ក្រុង​ញូវយ៉ក៖ ខណៈ​ដែល​បណ្ដា​ភោជនីយដ្ឋាន​នៅ​ក្រុង​ញូវយ៉ក​បាន​បិទ​ទ្វារ ​ព្រោះ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ទូទាំង​ពិភព​លោក ពលរដ្ឋ​ដែល​មិន​ទម្លាប់​ចម្អិន​អាហារ​ញ៉ាំ​នៅ​ផ្ទះ ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​​កងកម្លាំង​ជិះ​កង់​ដឹក​ជញ្ជូន​​ចែកចាយ​ម្ហូប​អាហារ​ មក​កាន់​តុ​បាយ​ពួក​គេ។​

មនុស្ស​ប្រមាណ ៤ ម៉ឺន​នាក់ ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជា​ជន​អន្តោប្រវេសន៍​​ពុំមាន​ធានា​រ៉ាប់រង​សុខភាព ឬ​​ក្រដាស​ស្នាម​ផ្លូវ​ច្បាប់​នោះ​បាន​កំពុង​​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ពេល​ដែល​​បណ្ដា​ហាង​អាហារ និង​បារ៍​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ពី​ថ្ងៃ​ចន្ទ ​រហូត​ដល់​ថ្ងៃទី ១ ខែ​មេសា។

ក្រុម​អ្នក​ជិះ​កង់​ធាក់​ឈ្នាន់ និង​ខ្លះ​ទៀត​ប្រើ​កង់​អគ្គិសនី មាន​ប្រអប់​ដាក់​អាហារ និង​ថង់​ច្រក​ម្ហូប​រយីងរយោង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​អតិថិជន​កុម្ម៉ង់ ទាំង​ក្ដី​បារម្ភ​ខ្លាច​ឆ្លង​វីរុស តែ​ពួក​គេ​មិន​មាន​ជម្រើស​ការងារ​​អ្វី​ប្រសើរ​ជាង​នេះ​ឡើយ។

អ្នក​ដឹក​ជញ្ជូន​ម្នាក់​ឈ្មោះ Alberto Gonzalez ដែល​សារភាព​ថា​​ លោក​រស់នៅ​អាមេរិក​ដោយ​គ្មាន​ការ​​ធានា​រ៉ាប់រង​សុខភាព​​នោះ បាន​ត្អូញ​ថា៖​ «អ្នក​ផ្សេង​គេ​នៅ​ផ្ទះ ប៉ុន្តែ​ពួក​យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ជំងឺ​កូវីដ ១៩។ វា​ពិត​ជា​គួរ​ឲ្យ​បារម្ភ​ណាស់»។

ភាគច្រើន​នៃ​អ្នក​បម្រើការ​ដឹកជញ្ជូន​ចែកចាយម្ហូបអាហារគឺ​​ជា​ជនអន្តោប្រវេសន៍​​​។ រូបថត AFP

លោក​បន្ត​ទៀត​ថា៖ «ខ្ញុំ​មាន​​ប្រពន្ធ និង​​កូន ​៤ ​នាក់​នៅ​ផ្ទះ តែ​វា​ល្អ​អី​បើ​ខ្ញុំ​ត្រូវ​នៅ​ក្រៅ​ធ្វើ​ការ​គ្រប់​ច្រក​ល្ហក ដែល​ធ្វើ​ឲ្យ​ពួក​គេ​ក៏​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​​ឆ្លង​ជំងឺ​​ពី​ខ្ញុំ​នោះ»។

សេវា​ដឹក​ជញ្ជូន និង​ចែកចាយ​ម្ហូប​អាហារ​​បាន​សម្រួល​ដល់​ការ​ហូប​ចុក​​របស់​​ប្រជាជន​រាប់​លាន​នាក់ ដែល​ត្រូវ​សំងំ​ក្នុង​ផ្ទះ មិន​អាច​ដើរ​ហើរ​ទៅ​ក្រៅ ព្រោះ​តែ​ការ​រាត្បាត​នៃ​ជំងឺ​កូវីដ ១៩។

លោក Gonzalez ដែល​រស់នៅ​តំបន់​ប្រូកឃ្លីន និង​ធ្វើ​ការ​ក្រោម​ដំបូល​អង្គការ​​ជន​អន្តោប្រវេសន៍ Make The Road New York បាន​ទទូច​ថា អ្នក​ជិះ​កង់​បម្រើ​ការ​ដូច​រូប​លោក ត្រូវ​ការ​​ការពារ​លើស​ពី​​នេះ។

លោក​និយាយ​ថា៖ «ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ​ថា នរណា​មាន​អាទិភាព​ក្នុង​ការ​ស្នើ​សុំ​ធ្វើ​តេស្ត​រក​វីរុស​នេះ។ តើ​អ្នក​គ្មាន​ធានា​រ៉ាប់រង​សុខភាព និង​លិខិត​​រស់នៅ​ស្រប​ច្បាប់ ត្រូវ​បង់​លុយ​ហោប៉ៅ​ខ្លួន​ឯង​ក្នុង​ការ​ពិនិត្យ​ជំងឺ និង​ព្យាបាល​ដែរ ​ឬទេ?»។

ក្រៅពី​លាង​ដៃ​នឹងជែល​សម្លាប់មេរោគ អ្នក​ខ្លះ​ប្រើថង់ប្លាស្ទិក​ស្រោបដៃកង់​ដើម្បីបង្កា​រវីរុស​ឆ្លង។ រូបថត AFP

ក្រុម​អ្នក​ជិះកង់​ដឹក​ជញ្ជូន​អាហារ​ព្យាយាម​ការពារ​ខ្លួន​ដោយ​ការពាក់​ស្រោម​ដៃ និង​ម៉ាស់។ ពួក​គេ​ឧស្សាហ៍​លាង​ដៃ​នឹង​ជែល​សម្លាប់​មេរោគ ពាក់​ស្រោម​ដៃ ហើយ​អ្នក​ខ្លះទៀត​ប្រើ​​ថង់​ប្លាស្ទិក​រុំ​ដៃ​កង់។

បុរស​ម៉ិកស៊ិក​វ័យ ៣០ ឆ្នាំ Luis Ventura ដែល​ធ្លាប់​ជា​មេ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​ក្រិក បាន​ចូល​ខ្លួន​មក​បម្រើ​ការ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ក្នុង​កម្រៃ​​មួយ​ម៉ោង ៩ ដុល្លារ ដែល​ថោក​ជាង​ប្រាក់​កម្រៃ​ទាប​បំផុត​នៅ​ក្រុង​ញូវយ៉ក ១៥ ដុល្លារ ​ក្នុង ​១ ​ម៉ោង។

រឹត​តែ​យ៉ាប់​ទៅ​ទៀត​នោះ លោក​​ក៏​​បារម្ភ​ទៀត​ថា៖ «និយាយ​ឲ្យ​ស្មោះ​ទៅ សង្ស័យ​តែ​ខែ​នេះ​មិន​បាន​ប្រាក់​ខែ​ដែល​ខំ​ធ្វើ​ការ​នេះ​ផង»៕ AFP