ក្រុងគែរ: ក្រុម​អាជ្ញាធរ​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចាប់​ខ្លួន​ម្ចាស់​អូដ្ឋ​ម្នាក់ និង​ស្ដ្រី​ម្នាក់ ពី​បទ​ជួយ​ជ្រោម​ជ្រែង​ជន​ជាតិ​ដាណឺម៉ាក ២ នាក់​ឡើង​ប្រាសាទ​ពីរ៉ាមីត ជីហ្សា ដើម្បី​ថត​វីដេអូ និង​រូប​អាក្រាត ដែល​បង្ក​ជា​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង។

ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ស្ដ្រី​ម្នាក់​បាន​ណែនាំ​ទេសចរ​ទាំង ២ ជួប​ម្ចាស់​អូដ្ឋ ដែល​បាន​នាំ​ពួកគេ​ទៅ​កាន់​តំបន់​ប្រាសាទ​ដោយ​ខុស​ច្បាប់​នា​ពេល​រាត្រី កាល​ពី​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ជា​ថ្នូរ​នឹង​ប្រាក់ ៤០០០ ផោន​អេហ្ស៊ីប (២២៥ ដុល្លារ)។

ក្នុង​វីដេអូ ដែល​ហៅថា «ឡើង​ប្រាសាទ​ពីរ៉ាមីត ជី​ហ្សា» ជាង​ថតរូប​ដាណឺម៉ាក Andreas Hvid បាន​ឡើង​ប្រាសាទ​ផ្នូរ​បុរាណ ៤៥០០ ឆ្នាំ នៅ ក្រៅ​ក្រុង​គែរ​ជាមួយ​ស្ដ្រី​ម្នាក់ ដែល​ក្រោយ​មក ត្រូវ​បាន​មើល​ឃើញ​ដោះ​អាវ​ថែម​ទៀត។

Hvid បាន​និយាយថា វីដេអូ​នោះ ត្រូវបាន​ថត​នា​ចុងខែ​វិច្ឆិកា និង​បង្ហោះ​លើ​បណ្ដាញ​សង្គម យូធូប កាល​ពី​ថ្ងៃទី ៨ ខែ​ធ្នូ ដែល​នាំ​ឲ្យ​អាជ្ញាធរ​អេហ្ស៊ីប​បើក​ការ​ស៊ើប​អង្កេត​តែ​ម្ដង។

គ្រាន់តែ ៣ នាទី ប៉ុណ្ណោះ វីដេអូ​មួយ​នេះ មាន​អ្នក​ចូល​ទស្សនា​ជាង ៤,៥ លាន​ដង ហើយ​បាន​បង្ក​ជា​កំហឹង​ពាស​ពេញ​ប្រទេស​អេហ្ស៊ីប។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម twitter នៅ​អេ​ហ្ស៊ី​ប បានសរសេរ​ថា៖ «ភាព​ស៊ីវិល​ល័យ ៧០០០ ឆ្នាំ​នេះ ត្រូវ​រលាយ​ខ្សុល​ហើយ»។

លោក Hvid អាយុ ២៣ ឆ្នាំ បាន​រៀបរាប់​ប្រាប់​កាសែត​ក្នុង​ស្រុក Ekstra Bladet ថា លោក​មាន​ក្ដី​ប្រាថ្នា​ចង់​ឡើង​ប្រាសាទ​ពីរ៉ាមីត ព្រម​ទាំង​ថតរូប​អាក្រាត​ថែម​ទៀត។

ប្រាសាទ​ពីរ៉ាមីត ជា​ប្រាសាទធំ​បំផុត​នៅ​ជី​ហ្សា ដោយមាន​កម្ពស់ ១៤៦ ម៉ែត្រ និង​ជា​សំណង់​បុរាណ​ស្ថិត​ក្នុង​អច្ឆរិយ​ទាំង ៧ ក្នុង​លោក។ ការ​ឡើង​ប្រាសាទ​បុរាណ​នេះ ត្រូវ​បាន​ហាម​ឃាត់៕