ក្រុងហ្សាការតា: ស្ដ្រីម្នាក់អង្វរករសុំការលើកលែង និងយំបោកខ្លួនដូចអក ខណៈខេត្ដអាសេរបស់ឥណ្ឌូនេស៊ីដាក់ទណ្ឌកម្មលើមនុស្សជាច្រើននៅថ្ងៃព្រហស្បតិ៍រួមទាំងបុរសកាន់លទ្ធិព្រះពុទ្ធសាសនាម្នាក់ដែលចោទប្រកាន់ពីបទបំពានច្បាប់មូស្លីម។
ដោយមានការរិះគន់ច្រើន ការវាយរំពាត់នៅទីសាធារណៈគឺជាទណ្ឌកម្មដ៏សាមញ្ញមួយចំពោះជនល្មើសក្នុងតំបន់ដ៏អភិរក្សតឹងរ៉ឹងមួយនេះដែលស្ថិតនៅចុងកោះស៊ូម៉ាត្រា រួមទាំងល្បែងស៊ីសង ផឹកគ្រឿងស្រវឹង និងរួមភេទខ្ទើយ ឬសម្ព័ន្ធផ្លូវភេទក្រៅអាពាហ៍ពិពាហ៍។
ខេត្ដអាសេ គឺជាតំបន់តែមួយក្នុងប្រទេសដែលប្រកាន់លទ្ធិមូស្លីមធំបំផុតក្នុងលោកដែលប្រណិប័តន៍ច្បាប់អ៊ិស្លាមតឹងរ៉ឹងបំផុត។ ថ្ងៃព្រហស្បតិ៍មហាជនឈរមើលមនុស្ស ១១ នាក់ត្រូវបានវាយនឹងរំពាត់ខាងក្រៅព្រះវិហារក្នុងក្រុង បានដា អាសេ នៃខេត្ដដ៏អភិរក្ស។
មន្ដ្រីគ្រងឈុតសារីបានវាយពី ៨ ទៅ ៣២ រំពាត់លើខ្នងក្រោយពីពួកគេត្រូវបានចាប់ពីបទរួមភេទចំពោះសម្ព័ន្ធភាពភេទផ្ទុយជាច្រើនករណី។ បុរស ៦ នាក់ និងនារី ៥ នាក់ដែលមានអាយុចន្លោះពីជិត 20 ទៅ 20 ប្លាយត្រូវបានឈរព័ទ្ធជុំវិញដោយមន្ដ្រីសាសនាដែលតាមប្រមាញ់ជាទង្វើបំពានច្បាប់សាសនារបស់ជនទាំងនេះ។
អាជ្ញាធរបន្ថែមថាមនុស្សប៉ុន្មាននាក់ធ្លាប់ត្រូវបានវាយកន្លងមកពីបទឱបថើប និងកាន់ដៃគ្នានៅទីសាធារណៈ។ យុវតីអាយុ ១៩ ឆ្នាំម្នាក់ត្រូវបានចាប់ក្នុងបន្ទប់ជាមួយបុរសម្នាក់បានទ្រហោយំយ៉ាងខ្លាំង ខណៈទណ្ឌកម្មវាយនឹងរំពាត់ចាប់ផ្ដើម៕ HR