ភ្នំពេញ៖ ទោះបីមើលទៅជាសកម្មភាពសប្បុរសធម៌ មានទម្រង់តូចតាចមែនក្តី តែកើតពីចិត្តធម៌ ស្មោះត្រង់ តាមកម្លាំងសទ្ធាជ្រះថ្លា ដែលយល់ពីអារម្មណ៍ដ៏សង្វេគនៃអ្នកខ្សត់ខ្សោយនោះ ក៏ជំរុញឲ្យអតីតអ្នកសារព័ត៌មានម្នាក់ លោក ប៊ូ សារឿន បាននាំយកសម្ភារដបអាល់កុលតូចៗ ដែលបានច្រករួចស្រេចចំនួនរាប់រយដប ទៅចែកជូនបងប្អូនខ្មែរខ្សត់ខ្សោយ ដែលប្រកបរបរធាក់ស៊ីក្លូ នៅតំបន់នានាក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការការឆ្លងមេរោគក្នុងគ្រាកំពុងតែមានវិបត្តិកូវីដ ១៩ ហើយក៏នឹងបន្តធ្វើនៅគោលដៅបន្ទាប់ចែកជូនទៅដល់លោកតាយាយ តាមទីវត្តអារាម។
ដោយធ្លាប់ឆ្លងកាត់បទពិសោធលំបាកៗច្រើន ដោយធ្លាប់ជាអ្នកខ្សត់ខ្សោយមានជីវភាពលំបាក កាលពីគ្រាដំបូង ទម្រាំនឹងមានឱកាសល្អមានការងារល្អដូចជាសព្វថ្ងៃ ក្លាយជាមន្រ្តីទំនាក់ទំនងនៃសា្ថប័នល្អមួយ គឺជាស្ថាប័នធនាគារពិភពលោក (WB) តាំងពីឆ្នាំ ២០០២ និងអតីតធ្លាប់ជាអ្នកសារព័ត៌មានប្រមាណ ៦ ឆ្នាំផងដែរ ចន្លោះឆ្នាំ ១៩៩៦-២០០២។
លោក ប៊ូ សារឿន បង្ហើបប្រាប់ពីការកកើតនូវទង្វើសប្បុរសនេះថា៖ «ក្នុងរយៈពេលកើតមានវិបិត្តកូវីដ ១៩ នេះ សម្រាប់ខ្ញុំផ្ទាល់ និងបងប្អូនសប្បុរសជននានាដែលតែងតែចូលរួមតាមសទ្ធាជ្រះថ្លានោះបាននាំយកដបអាល់កុលចំនួនជាង ៥០០ ដប (សព្វថ្ងៃចំពោះដបអាល់កុលតូចៗ សម្រាប់បាញ់កម្ចាត់មេរោគនេះ មានតម្លៃ ១ ដប ចន្លោះពី ៣ ៥០០ រៀល ទៅ ៤ ០០០ រៀល ខណៈកាលពីមិនទាន់កើតមានជំងឺឆ្លងកូវីដ ១៩ តម្លៃចំនួន ៤ ដបតូចៗ ប្រហែលជា ៦ ០០០ រៀលតែប៉ុណ្ណោះ) ហើយទៅចែកជូនដល់ បងប្អូនខ្មែរមានជីវភាពខ្សត់ខ្សោយ និងអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលរស់នៅក្នុងតំបន់នានានៃទីក្រុងភ្នំពេញ»។
ខណៈបណ្តាប្រទេសទូទាំងពិភពលោក ហើយមានកម្ពុជា កំពុងតែរងនូវការគំរាមកំហែងពីជំងឺឆ្លងឈ្មោះថា វីរុសកូរ៉ូណា ឬកូវីដ ១៩ ដោយមានបណ្តាប្រទេសមួយចំនួន ត្រូវបានរដ្ឋាភិបាលសម្រេចចេញនូវសេចក្តីជូនដំណឹងឲ្យធ្វើការងារនៅតាមផ្ទះ ដើម្បីបញ្ចៀស ឬបង្ការខ្លួនកុំឲ្យងាយឆ្លងនឹងមេរោគនេះ។ ទន្ទឹមនឹងនេះដែរ សម្រាប់ប្រទេស កម្ពុជា ការសំងំខ្លួននៅក្នុងផ្ទះ ដោយមិនអាចចេញក្រៅមកធ្វើការងារ ក៏បានជះឥទ្ធិពលខ្លាំងស្ទើរតែគ្រប់ស្រទាប់មនុស្សនៅក្នុងសហគមន៍នានា ទាំងនៅទីក្រុង និងជនបទ ជាពិសេសនោះ សម្រាប់ពលរដ្ឋក្រីក្រ ដែលប្រកបរបរចិញ្ចឹមជីវិត ដោយប្រើកម្លាំងកាយតែម្តង ដូចជាមុខរបរធាក់ស៊ីក្លូជាដើម។
