ក្រុង​វៀងចន្ទន៍​ : អ្នក​ភូមិ បាន​កែ​ច្នៃ​ក្បាល​គ្រាប់​បែក​សល់​ពី​សម័យ​សង្គ្រាម​វៀតណាម​ទៅ​ជា​ទូក​ដ៏​រឹង​មាំ​អស្ចារ្យ​។

បើ​ការ​រស់​នៅ​អ្នក​មាន​ភាព​ស្រដៀង​គ្នា​នឹង​​ភូមិ​ឋាន​ប្រទេស​ឡាវ​ទាំង​នេះ ភូមិ​ ថាបាក់ ក៏​អត់​មាន​អ្វី​ខុស​ប្លែក​នោះ​ទេ។ ប៉ុន្ដែ​បើ​អ្នក​ចំណាយ​ទៅ​កម្សាន្ដ​នៅ​ស្ពាន​ឆ្លង​ទន្លេ​ ណាមកាឌីង និង​ គយ​គន់​ជុំវិញ អ្នក​អាច​ប្រទះ​ឃើញ​ទូក​រាង​ដូច​មីស៊ីល​លើ​ដង​ទន្លេ​មិនខាន​។

តាមពិត​ វាមិន​មែន​ជា​មីស៊ីល​អីទេ តែ​រូប​ភាព​របស់​វា​ ពិត​ជា​ធ្វើ​ឲ្យ​ច្រឡំ​មែន​ សម្រាប់​អ្នក​ធ្លាប់​រស់​ក្នុង​សម័យ​គ្រាប់​ផ្លោង​ B-52 របស់​អាមេរិក​ ដែល​ត្រូវបាន​ទម្លាក់​ជ្រំ​សុះ​ដី​លើ​តំបន់​ជា​ច្រើន​ក្នុង​ទសវត្សរ៍​ ៦០ និង ៧០ នៃ​សម័យ​សង្គ្រាម​វៀតណាម​។

ដែក​គ្រាប់​ផ្លោង​គុណ​ភាព​ខ្ពស់​ទាំង​នេះ​ហាក់​មិន​ត្រូវ​បាន​ព្រងើយ​កន្តើយ​នោះ​ទេ ហើយ​អ្នក​ភូមិ​ ថាបាក់ ចាប់​ផ្ដើម​កែច្នៃ​គ្រឿង​សព្វាវុធ​ទាំង​នេះ​ទៅ​ជា​ទូក​ ដែល​អាច​ប្រើ​ប្រាស់​យូរ​អង្វែង​។

កុំ​ភ្លេច​ភ្លក្ស​រសជាតិ​ទូក​គ្រាប់​បែក​ ដោយ​ការ​ជួល​ទូក​ជិះ​កម្សាន្ដ​ឲ្យ​សោះ​។

ភាគ​ពាយព្យ​ ថាបាក់ ជា​ឧទ្យាន​ជាតិ​ជីវចម្រុះ​ណាម​កាឌីន និង​ទន្លេ​ណាម​កាឌីន ជា​ចំណុច​ចេញដំណើរ​ចម្បង​។ ទូក​គ្រាប់​ផ្លោង​នឹងមិន​អាច​មាន​ល្បឿន​លឿន​​ដូចកាល​គ្រា​អាមេរិក​ទម្លាក់​ពីលើ​យន្ដហោះ​ជ្រំ​ពេញ​ទឹក​ពេញ​ដី​នោះ​ទេ តែ​វា​អាច​ផ្ដល់​ការ​កម្សាន្ដ​ និង​លម្ហែ​កាយ​លេង​ៗ​បាន​៕ HR​

ប្រភព Atlas Obscura