ភ្នំពេញៈ ថ្មីៗនេះ តារាចម្រៀងស្រីអូរីជីណល ដែលចេះទាំងលេងហ្គីតា និងចេះនិពន្ធបទចម្រៀងដោយខ្លួនឯងនាង អេដា ចាប់បានឱកាសថ្មីដំបូងមួយ នៅក្នុងពិភពសិល្បៈចម្រៀងជាមួយនឹងតំណែងជាគណៈកម្មការផ្តល់ពិន្ទុម្នាក់ក្នុងចំណោមបេក្ខភាព ៣ រូបនៃកម្មវិធីប្រកួតប្រជែងប្រឡងចម្រៀង ការតែងនិពន្ធបទភ្លេង និងបទចម្រៀងថ្មី ឬកម្មវិធី «The Melody» របស់ទូរទស្សន៍បាយ័ន ក្រោយពីវិលចូលប្រឡូកវិស័យសិល្បៈវិញមិនទាន់បាន ២ ឆ្នាំពេញលេញផងនោះ។
គ្រាន់តែបានឃើញប្រកាសពីកម្មវិធីនោះ មហាជនក៏អាចទាញយកការសន្និដ្ឋានបានដែរថា នេះគឺជាកម្មវិធីបង្កើតថ្មីរបស់ទូរទស្សន៍បាយ័ន ហើយបេក្ខភាពអ្នកសិល្បៈដែលអាចមានឱកាសក្លាយជាគណៈកម្មការផ្តល់ពិន្ទុ ឬក្លាយជា Judge ក្នុងកម្មវិធីក៏ត្រូវមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែរ។
ក្រៅពីបេក្ខភាពជាតារាចម្រៀងស្រីទើបតែបានវិលត្រឡប់មកកាន់វិស័យសិល្បៈចម្រៀងវិញ បន្ទាប់ពីបាត់មុខមួយរយៈ និងបាននាំនូវបទចម្រៀងប្រភេទអូរីជីណលថ្មីៗមួយចំនួន ដែលស្រូបអ្នកគាំទ្រយ៉ាងច្រើនរួមមានដូចជាបទ «នៅទីនេះមានមនុស្សខូចចិត្ត» បទ «ភ្លើង» និងបទ «ពីរនាក់បានហើយ» និងបទចម្រៀងចុងក្រោយគឺបទ «មានអ្នកថែឬនៅ?» មានឈ្មោះពិត ក្រូច ចរិយា ហៅ អេដា នោះ ក៏មានបេក្ខភាព ២ រូបទៀតដែរ គឺតារាចម្រៀងប្រុសអូរីជីណល លោក ហេង ពិទូ និងអ្នកនិពន្ធបទភ្លេង ចម្រៀង និងតារាចម្រៀងម្តងម្កាលនៃទ្រនំហង្សមាសគឺលោក សួន ពិសិដ្ឋ។
ពាក់ព័ន្ធនឹងលក្ខណសម្បត្តិយ៉ាងណា ដើម្បីក្លាយជាគណៈកម្មការនៃកម្មវិធី «The Melody» របស់ទូរទស្សន៍បាយ័ន អ្នកនាង អេដា មិនបានបញ្ជាក់ផ្ទាល់ នោះឡើយ ដោយសារជាប់រវល់តែ ភ្នំពេញប៉ុស្តិ៍ក៏បានទទួលការបកស្រាយត្រួសៗពីកញ្ញា ក្រូច អមរា ហៅកញ្ញា អេម៉ា ដែលជាប្អូនបង្កើតរបស់ អេដា និងជាជំនួយការផ្ទាល់នោះបង្ហើបថា៖ «បើតាមនាងខ្ញុំដឹង ដោយសារក្រុមការងារទូរទស្សន៍បាយ័ន មើលឃើញថា បងស្រីខ្ញុំ មានបទពិសោធច្រើនខាងបទចម្រៀងប្រភេទអូរីជីណល ហើយចេះនិពន្ធបទចម្រៀង និងទំនុកភ្លេងដោយខ្លួនឯងបាន ថែមទាំងល្បីឈ្មោះផងដែរនាពេលបច្ចុប្បន្ននេះ ក៏ទាក់ទងមកគាត់ដើម្បីឲ្យកាន់តំណែងជា Judge ម្នាក់នៅក្នុងចំណោមបេក្ខភាព ៣ រូប ដែល ២ រូបទៀត មានបងប្រុស ហេង ពិទូ និងបងប្រុស សូន ពិសិដ្ឋ»។
កញ្ញា អេម៉ា ក៏បន្តថា៖ «នាពេលនេះបានថតឈុតខ្លះៗ រួចហើយ សម្រាប់ចាក់កម្មវិធី The Melody ដែលនឹងត្រៀមចាប់ផ្តើមរដូវកាលដំបូងនៅក្នុងខែឧសភា ខាងមុខ នៅប៉ុស្តិ៍ទូរទស្សន៍បាយ័ន។ លក្ខខណ្ឌផ្សេងៗទៀតនៃបេក្ខជនចូលរួមប្រកួតនោះ នាងខ្ញុំមិនបានជ្រាបពីដំណឹងទេ ព្រោះថាពេលនេះ ស្ថិតនៅក្នុងស្ថានភាពរៀបចំផ្ទៃក្នុងនៃក្រុមការងាររបស់ទូរទស្សន៍នៅឡើយ»៕