​ដោយសារ​អ្នក​មាន​វីរភាព​ទាំងនោះ​មួយ​ចំនួន​កាន់តែ​មាន​វ័យចាស់ជរា ហើយ​ដូច​ក្នុង​ករណី​មួយ​គួរ​ឲ្យ​សោកស្ដាយ​ដែល​ក្រុម​ការងារ​បាន​ចុះ​ទៅ​ខេត្ត​ពោធិ៍សាត់​ធ្វើការ​ប្រមូល​ព័ត៌មាន ប្រវត្តិ​ការងារ​សិល្បៈ​របស់​ព្រឹទ្ធាចារ្យ ម៉ៅ សុភណ្ឌ គឺ​គាត់​បាន​ចែកឋាន ១ ​សប្ដាហ៍​ក្រោយ​ពេល​ក្រុម​ការងារ​យើង​ត្រឡប់​មក​វិញ​»​។

នាចុងបញ្ចប់​នៃ​គម្រោង​នេះ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​ពេល​ប្រារព្ធ​មហាស្រព «​សិល្បៈ​ដើម្បី​សន្តិភាព​» ដែល​មាន​រយៈពេល ១០ ថ្ងៃ​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​វិច្ឆិកា​។ តាមរយៈ​កម្មវិធី​នេះ​មហាជន​នឹង​បាន​ស្គាល់​អ្នក​ដែល​មាន​ស្នាដៃ​ទាំងនោះ និង​ស្វែងយល់​បន្ថែម​ពី​សមិទ្ធផល និង​គុណបំណាច់​ដ៏ធំធេង​របស់​ពួកគាត់​មក​លើ​សិល្បៈ និង​វប្បធម៌​កម្ពុជា​។ រហូត​មក​ដល់​ពេលនេះ​ក្រុម​ការងារ​សិល្បៈ​ខ្មែរ​អមតៈ និង​អ្នកស្រាវជ្រាវ​ចំនួន​ទាំង ៨ ​រូប​បាន​ធ្វើ​ដំណើរ​ប្រមូល​ព័ត៌មាន​នៅ​តាម​ខេត្ត​ក្រុង​នានា​បាន​មួយ​ភាគ​ធំ​ហើយ ព្រម​ទាំង​គ្រោង​នឹង​សរុប​លទ្ធផល​បឋម​នៅ​ចុង​ខែ​កក្កដា​នេះ​ផង​ដែរ​។

ចំពោះ​អ្នក​អាច​ចាត់ទុក​ជា​វីរជន​សិល្បៈ គឺ​ត្រូវ​តែ​ជា​បុគ្គល​ដែល​មាន​ប្រវត្តិ​ការងារ​ជាមួយ​សិល្បៈ វប្បធម៌ និង​កំពុង​បន្ត​ការងារ​លើស​ពី​ ១០​ ឆ្នាំ​ធ្លាប់​ជា​អ្នកដឹកនាំ​រៀបចំ​ថ្នាក់ ទីតាំង​សម្ដែង សង់​សំណង់​បែប​ប្រវត្តិសាស្ត្រ វប្បធម៌ ដំឡើង​របាំ រកឃើញ​ស្នាដៃ​ថ្មី តស៊ូ​មតិ ប្ដេជ្ញាចិត្ត​ខ្ពស់ តែ​ពុំ​សូវ​គេ​ស្គាល់​ជា​ថ្នាក់ជាតិ​។ ការផ្ដល់​ដំណឹង​សូម​ទាក់ទង​អ្នកស្រី សូ ភីណា ប្រធាន​គម្រោង​តាមរយៈ phina@cambodianlivingarts.org៕