ធ្លាប់ជាអ្នកធាក់ស៊ីក្លូ អ្នកដើររើសអេតចាយ និងធ្លាប់ជួបវិបត្តិអត់ចំណីអាហារ ដោយសារតែជីវភាពក្រខ្សត់ខ្លាំង បុរសវ័យ ៥៦ ឆ្នាំ ដែលមានស្រុកកំណើតមកពីខេត្តស្វាយរៀង ដែលបច្ចុប្បន្នកំពុងតែរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ នៃតំបន់ចម្ការដូង លោក ប៊ូ សារឿន បន្តឲ្យដឹងទៀតថា៖ «ទោះបីជាសកម្មភាពចូលរួមជួយក្នុងសង្គមតូចតាចក៏ពិតមែន តែខ្ញុំសប្បាយចិត្តព្រោះនេះ គឺជាទង្វើកើតចេញពីទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់ខ្ញុំ និងមិត្តភក្តិ ឬបណ្តាក្រុមសប្បុរសជននានាដទៃទៀត ចូលរួមបរិច្ចាគតាមសទ្ធានោះ ដោយយើងយល់ពីស្ថានភាពរបស់បងប្អូនខ្មែរដែលមានជីវភាពលំបាក»។
ជាពិសេស នៅក្នុងស្ថានភាពដែលយើងកំពុងជួបនឹងវិបត្តិកើតមានជំងឺឆ្លង ដ៏កាចសាហាវកូវីដ ១៩ តែម្តង ដែលរឹងរឹតតែធ្វើឲ្យបងប្អូនទាំងនោះ ប្រឈមនឹងបញ្ហាជីវភាពលំបាកមួយកម្រិតទៀត។ ដូច្នេះ យើងនឹងឃើញរបស់ម្យ៉ាង ដែលកំពុងតែត្រូវការចាំបាច់ គឺអាល់កុលបាញ់កម្ចាត់មេរោគ កុំឲ្យងាយឆ្លងកូវីដ ១៩ ទៅចែកជូនដល់ពួកគាត់។ ប្រការដ៏សំខាន់មួយទៀត ក្រៅពីដបអាល់កុលសម្រាប់បាញ់កម្ចាត់មេរោគនោះ ខ្ញុំគិតថា ក៏អាចមានឱកាសនាំនូវសារជួយប្រាប់ពួកគាត់ពីរបៀបរក្សាអនាម័យខ្លួនឯងឲ្យបានស្អាត ដោយឧស្សាហ៍លាង ដៃញឹកញាប់នឹងសាប៊ូ ឬប្រើអាល់កុលនេះជាដើម ព្រោះថាពេលខ្លះពួកគាត់ពិតជាមិនបានគិតទៅដល់រឿងអនាម័យនេះឡើយ។ ជាលទ្ធផលពួកគាត់សប្បាយចិត្តខ្លាំងណាស់»។
មើលទៅសកម្មភាពចូលរួមជួយសង្គម ដោយស្ម័គ្រចិត្តដើរចែករំលែកទង្វើសប្បុរសតាមលទ្ធភាពមិនចាំបាច់ដល់ពេលមានធនធានច្រើនស្តុកស្តម្ភ ទើបអាចនឹកឃើញគិតចង់ធ្វើនេះ នឹងមិនបញ្ចប់ត្រឹមនេះឡើយ ដោយអតីតធ្លាប់អ្នកកាសែតភ្នំពេញប៉ុស្តិ៍ នាអំឡុងឆ្នាំ ១៩៩៧-២០០២ និងបានដូរទៅធ្វើការជាមន្រ្តីទំនាក់ទំនងនៅស្ថាប័នធនាគារពិភពលោក (WB) ចាប់តាំងពីឆ្នាំ ២០០២ មកដល់បច្ចុប្បន្ននេះ គ្រោងនឹងចែកជូនដបអាល់កុលបាញ់កម្ចាត់មេរោគបន្តទៅគោលដៅផ្សេងទៀត គឺទីវត្តអារាម ហើយលោកក៏ត្រៀមស្វាគមន៍ចំពោះសប្បុរសជន ដែលចង់ចូលរួមទៅតាមលទ្ធភាពខ្លួនមានផងដែរ។
លោក ប៊ូ សារឿន ដែលកំពុងតែដើរតួដូចជាអ្នកតំណាងឲ្យក្រុមសប្បុរសជន ក្នុងការនាំយកដបអាល់កុលចែកជូនសហគមន៍ក្រីក្រនោះ បានបញ្ជាក់ពីគម្រោងបន្ទាប់ថា៖ «ក្រោយពីបានចែកជូនទៅដល់បងប្អូនសហគមន៍ អ្នកប្រកបរបរធាក់ស៊ីក្លូរួចទៅ យើងនឹងនាំយកទៅចែកជូនទៅដល់លោកតាលោកយាយ នៅតាមទីវត្តអារាមវិញម្តង។ ដោយឡែក ខ្ញុំក៏សប្បាយចិត្ត នាពេលកន្លងមក ឃើញមានបងប្អូនយើង ទាំងក្រុមគ្រួសារខ្ញុំក្តី ទាំងមិត្តភក្តិជិតឆ្ងាយក្តី ដែលតែងតែបានចូលរួមជាមួយនឹងខ្ញុំ ទាំងការបរិច្ចាគថវិកា ទាំងសម្ភារនានា ខណៈការចូលរួមម្នាក់បន្តិចៗ គឺពិតជាអាចជួយគ្នាបានក្នុងគ្រាត្រូវការ»៕