ក្រុង​ឡុង​ដ៍: ការសិក្សា​បាន​រកឃើញថា ការប្រើប្រាស់​បណ្ដាញ​សង្គម​ច្រើន​ពេក​ជា​ពិសេស​ការ​បង្ហោះ​រូបភាព​ផ្សេងៗ រួម​ទាំង​សែល​ហ្វ៊ី​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ជំងឺ​តួឯក​និយម។ ក្រុម​អ្នក​និពន្ធ​ការ​សិក្សា បាន​ព្រមាន​ថា លទ្ធផល​មាន​ដល់ ១ ភាគ ៥ នៃ​ចំនួន​ប្រជាជន​សរុប ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​តួឯក «ស្រឡាញ់​ខ្លួន​ឯង​ជ្រុល» ដោយ​ទាក់​ទង​នឹង​ការ​បង្ហោះ​រូបភាព​ច្រើន​ហួស​ហេតុ។

អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ច្រើនពេក​តាមរយៈ​ការ​បង្ហោះ​រូប​ភាពជា​មធ្យម ២៥ ភាគរយ ត្រូវ​បាន​សង្កេត​ឃើញ​ថា ពួកគេ​បាន​បង្កើន​អាការ​ស្រឡាញ់​ខ្លួន​ឯង​ជ្រុល អំឡុង​ការ​សិក្សា​រយៈពេល ៤ ខែ។

ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​ប្រើប្រាស់ ៦០ ភាគរយ​ពី​អ្នកចូលរួម​ខណៈ ២៥ ភាគរយ ប្រើ​អ៊ីនស្ដាក្រាម ១៣ ភាគរយ​ប្រើ Twitter និង ១៣ ភាគរយ ដូចគ្នា​ប្រើ Snapchat។

ជំងឺ​តួឯក​និយម​គឺជា​បញ្ហា​លើ​អត្ដ​ចរិត​របស់​បុគ្គល​ដែល​អាចទាក់ទង​នឹង​ការចូល​ចិ​ត្ដ​សម្ញែង​រូប​រាង​ច្រើន​លើស​លប់ និង​កេង​ចំណេញ​ពី​អ្នក​ដទៃ។

សាស្ដ្រាចារ្យ ហ្វីល​រីដ​មកពី​សាកលវិទ្យាល័យ​ស្វា​ស៊ី​ផ្នែក​ចិ​ត្ដ​វិទ្យា​ដែល​ដឹកនាំ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​និយាយ​ថា៖ «វា​មាន​ទំនាក់​ទំនង​រវាង​អាការ​ស្រឡាញ់​ខ្លួន​ជ្រុល​ទៅ​នឹង​ការ​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម ដូចជា Facebook»។

លទ្ធផល​នៃ​ការសិក្សា​បានបង្ហាញ​ថា ចំណោម​សកម្មភាព​ប្រើ​បណ្ដាញ​សង្គម ការ​បង្ហោះ​រូប​សែល​ហ្វ៊ី​អាច​បង្កើន​ឱកាស​ជំងឺ​តួឯក​ខ្លាំង។ ការ​សិក្សា​មួយ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្ដិបត្រ The Open Psychology Journal៕

HR