ភ្នំពេញ៖ ដោយ​មាន​គោល​បំណង​ចង់​បង្ហាញ​ពី​សក្ដានុពល​ ​​ភាព​ជា​អ្នក​​​ដឹកនាំ​របស់​ក្មេង​ស្រី​ និង​​ចង់​ឆ្លុះ​​បញ្ចាំង​​ពី​បញ្ហា​យេនឌ័រ​ អង្គការ​​​ភ្លែន​អន្តរជាតិ សហការ​ជាមួយ​​ស្ថានទូត​ស៊ុយអែត​ប្រចាំ​​​​ប្រទេស ​កម្ពុជា​​ បាន​រៀបចំ​កម្មវិធី​ «ក្មេង​ស្រី​កាន់​តួនាទី​​​​ជំនួស ​Girls ​Takeover» ​​ដែល​ជា​ការ​លើក​​​ស្ទួយ​តម្លៃ​​ក្មេង​ស្រី​នៅ​តំបន់​ដាច់​ស្រយាល​ ដែល​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​​​នៅ​ថ្ងៃទី ​​១១ ខែ ​តុលា​​។​

កម្មវិធី​នេះ​​ ​គឺ​ជា​​ចលនា​សកល​មួយ​ ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តាស់ប្តូរ​ក្នុង​សង្គម​ និង​នយោបាយ​​សំដៅ​លុប​បំបាត់​ឧបសគ្គ​នានា​ ការ​រើសអើង​ និង​ភាព​​លម្អៀង​ ដែល​នៅ​តែ​រាំង​ស្ទះ​ដល់​វឌ្ឍនភាព​របស់​ក្មេង​ស្រី​។ ​ចលនា​​នេះ ក្មេង​ស្រី​ទទួល​បាន​ឱកាស​​នានា​​ដែល​​​គេ​មិន​សូវ​បាន​ឃើញ​ ឬ​ស្តាប់​ឮ ហើយ​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គេ​មាន​​​សិទ្ធិ​យក​ក្តី​ស្រមៃ​ខ្លួន​ ដោយ​មិន​​មាន​​ភាព​ភ័យ​ខ្លាច​អ្វី​ឡើយ។​

ដោយ​​ឡែក​នៅ​ក្នុង​​ឆ្នាំ ២០១៩ ​​នេះ​ ដែល​ជា​ការ​ប្រារព្ធ​ធ្វើ​លើក​ទី ​៤ អង្គការ​​ភ្លែន​អន្តរជាតិ សហការ​ជាមួយ​​នឹង​​ស្ថានទូត​ស៊ុយអែត​ប្រចាំ​​នៅ​ប្រទេស ​កម្ពុជា​​ ទទួល​បាន​ការ​ចូលរួម​ពី​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ស្រីភា មាន​​វ័យ ​១៥ ឆ្នាំ ​ដែល​​មក​ពី​ខេត្ត​ស្ទឹងត្រែង​ ដោយ​​បាន​ផ្តល់​ឱកាស​​ឲ្យ​គាត់​ដើរ​តួនាទី​ជា​ឯកអគ្គ​​​រាជទូត​ស៊ុយអែត​​ប្រចាំ​ប្រទេស​ ​កម្ពុជា​​ នា​ថ្ងៃ​ប្រារព្ធ ​(ទិវា​​ក្មេង​ស្រី​អន្តរជាតិ​​-International Day of the Girl Child)។​

យុវតី ស្រីភា បាន​សម្តែង​អារម្មណ៍​​ខ្លួន​​ថា៖ «នៅ​សហគមន៍​​​ខ្ញុំ​ ក្មេង​​ស្រីៗ​ប្រឈម​​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា​ ការ​រៀប​​​ការ​វ័យ​ក្មេង​ បោះ​បង់​ការ​សិក្សា ផ្នត់​គំនិត​យេនឌ័រ​អវិជ្ជមាន​ និង​កង្វះ​​បុគ្គលិក​គំរូ​ដល់​​ក្មេង​ស្រី​។ ​រៀប​ការ​​វ័យ​ក្មេង ​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​គេ​ ដែល​ខ្ញុំ​ចង់​ដោះ​ស្រាយ​»។

