ក្រុងតូក្យូ: ក្រោយពី​លេង​កូន​ហ្គោល​នាពេល​ព្រឹក និង​ទស្សនា​ការប្រកួត​ចំបាប់​ស៊ូម៉ូ​នាពេល​រសៀល ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ដ្រី​ជប៉ុន ស៊ីនហ្សូ អាបេ បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​ជុំ​គ្នា​ជាមួយ​ភរិយា​ក្នុង​ភោជនីយដ្ឋាន​អាំង​ធ្យូង​របស់​ជប៉ុន​មួយ​នៅ​ជាយ​ក្រុង​តូក្យូ​នា​ល្ងាច​ថ្ងៃ​អាទិត្យ​។

លោក អាបេ បាន​រៀបចំ​ទទួលទាន​អាហារ​ដ៏ស្និទ្ធស្នាល​នៅ​ភោជនីយដ្ឋាន Inakaya ក្នុង​ខណ្ឌ Roppongi ដែល​លក់ «robatayaki» សម្រាប់​មនុស្ស​ ២ ​នាក់​អង្គុយ​អាំង​បន្លែ ត្រី និង​សាច់​ដែល​ជ្រើសរើស​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។

មុខម្ហូប​ទាំងនេះ​ដាក់​លើ​ថាស​ធំ​មួយ​សម្រាប់​ឲ្យ​ភ្ញៀវ​អង្គុយ​រង់ចាំ​ក្នុង​ភោជនីយដ្ឋាន​សាមញ្ញ​ដ៏តូច​មួយ​នេះ​។ ដំឡូង​បារាំង​ជប៉ុន​ជាមួយ​ប៊័រ​សាលាដ មាន់​ចៀន សាច់គោ​ស្ដេកវ៉ាកយូ ជាមួយ​ខាត់ណា​ខៀវ និង​ការ៉ុត​ព្រម​ទាំង​ការ៉េមវ៉ានីឡា ក៏​ស្ថិត​ក្នុង​តារាង​ម្ហូប​សម្រាប់​លោក ត្រាំ និង​អាបេ ផង​ដែរ​។ នេះ​បើ​យោង​តាម​សេតវិមាន​។

ភោជនីយដ្ឋាន​ដ៏សាមញ្ញ​បាន​បើកសម្ពោធ​តាំងពី​ឆ្នាំ​ ១៩៧០​។ រូបថត អ៊ីនស្តាក្រាម

ភោជនីយដ្ឋាន Inakaya បាន​បម្រើ​មុខម្ហូប​ជាច្រើន​រួមមាន សាស៊ីមិ គុយទាវ​បែប​ប្រពៃណី ដូចជា ត្រី​សាល់ម៉ុង​ផ្ទាប់​មើម​ស្ពៃ​ក្រហម​សរសៃ និង​ឈ្លើងសមុទ្រ​ប្រឡាក់​គ្រឿង​។

ទោះបី​ជា​លោក ត្រាំ អត់​ទទួល​ទាន​គ្រឿង​ស្រវឹង ភោជនីយដ្ឋាន Inakaya បាន​ដាក់​រាយ​មុខ​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ជប៉ុន​មួយ​ចំនួន​ដូចជា ស្រាស​សាកេ និង​ស៊ូឈូ ថែម​ទៀត​។

សម្ពោធ​តាំងពី​ឆ្នាំ​ ១៩៧០ ភោជនីយដ្ឋាន Inakaya មាន​ ២ ​ទីតាំង​គឺ​នៅ​ខណ្ឌ Roppongi ប្រទេស​ជប៉ុន និង​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។ កាលពី​ឆ្នាំ​ ២០១៧ លោក ស៊ីនហ្សូ អាបេ បាន​នាំ​លោក ត្រាំ ទៅ​ទទួលទាន​ពេល​ល្ងាច ស្ដេកអាំង​លើ​បន្ទះ​ដែក «teppanyaki»៕ HR