ស្រីភា វ័យ ​១៥ ឆ្នាំ ក្នុង​សកម្ម​ភាព​ជា ​«ក្មេង​ស្រីកាន់តួនាទីជំនួស» នៅ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ប្រទេសកម្ពុជា។ រូបថត សហ​ការី

ស្រី​ភា បន្ត​ថា៖ «កម្មវិធី​ក្មេង​ស្រី​កាន់​​តួនាទី​ជំនួស​នេះ ផ្តល់​ឱកាស​ឲ្យ​នាង​​​ខ្ញុំ​​បាន​ពិភាក្សា​ពី​បញ្ហា​ការ​រៀបការ​​​វ័យ​ក្មេង ជាមួយ​​ស្ថានទូត​ស៊ុយអែត។ ខ្ញុំ​ចង់​ដឹង​ពី​វិធានការ​នានា​ក្នុង​ការ​​​​បញ្ឈប់​ការ​រៀបការ​វ័យ​ក្មេង​ ដើម្បី​ឲ្យ​​ក្មេង​ស្រី​អាច​សម្រេច​សក្តានុពល​របស់​ខ្លួន​បាន​ពេញ​លេញ​»។​

លោក សាមូអែល ហ៊ូទីហ្គ​ ភារធារី​​នៃ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​ កម្ពុជា​ មាន​ប្រសាសន៍​ថា៖ «កាន់​តួនាទី​ជំនួស​​របស់ ​ស្រីភា នៅ​ក្នុង​កម្មវិធី​​ប្រារព្ធ​នៅ​ស្ថានទូត​​ គឺ​ជា​ឱកាស​មួយ​​ឆ្លុះ​បញ្ចាំង​ពី​​សិទ្ធិ​របស់​ក្មេង​ស្រី និង​​​ជា​ផ្នែក​​មួយ​នៃ​​គោល​នយោបាយ​​​ការ​បរទេស​​​​ស្តីពី​ ស្រ្តី​​និយម​នៅ​ស៊ុយ​អែត​​ និង​​​​​​លើក​កម្ពស់​​លទ្ធិ​ប្រជាធិបតេយ្យ​។​ ​​កម្មវិធី​នេះ​ ស្រីភា អាច​លើក​​​ពី​បញ្ហា​របស់​ក្មេង​ស្រី​​ក្នុង​​សហគមន៍​​ខ្លួន​ ដើម្បី​ធានា​ថា​ តម្រូវ​​ការ​ និង​សិទ្ធិ​របស់​ពួក​គេ​​​មិន​ត្រូវ​បាន​គេ​​មើល​រំលង​បាន។​ ពេល​​ក្មេងៗ​ទទួល​​​​ឱកាស​ស្មើ​​ភាព​ក្នុង​​ជីវិត​ដូច​អ្នក​​ដទៃ​​នោះ គេ​នឹង​អាច​ផ្លាស់​ប្តូរ​ជីវិត​ និង​​សហគមន៍​​ខ្លួន​ និង​ចូល​​រួម​បង្កើត​​ពិភព​​មួយ​ ដែល​កាន់​តែ​មាន​​​ភាព​​ល្អ​ប្រសើរ​គ្រប់ៗ​រូប»។​

លោក​ស្រី គ្វីននេត វ៉ង ជា​នាយិកា​ប្រចាំ​​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ ថ្លែង​ថា៖ «ក្មេង​ស្រី​ទូទាំង​ពិភព​លោក​ កំពុង​ប្រឈម​​​ឧបសគ្គ​ធំៗ​ច្រើន​ក្នុង​ការ​អភិវឌ្ឍខ្លួន និង​​សម្រេច​ក្តី​ស្រមៃ​ខ្លួន។ ជារឿយៗ​ ក្មេង​​ស្រី​គ្មាន​អំណាច​​ទៅ​លើ​ការ​សម្រេច​ចិត្ត​ ឬ​​ជា​ជម្រើស​​របស់​ខ្លួន​​នោះ​ឡើយ​»៕​